ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​ខុសច្បាប់​៣​នាក់​ស្លាប់​នៅ​ប្រទេស​ថៃ​
12, Dec 2014 , 8:50 am        
រូបភាព
ដោយ:
មាន​ពលករ​ខ្មែរ​ខុសច្បាប់​៣​នាក់​បាន​ស្លាប់​ដោយ​ឧប្បត្តិហេតុផ្សេងៗ​នៅ​ក្នុងប្រទេស​ថៃកាលពីពេលថ្មីៗនេះ។ នេះបើតាម​សេចក្តីជូនដំណឹងរបស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង​ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ។ អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា សព​របស់​ពលករ​ខ្មែរ​ទាំង៣​ ត្រូវបាន​បញ្ជូន​មកដល់​ច្រក​ព្រំដែន​ប៉ោយប៉ែត​​នៅ​ថ្ងៃទី​១០​ខែធ្នូដូចគ្នា។


ជនរងគ្រោះទី១ ឈ្មោះ បេ សាន អាយុ​២២​ឆ្នាំ ជា​ពលករ​ខុសច្បាប់​មកពី​ខេត្តកំពង់ធំ ត្រូវបាន​ពលករ​ខ្មែរ​ដូចគ្នា​ចាក់សម្លាប់​នៅ​ខេត្ត​ភិតបុរី​ កាលពី​ថ្ងៃទី​៦​ធ្នូ។ ជនល្មើសត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​ថៃ​ហើយ។

ជនរងគ្រោះទី២ ឈ្មោះ វិត លៀម អាយុ​១៩​ឆ្នាំ មកពី​ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​ស្លាប់​ដោយរអិលជើង​ធ្លាក់ពីលើអគារ​កំពុងសាងសង់​នៅ​ក្នុង​ខេត្ត​ នុនថាបុរី កាលពីថ្ងៃអង្គារ។ មន្ត្រី​ក្រសួងការបរទេស​កម្ពុជាបាន​បញ្ជាក់ថា ថៅកែសំណង់បាន​ឧបត្ថម្ភ​ថវិកា៤ម៉ឺន​បាត​ដើម្បីអោយគ្រួសារ​ធ្វើ​បុណ្យ​សព​។

ចំណែកឯ​ជនរងគ្រោះទី​៣ មានឈ្មោះ ពួក ម៉ាប់ អាយុ​២០​ឆ្នាំ មកពីស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ គឺ​ជាកម្មករ​សំណង់ នៅ​ខេត្ត​ប្រាធំថានី ហើយបាន​ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍​កាលពី​ថ្ងៃទី​៩​ធ្នូ។ សម្រាប់ជនរងគ្រោះ​ម្នាក់នេះ ថៅកែសំណង់​ក៏បាន​ផ្តល់ការ​ឧបត្ថម្ភ​ចំនួន​៦៥០០០បាត ដើម្បី​ចូលរួម​ធ្វើបុណ្យ​សព​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com