ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវវ័យភាគច្រើនចង់រកលុយរៀបការដោយខ្លួនឯងព្រោះចង់បានឯករាជ្យ
× យុវវ័យបច្ចុប្បន្នភាគច្រើនចង់មានឯករាជ្យផ្នែកហិរញ្ញវត្ថុបង្កើតគ្រួសារនិងយកលុយផ្ទាល់ខ្លួនមករៀបចំអាពាហ៍ពិពាហ៍របស់ខ្លួន។ពួកគេមិនចង់ពឹងកម្លាំងញើសឈាមរបស់ឪពុកម្តាយទៀតឡើយ។
«ឪពុកម្តាយខំចិញ្ចឹមយើងជាង២០ឆ្នាំហើយហើយបើយកលុយគាត់ទៅការប្រពន្ធទៀតវារឹតតែមិនសម»។នេះជាការលើកឡើងរបស់យុវជននិស្ស័យ។និស្ស័យជានិស្សិតនៃវិទ្យាស្ថានភាសាបរទេសនិងជាបុគ្គលិកក្រុមហ៊ុនមួយបានបន្ថែមថា៖«ខ្ញុំចង់រៀបការដោយប្រើប្រាស់លុយផ្ទាល់ខ្លួន។ខ្ញុំក៏មានការងារធ្វើហើយប្រាក់ខែក៏បានសមរម្យទៀតដូច្នេះខ្ញុំសុខចិត្តធ្វើការសន្សំលុយខ្លួនឯងដើម្បីរៀបការ។ ខ្ញុំមិនចង់ឲ្យឪពុកគាត់ពិបាកដោយគ្រាន់តែខ្ញុំយកប្រពន្ធនោះទេ»។
យុវជនវ័យ២៤ឆ្នាំរូបនេះក៏បានទទួលស្គាល់ដែរថាការសន្សំលុយការប្រពន្ធដោយខ្លួនឯងវាជារឿងពិបាកនិងត្រូវចំណាយពេលវេលាយូរ។ ប៉ុន្តែយុវជនដែលនិយាយខ្មែរលាយភាសាអង់គ្លេសរូបនេះបញ្ជាក់ថាប្រសិនជាខ្លួនមិនទាន់មានលុយគ្រប់គ្រាន់សម្រាប់រៀបការនិងផ្គត់ផ្គង់គ្រួសារទេនោះរូបគេក៏មិនទាន់គិតពីរឿងរៀបការនោះដែរ។អ្វីដែលខ្ញុំគិតនាពេលបច្ចុប្បន្នគឺការងារនិងការសិក្សារបស់ខ្ញុំពីព្រោះគោលដៅសិក្សារបស់ខ្ញុំនៅវែងឆ្ងាយតទៅទៀត»។
ការយកថវិការបស់គ្រួសារមកចំណាយសម្រាប់ការរៀបការរបស់ខ្លួនក៏មិនអាចទៅរួចដែរសម្រាប់យុវជន ភារិទ្ធ។ភារិទ្ធដែលជាអតីតនិស្សិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចបានលើកឡើងថា៖«អាពាហ៍ពិពាហ៍មិនមែនជារឿងលេងសើចទេសម្រាប់ខ្ញុំទាល់តែខ្ញុំមានការងារធ្វើ មានលុយច្រើន។ហើយខ្ញុំចង់យកលុយខ្លួនឯងមកចាត់ចែងការរៀបការ»។
ឆ្លើយនឹងសំណួរដែលសួរថាហេតុអ្វីបានជាចង់រៀបការដោយប្រើប្រាស់លុយខ្លួនឯង? យុវជនកូនកាត់ចិនវ័យ២៤ឆ្នាំដែលរស់នៅតែជាមួយម្តាយតាំងពីតូចរូបនេះបានតបថា៖« ខ្ញុំមិនចង់ឲ្យក្រុមគ្រួសារមកគិតគូរពីរឿងអនាគតខ្ញុំ ជំនួសខ្ញុំនោះទេ។ខ្ញុំចង់ពឹងខ្លួនឯងជាពិសេសខ្ញុំចង់ជ្រើសរើសមនុស្សដែលត្រូវរស់នៅជាមួយខ្ញុំដោយខ្លួនឯងហើយណាមួយខ្ញុំមិនចង់ឲ្យម្តាយហត់នឿយ និងពិបាកដោយសារខ្ញុំច្រើនជាងនេះទៀតទេ។គាត់តស៊ូចិញ្ចឹមខ្ញុំយូរហើយ»។
ស្រដៀងគ្នានឹងយុវជនទាំង២ដែរយុវជន សុចិត្រក៏បានគិតគូរច្រើនពីរឿងនេះដែរ។សុចិត្រដែលជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនិងដែលធ្លាប់ប្រឡូកច្រើនក្នុងការងារសង្គមបានរៀបរាប់ដោយខ្លីថា៖ «មុននឹងខ្ញុំសំរេចចិត្តរៀបការ លុះណាតែខ្ញុំមានលុយកាក់ច្រើនច្រើនដែលអាចចិញ្ចឹមកូនគេរស់»។និយាយពីរឿងថវិកាសម្រាប់អាពាហ៍ពិពាហ៍វិញយុវជនដែលមានសំនៀងរដឺនមកពីខេត្តសៀមរាបរូបនេះក៏បានឆ្លើយតបទាំងសំណើចដែរថា៖«ខ្ញុំអាចយកលុយឪពុកម្តាយមកបង្គ្រប់ដណ្តឹងគេខ្លះមិនទាំងអស់នោះទេពីព្រោះពេលនេះ ខ្លួនក៏មានលុយសន្សំមួយចំនួនហើយដែរ»។យុវជនរូបនេះបញ្ជាក់ថា៖«បើចាំដល់មានលុយខ្លួនឯងគ្រប់គឺត្រូវរង់ចាំយូរខ្លាចខាងស្រីគេប្តូរចិត្ត»។
បើនិយាយពីរឿងរៀបការ មិនថាតែបុរសនោះទេដែលត្រូវគិតគូររៀបចំផែនការអនាគតជាមុននោះ កញ្ញា រីណា ក៏មានគម្រោងសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួនដែរ។
ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យមួយ កញ្ញា រីណា បានរៀបរាប់ទាំងញញឹមថា៖«ខ្ញុំជាមនុស្សឯករាជ្យ។ សេរីភាពជាចំណុចចម្បងដែលខ្ញុំត្រូវការ។ខ្ញុំចង់ធ្វើអ្វីមួយឲ្យចេញជារូបរាងដោយខ្លួនឯងហើយការដែលរកលុយមករៀបការខ្លួនឯងក៏ដូច្នេះដែរខ្ញុំមិនចង់ពឹងឪពុកម្តាយទេ»។ កញ្ញា រីណា ដែលបានបញ្ចប់ថ្នាក់បរិញាបត្រផ្នែកគណនេយ្យ បានពន្យល់យ៉ាងជឿជាក់យ៉ាងដូច្នេះថា៖«ខ្ញុំនិងដៃគូអាចរកលុយមកចាត់ចែងរឿងរៀបការបានឪពុកម្តាយគ្រាន់តែជួយផ្តល់ជាគំនិតមកពួកខ្ញុំទៅបានហើយចំណែកឯលុយកាក់ទុកខ្ញុំអ្នកចាត់ចែង»។
ថ្វីដ្បិតតែយុវជនភាគច្រើនសុទ្ធតែអះអាងថាពួកគេត្រូវមានការងារធ្វើ អាចរកសន្សំប្រាក់ដោយខ្លួនឯងបាន ដើម្បីចំណាយលើការរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែពួកគេក៏ទទួលស្គាល់ថា នេះជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដែរ។ យ៉ាងហោចណាស់ ពួកគេត្រូវការចំណាយពេលវេលាដើម្បីអាចសន្សំថវិកាបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com