ជាតិ
សង្គមជាតិ
WWF បដិសេធកិច្ចប្រជុំនៅឡាវដោយសារគ្មានអ្នកអើពើពីជីវិតប្រជាជន និងផ្សោតមេគង្គ
× អង្គការ WWF មិនបានចូលរួមនៅក្នុងការពិគ្រោះយោបល់ជាសាធារណៈថ្នាក់តំបន់ របស់គណៈកម្មការទន្លេមេគង្គ (MRC) នៅប្រទេសឡាវ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១២ខែធ្នូនេះទេ។ មិនទៅចូលរួម ដោយសារតែការបរាជ័យទៅលើដំណើរការដែលមិនអើពើពីភ័ស្តតាងដែលបញ្ជាក់ថា ទំនប់វារីអគ្គីសនី ដន សាហុង មានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនកម្ពុជា សន្តិសុខស្បៀង និងចំនួនសត្វផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះថ្នាក់ជិត ផុតពូជ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF។
លោក សេង ទៀក នាយកផ្នែកអភិរក្សអង្គការ WWF ប្រចាំមហាតំបន់មេគង្គ បានមានលើកឡើងថា “ដោយសារតែគ្មានការបញ្ជាក់ច្បាស់លាស់ពីគណៈកម្មការទន្លេមេគង្គ ពីវិសាលភាព និងលទ្ធផលដែលរំពឹងទុកពីដំណើរការពិគ្រោះយោបល់ ហើយវាក៏បានបង្ហាញរួចទៅហើយថាគម្រោងទំនប់វារីអគ្គីសនី នោះកំពុងត្រូវបានសាង់សង់ ដូច្នេះ យើងឃើញផលប្រយោជន៍តិចតួចណាស់ក្នុងការ ចូលរួមការពិគ្រោះយោបល់នោះ” ។ លោកបន្តថា “ដូច្នេះហើយបើយើងចូលរួមក្នុងការពិគ្រោះយោបល់នេះ គឺគ្រាន់តែជាការបង្គ្រប់ន័យទៅលើដំណើរការបរាជ័យហើយធ្វើឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខស្បៀង ការចិញ្ចឹមជីវិត របស់ប្រជាជន ជាពិសេសគឺសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្រនិងជិតផុតពូជនៅក្នុងពិភពលោក។
ទំនប់វារីអគ្គិសនី ដន សាហុង ដែលមានថាមពល២៦០មេហ្កាវ៉ាត់ គឺជាគម្រោងទំនប់វារីអគ្គិសនីមួយក្នុងចំណោមគម្រោងទំនប់ចំនួន១២ ដែលកំពុងគ្រោងធ្វើនៅលើតំបន់មេគង្គក្រោម។ មានចម្ងាយ១ គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសឡាវ-កម្ពុជា ក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ទំនប់វារីអគ្គិសនី ដន សាហុង នឹងត្រូវសាងសង់ឡើងដោយ ក្រុមហ៊ុនវិស្វកម្ម និងវិនិយោគមួយរបស់ម៉ាឡេស៊ីឈ្នោះថា Mega First Corporation Berhad (MFCB)។ ទំនប់វារីអគ្គីសនីនេះ នឹងបិទច្រកទឹក ហ៊ួ សាហុង ដែលជាច្រកតែមួយគត់សម្រាប់ចរាចរត្រីនារដូវប្រាំងនៅលើដងទន្លេមេគង្គ ដែលជាហេតុធ្វើឲ្យដែលជាជំរកត្រីដ៏ធំ បំផុតរបស់ពិភពលោក ប្រឈមមុខនឹងហានិភ័យ។
សេចក្តីប្រកាសព័ត៌មាន ពីក្រុងបាងកកប្រទេសថៃ បង្ហាញថាក្រុមអ្នកសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងបំបែកថ្មរាប់លានតោនដោយប្រើរំសេវផ្ទុះ ហើយនឹងបង្កើតជារលកសម្លេងខ្លាំងដែលនឹងអាចសម្លាប់សត្វផ្សោត ដែលរស់នៅក្នុងចម្ងាយតែពីរម៉ាយប៉ុណ្ណោះពីទីតាំងសាងសង់។ ប្រព័ន្ធសម្លេងរបស់សត្វផ្សោតទន្លេមេគង្គទាំងនោះងាយនឹងប្រឈមនឹងការរំខានណាស់។ បន្ថែមពីនេះទៀត បើសិនជាទំនប់វារីអគ្គីសនីនេះនឹងបន្ត វានឹងធ្វើឲ្យកើនឡើងនូវចរាចរទូកនៅក្នុង ទន្លេមេគង្គផ្លាស់ប្តូរគុណភាពទឹក និងបំផ្លាញទីជម្រកត្រី។ កាលពី ខែ កញ្ញា កន្លងទៅ ប្រជាជនជាង២សែន៧ម៉ឺននាក់ នៅជុំវិញពិភពលោក បានដាក់ញត្តិទៅកាន់ក្រុមហ៊ុនមេហ្គាហ្វើស ឲ្យបញ្ឈប់គម្រោង សាងសង់ទំនប់វារីអគ្គីសនីនេះ។
អង្គការ WWF មានការព្រួយបារម្ភថាទំនប់ ដនសាហុង នឹងមានលំនាំដូចទំនប់លើកមុនមួយទៀតស្ថិត នៅប្រទេសឡាវដដែល គឺគម្រោងទំនប់វារីអគ្គិសនី ហ្សាយ៉ាប៊ូរី។ បច្ចុប្បន្នទំនប់ហ្សាយ៉ាប៊ូរី នៅលើដងទន្លេមេគង្គតែមួយគត់ ដែលបានអនុវត្តដំណើរការនីតិវិធី សម្រាប់ការជូនដំណឹងការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNCPA)។ ក្នុងករណីនោះ ប្រទេសទាំងបួនបានបរាជ័យក្នុងការឈានដល់ ការព្រមព្រៀងមតិ ព្រោះគម្រោងទំនប់វារីអគ្គីសនីនេះកំពុងវិវត្តន៍ទៅមុខយ៉ាងលឿនផ្ទុយនឹងយោបល់របស់ ប្រទេសស្ថិតនៅទន្លេមេគង្គក្រោមដែលនឹងត្រូវទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ប្រធានផ្នែកគ្រប់គ្រងវារីអគ្គិសនី និងអាងទន្លេប្រកបដោយនិរន្តរភាពនៃអង្គការWWF ប្រចាំមហាតំបន់មេគង្គ លោក Marc Goichot បានមានប្រសាសន៍ថា៖«បណ្តាប្រទេសជាប់ទន្លេមេគង្គមានបញ្ហា ប្រឈមច្បាស់នៅចំពោះមុខ»។ លោក បន្តថា៖«យើងមានជម្រើសថាត្រូវស្តារភាពអាចជឿជាក់បាននៃដំណើរការរបស់គណៈកម្មការទន្លេមេគង្គ និងគោរពស្តង់ដារអភិវឌ្ឍទំនប់ដែលត្រូវបានទទួលយកជាអន្តរជាតិ ឬក៏ទុកជោគវាសនារបស់ទន្លេនៅក្នុង កណ្តាប់ដៃរបស់ក្រុមហ៊ុនដែលគ្មានទំនួលខុសត្រូវ។ ការព្រងើយកន្តើយនឹងបញ្ហានេះអាចបង្កការខូចខាតដែលមិនអាចស្តារឡើងវិញបានចំពោះសន្តិសុខស្បៀង ក្នុងតំបន់ និងការផុតពូជទាំងស្រុងនៃសត្វផ្សោតទន្លេមេគង្គ»៕
© រក្សាសិទ្ធិដោយ thmeythmey.com