ជាតិ
ពីនេះ ពីនោះ
ថ្នាក់លើ​ចាប់បង្ខំ​ខ្លាំង មន្ត្រី«រយីក​រយាក»ខ្លះ​ត្រៀមខ្លួន​ឈប់​ពី​ការងារ!
13, Jan 2015 , 8:50 am        
រូបភាព
ដោយ: ថ្មីៗ

យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​ច្រើន​ក្រសួង​របស់​រដ្ឋ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទំនងជាបរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​មន្ត្រី«រយីក​រយាក» ឬ​មន្ត្រី«ខ្មោច»ត្រឡប់​ចូលធ្វើការ​ត្រឹមត្រូវ​ឡើងវិញ​ណាស់។



មូលហេតុ គឺ​ដោយសារ ប្រាក់ខែ​តិច ដោយសារ គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ និង​ដោយសារ ប្រព័ន្ធ​បក្សពួក និង​គ្រួសារនិយម។ បក្សពួក និង​គ្រួសារនិយម​នេះ ធ្វើអោយ​មន្ត្រី​ផ្សេងទៀត​អស់​ទឹកចិត្ត ហើយ​មិន​ចង់​ចូលមក​ធ្វើ​ការងារ​បម្រើ​រដ្ឋ​វិញ​ឡើយ។ នៅពេលដែល​ថ្នាក់លើ​ត្រៀម​ដាក់ទណ្ឌកម្ម មន្ត្រី​មួយចំនួន​ដែលមាន​ការងារ​ខាងក្រៅ​ធ្វើ ត្រៀម​ដាក់​ពាក្យសុំសម្រាក​ពី​ការងារ​រដ្ឋ​ចំនួន២ឆ្នាំ ឬ៤ឆ្នាំ​តែម្តង។

ប្រសិនបើ​ថ្នាក់លើ​ចាប់បង្ខំ​ខ្លាំង​មែនទែន  មន្ត្រី​ថ្នាក់ក្រោម​សុំ​ឈប់​ធ្វើការ​តែម្តង ពីព្រោះ ការងារ​កន្លងមក ពួកគេ​ធ្វើ«លេង»ៗ ដើម្បី​ចាំ​ទទួលបាន​តំណែង និង​បុណ្យស័ក្តិ​នៅ​ថ្ងៃ​ណាមួយ​តែប៉ុណ្ណោះ។ បើ​មិនបាន​បុណ្យស័ក្តិ ឬ​ប្រាក់ខែ​ច្រើន​ទេ ពួកគេ​ឈប់​ថ្ងៃ​ណា​ក៏បាន​ដែរ ពីព្រោះ ពួកគេ​មានការ​ងារ​ខាងក្រៅ​ធ្វើ។

តើ​រដ្ឋាភិបាល​គួរ​ទុកអោយ«ជំងឺ​មន្ត្រីរាជការ»នៅ​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ឬ?

ចម្លើយ​របស់​អ្នកវិភាគ​សង្គម គឺថា រដ្ឋាភិបាល​ត្រូវ​វះកាត់ និង​កាត់បន្ថយ​មន្ត្រីរាជការ​ដែល​អត់​ប្រយោជន៍​ចោល​តែម្តង។ មន្ត្រី​ដែលមាន​តែ​ឈ្មោះ អត់​មក​ធ្វើការ ឬ​មន្ត្រី​ដែល​មិន​មកធ្វើការ​ជាប្រចាំ ត្រូវតែ​ដកចេញ​ពី​បញ្ជី​របស់​រដ្ឋ​ដើម្បី​ចៀសវាង​ការខាតបង់​ថវិកា​របស់​រដ្ឋ៕




© រក្សាសិទ្ធិដោយ thmeythmey.com