ពីនេះ ពីនោះ
អន្តរជាតិ
ក្រុង​ឌូ​បៃ​យក​រថយន្ត​ទំនើប​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​មករ​ត់​តាក់ស៊ី​ដោយ​មិន​គិតថ្លៃ
06, Nov 2014 , 11:00 am        
រូបភាព
ដោយ:
ក្នុងឱកាស​ពិធីបុណ្យ​យានយន្ត​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ត្រូវ​តែ​យក​រថយន្តទំនើបៗ តម្លៃ​ចាប់ពី​ជាង ២៧ ម៉ឺន​ដុល្លារ​ឡើងទៅ មក​បម្រើសេវា​តាក់ស៊ី​ដល់​អតិថិជន ជាពិសេស​ភ្ញៀវទេសចរ ដោយ​មិន​គិតថ្លៃ ។ នេះ​បើ​យោងតាម​គេហទំព័រ futureofdubai ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា រថយន្ត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​មាន គឺមាន​រថយន្ត​ម៉ាកល្បីៗ និង​ទំនើប​ជាច្រើន​គ្រឿង​ដូចជា Rolls Royce BentleyFerrari Lamborghini និង AMG G Class Limo ជាដើម។ពិធីបុណ្យ​យានយន្ត​នេះ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៩ ខែវិច្ឆិកា ដល់​ថ្ងៃទី៦ ខែធ្នូ ហើយ​សម្រាប់​កម្មវិធី​ផ្ដល់ជូន​សេវា​តាក់ស៊ី​ប្រណិត​នេះ នឹងត្រូវ​ធ្វើ​នៅ​ចុង​សប្ដាហ៍ រយៈពេល ៣ សប្ដាហ៍ គឺ​នៅ​ថ្ងៃទី២១ និង ២២ ថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី ៥ និង៦ ខែធ្នូ។

អ្នករៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹងថា  រថយន្ត​តាក់ស៊ី​ប្រណិត​នេះ នឹង​ផ្តល់ជូន​ដល់​ភ្ញៀវទេសចរ​និង​ប្រជាជន នូវ​បទពិសោធន៍​ថ្មី​មួយ ដើម្បី​បំពេញ​ក្តី​សុ​បិ​ន្ត​មួយ​ដែល​មិន​ដូច​កន្លែងផ្សេងៗ នៅក្នុង​ពិភពលោក​នោះ។

កាលពី​ឆ្នាំមុន ប៉ូលីស​នៅក្នុង​ទីក្រុង​ឌូ​បៃ បានដាក់​ពង្រាយ​រថយន្ត​ប្រដេញទំនើបៗបំផុត សម្រាប់​បំពាក់​ឲ្យ​ប៉ូលីស​នៅក្នុង​ក្រុង ដែលមាន​ដូចជា​ម៉ាក Ferrari Bentley និង Aston Martin និង រថយន្ត Mercedes SLS ជាដើម។ ហើយ​កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត​សង្គ្រោះបន្ទាន់​ដ៏​ទំនើប ត្រូវបាន​គេ​ប្រកាស​ដាក់​ឲ្យ​ប្រើ​នៅក្នុង​ទីក្រុង​នេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com