ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
Selfie or not? បង្ហោះ​រូប​ខ្លួនឯង ឬ​អត់? មូលហេតុ​អ្វី?
12, Dec 2014 , 2:00 pm        
រូបភាព
ភ្នំពេញ៖ ចាប់តាំងពី​មាន​វត្តមាន​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​កនៅ​ក្នុងប្រទេស​កម្ពុជា​ម​ក ព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​មួយ​នេះ។ ជីវិត​ឯកជន ជីវិត​នយោបាយ អត្ថាធិប្បាយ​លេងសើច អត្ថាធិប្បាយ​អប់រំ អត្ថាធិប្បាយ​បែប​នយោបាយ ត្រូវបាន​គេ​ដាក់​នៅក្នុង​បណ្តាញ​សង្គម។ រូបថត​គ្រប់​ប្រភេទ បែ​បហិង្សា កម្សាន្ត លេងសើច ក៏ត្រូវ​បាន​គេ​បង្ហោះ​ដែរ។ លើសពីនេះទៅទៀត មាន​អ្នកខ្លះ​ចូលចិត្ត​បង្ហោះ​រូប​ខ្លួនឯង តែ​អ្នក​ខ្លះទៀត មិន​ចូលចិត្ត​ទេ។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី?



អ្នកស្រី កង កល្យាណ អ្នក​ផលិត​កម្មវិធី​ប្រចាំ​ទូរទស្សន៍ C T N ដែល​ចូលចិត្ត​បង្ហោះ​រូប​ខ្លួនឯង​ញឹកញាប់​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក បាន​និយាយថា ការ​បង្ហោះ​រូបភាពស្អាតៗ ធ្វើអោយ​អ្នកស្រី​មាន​អារម្មណ៍​សប្បាយចិត្ត និង​កាត់ផ្តាច់​ពី​ជីវិត​ការងារ​បន្តិច។ «ខ្ញុំ​រឹតតែ​សប្បាយចិត្ត​បន្ថែមទៀត នៅពេល​មាន​គេ​ចុច Like និង Comment ច្រើន។ គេ​ចុច Like និង Comment ច្រើន​មានន័យថា យើង​មាន​អ្នក​ចូលចិត្ត និង​អ្នក​ស្គាល់​ច្រើន។ និយាយ​តាម​ត្រង់​ទៅ បើ​គេ Comment មិនល្អ​ក៏​មិនសូវ​សប្បាយចិត្ត​ដែរ»។

អ្នកស្រី កល្យាណ ដែល​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​តាំងពី​ឆ្នាំ២០០៧មក បាន​និយាយថា រូប​ខ្លះ​របស់​អ្នកស្រី​បានធ្វើអោយ​អ្នក​ស្គាល់គ្នា​ចុច Like រហូតដល់​ទៅ៥០០ Like ក៏មានដែរ។ អ្នកស្រី កង កល្យាណ បាន​បន្ត​អោយដឹងទៀតថា ជីវិត​ការងារ​វា​ពោរពេញ​ទៅដោយ​ភាព​ហ្មត់ចត់​ទៅហើយ ដូច្នេះ ក្រោយពី​ការងារ អ្នកស្រី​ចង់​មាន​អារម្មណ៍«ជា​យុវវ័យ»ខ្លះ​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក។ «ពេល​លេង​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​មាន​អារម្មណ៍​ថា យុវភាព​បាន​វិលត្រឡប់​មកវិញ»។ នេះ​គឺជា​បញ្ជាក់បន្ថែម​របស់​អ្នកស្រី កល្យាណ ដែលមាន​អាយុ៣២ឆ្នាំ នៅ​ឆ្នាំ២០១៤នេះ។

កញ្ញា សុជាតា ម្នាក់ទៀត​ដែល​កំពុងធ្វើការ​ងារ​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ដូច​អ្នកស្រី កល្យាណ ដែរ​ថា ការ​បង្ហោះ​រូប​ខ្លួនឯង ធ្វើអោយ​កញ្ញា​សប្បាយចិត្ត រំភើប និង​បាត់​កង្វល់។ តែបើ​បង្ហោះ​ហើយ មិនសូវមាន​អ្នក​ចុច Like កញ្ញា​មិនសូវ​សប្បាយចិត្ត​ទេ។ «បើ​គេ​ចុច Like ច្រើន ខ្ញុំ​សប្បាយចិត្ត»។ នេះ​គឺជា​ការបន្ថែម​របស់​ក​ញ្ញា សុជាតា។

អ្នក​ចូលចិត្ត​បង្ហោះ​រូប​ខ្លួនឯង​ផ្សេងទៀត បាន​អត្ថាធិប្បាយ​ថា ការ​បង្ហោះ​រូបភាព គឺ​ដោយសារ​ពួកគេ​ចង់អោយ​អ្នកផ្សេង​ដឹងថា តើ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​អ្វី? ពួកគេ​នៅទីណា? តើ​ការថត​បង្ហោះ​ខ្លួនឯង មិនមែន​ជាការ​បង្អួត​ទេ​ឬ? អ្នក​ថតរូប​ខ្លួនឯងបាន​ឆ្លើយតប​មកវិញ​ថា នេះ​វា​មិនមែនជា​ការថត​បង្អួត​ទេ តែ​ជា​ការថត​បង្ហោះ​បែប​កម្សាន្ត​ប៉ុណ្ណោះ។

មាន​មែន​អ្នក​ចូលចិត្ត​ថត​បង្ហោះ​រូប​ខ្លួនឯង ឬ​អ្នក Selfie។ ប៉ុន្តែ អ្នក​ខ្លះទៀត មិន​ចូលចិត្ត​បង្ហោះ​រូប​ខ្លួនឯង ឬ Selfie អ្វី​ឡើយ។ «ខ្ញុំ​មិនដែល​ថតរូប​ខ្លួនឯង ហើយ​បង្ហោះ​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ទេ។ អត់​ចូលចិត្ត។ អ្នក​ចូលចិត្ត​ថត ហើយ​បង្ហោះ​រូប​ខ្លួនឯង ប្រហែលជា​ចង់បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់គេ​ហើយ​មើលទៅ»។ នេះ​គឺជា​ការអត្ថាធិប្បាយ​រប​ស់លោក សុ​វណ្ណា អាយុ​ជាង២០ឆ្នាំ កំពុង​បម្រើ​ការអោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ លោក សុ​វណ្ណា បាន​បន្តទៀតថា លោក​បង្ហោះ​សកម្មភាព​ការងារ​ច្រើនជាង​រូប​ខ្លួនឯង។លោក​មិន​បង្ហោះ ដោយសារ​រូបរាង​លោក​មិន​សង្ហា​ទេ​ឬ? លោក សុ​វណ្ណា បាន​ឆ្លើ​ប​តប​មកវិញ​ថា «មិនមែន​អ៊ីចឹង​ទេ»។
ដៃ​កាន់​ទូរ​សព្ទ​រវល់​ចុច​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​គ្រប់ពេល យុវជន បូរ៉ា អាយុ​ជិត២០ឆ្នាំ​បាន​និយាយថា គាត់​ចូលចិត្ត​លេង ឬ​តាមដាន​ព័ត៌មាន​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែរ។ តែ​លោក​មិន​ចូលចិត្ត​អ្នក​បង្ហោះ​រូប​ខ្លួនឯង​នោះទេ។

«Selfie ឬ​បង្ហោះ​រូប​ខ្លួនឯង គឺ​គ្មាន​ន័យ​អ្វី​ទេ។ ខ្ញុំ​អត់​ចូលចិត្ត​ទាល់តែសោះ។ ខ្ញុំ​អាច​បង្ហោះ​រូប​ទេសភាព ឬ​រូបអ្វីៗផ្សេង​ពី​រូបខ្ញុំ វា​ប្រសើរ​ជាង»។ នេះ​គឺជា​បញ្ជាក់​របស់​យុវជន បូរ៉ា។ យុវជន​រូបនេះ បន្ថែមទៀតថា លោក​មិន​ចូលចិត្ត​ទាល់តែសោះ អ្នកណា​ដែល Selfie ហើយ បង្ហោះ​រូប​ខ្លួនឯង​ជា​រៀងរហូត​នោះ។

មាន​ទស្សនៈ​ពីរ​ផ្សេងគ្នា​ជុំវិញ​ការថតរូប​បង្ហោះ​ខ្លួន​ខាងលើនេះ។ មតិ​ទី១ថា ការ​បង្ហោះ​រូប​ខ្លួនឯង​ច្រើនពេក​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​អាចធ្វើអោយ​បាត់បង់​តម្លៃ​ខ្លួនឯង ពីព្រោះ​ជីវិត​ឯកជន​មួយចំនួន​គួរ​ត្រូវបាន​លាក់បាំង។ តែ​មតិ​ទី២វិញ​ថា ការ​បង្ហោះ​រូបភាព​ខ្លួនឯង​វារឹតតែ​ធ្វើអោយ​មនុស្ស​កាន់តែច្រើន​ស្គាល់​ទៅវិញ ហើយ​វា គឺជា​សកម្មភាព​កម្សាន្ត​អារម្មណ៍​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com