ជាតិ
សង្គមជាតិ
ADB រៀបចំដំណើរទស្សនកិច្ចសិក្សាដើម្បីលើកកម្ពស់តួនាទីយុវជននៅតំបន់GMS
× ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានរៀបចំដំណើរទស្សនកិច្ចសិក្សារយៈពេល១សបា្ដហ៍ដល់តំណាងយុវជនថ្នាក់ជាតិចំនួន៣៦រូប មកពីប្រទេសក្នុងមហាអនុតំបន់មេគង្គ(GMS) ទាំង។អ្នកចូលរួមនៅក្នុងដំណើរទស្សនកិច្ចនេះ នឹងធ្វើដំណើរពីក្រុងJinghongប្រទេសចិន កាត់តាមប្រទេសឡាវ ឆ្ពោះទៅព្រំដែនប្រទេសមីយ៉ាន់ម៉ា និងថៃ និងបន្ទាប់មកទៅទីក្រុងបាងកក ឆ្លងតាមភាគខាងត្បូងប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចសិក្សានេះនឹងអនុញ្ញាតិឲ្យយុវជនបញ្ផូនសាររបស់ពួកគេទៅកាន់កិច្ចប្រជុំកំពូលលើកទី៥ របស់មហាអនុតំបន់មេគង្គ ដែលនឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៩-២០ខែធ្នូខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADBនៅថ្ងៃទី១០ខែធ្នូនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលលោកស្រី Lainie Thomasអ្នកឯកទេសផ្នែកសង្គមស៊ីវិល របស់ ADB មានប្រសាសន៍ថា៖«ដំណើរទស្សនកិច្ចនេះ គឺជាវេទិកាមួយសម្រាប់ឱ្យអ្នកចូលរួមរៀបចំសារ ដែលពួកគេចង់ផ្ដល់ដល់កិច្ចប្រជុំកំពូលរបស់មហាអនុតំបន់មេគង្គ»។ លោកស្រី Lainie Thomasបន្តថា៖«ខ្លឹមសាររបស់សារនេះ គឺអាស្រ័យលើពួកគេ ប៉ុន្ដែសារនេះទំនងជានឹងរំលេចឱ្យឃើញពីសារៈសំខាន់នៃការទទួលស្គាល់ការរួមចំណែករបស់យុវជន ចំពោះអនាគតរបស់មហាអនុតំបន់មេគង្គ និងបញ្ហាប្រឈម ដែលពួកគេជួបប្រទះនៅក្នុងការផ្ដល់ការរួមចំណែកនេះ»។
សេចក្តីប្រកាសព័ត៌មានបន្តថាកិច្ចប្រជុំកំពូលរបស់មហាអនុតំបន់មេគង្គ គឺជាវេទិកាកម្រិតខ្ពស់បំផុតនៃកម្មវិធីសហប្រតិបត្ដិការ សេដ្ឋកិច្ចរបស់មហាអនុតំបន់មេគង្គ និងជួយកំណត់ពីរបៀបវារៈទូលំទូលាយរបស់កម្មវិធីនេះ រហូតដល់កិច្ចប្រជុំបន្ទាប់ ដែលនឹងរៀបចំឡើងក្នុងរយៈពេល៣ឆ្នាំម្តង។
កម្មវិធីសហប្រតិបត្ដិការសេដ្ឋកិច្ចរបស់មហាអនុតំបន់មេគង្គ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ដោយមានការចូលរួមពីប្រទេសចំនួន៦ក្នុងអនុតំបន់មេគង្គ និងមានADBជាលេខាធិការដ្ឋាននិងបានកៀងគរហិរញ្ញប្បទាន១៦ពាន់លានដុល្លារ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជិត៧០គម្រោង។កម្មវិធីនេះបង្កើតឡើងដើម្បីជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងវិបុលភាពរួមគ្នា តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ផកម្ម ទេសចរណ៍ឆ្លងដែន ការបង្កើនការចូលរួមរបស់វិស័យឯកជន ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់ធនធានធម្មជាតិរួមប្រកបដោយនិរន្ដរភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com