តើ​ចាក់ទឹក​លើ​ក្បាល​ទា មាន​ន័យ​ដូចម្តេច?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
តើ​ចាក់ទឹក​លើ​ក្បាល​ទា មាន​ន័យ​ដូចម្តេច?
14, Dec 2014 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ
គេហទំព័រ​ថ្មីៗ សូម​ចុះផ្សាយទាំងស្រុង​ការបកស្រាយ​របស់​ អ្នកស្រី កែវ ច័ន្ទបូរណ៍ អ្នកនិពន្ធ​ជើងចាស់​របស់កម្ពុជា ទាក់ទង​នឹងអត្ថន័យ «ចាក់ទឹក​លើ​ក្បាលទា»។



យើង​ធ្លាប់​ឮពាក្យចាស់ៗ រមែង​ដៀល​កូនចៅ ដែល​មិន​ស្តាប់​ដំបូន្មាន​លោក ប្រដូច​ទៅនឹង សត្វ​ទា ដែល​គេ​ចាក់ទឹក​លើ​ក្បាល រអិល​បាត់អស់ មិន​ជាប់​មិន​ជោគ​ខ្លួន។ ក្រោយមក សង្គម​យើង បាន​ត្រង​យកពាក្យ​ទាំងនេះ ទៅប្រើ​គ្រប់កន្លែង ពេលណា​គេ​និយាយ​អ្វី គ្មាន​នរណា​យក​ត្រចៀក​ស្តាប់ ហើយក៏​តាំង​ប្រដូច មនុស្ស​ដែល​មិន​ស្តាប់​ខ្លួន ទៅនឹង​សត្វ​ទា​ជា​ទម្លាប់​រៀងមក។ ថ្ងៃនេះ ខ្ញុំ​សូម​ផ្ញើជូន នូវ​គំហើញ​ផ្សេងទៀត អំពី​តម្លៃ​សត្វ​ទា ដែល​គេ​ច្រើន​រំលង មើលមិនឃើញ សម្រាប់​ប្រិយមិត្ត​អ្នកអាន យកទៅ​ពិចារណា គិត​សាជាថ្មី ៖

១- សត្វ​ទា​មាន​ស្លាប​វេទមន្ត មិន​ទទួល​ការ​ជះ​ទឹក ពីលើ​ក្បាល អោយ​ជោគ​ខ្លួន​ស្លាប់ងាយៗ ដោយ​គ្មាន​ពេល​រើបម្រះ។ អ្វីដែល​ទា​សំណាង​បំផុត​នោះ គឺ​ទា​ខ្លះ អាច​ហោះ​គេច​ផុតពី​គ្រោះ បើសិន​ទឹក​ដែល​គេ​ជះ​ដាក់​នោះ ជា​ទឹកលូ ទឹក​ថ្នាំពុល ឬ​ជា​ប្រេង​ឆៅ ជាដើម។ ដូច្នេះ ទា​អាច​មានឱកាស​ពិចារណា ថា​តើ គួរ​ទទួលយក​ទឹក​ជះ​នោះ ថា​ជា​ទឹក​សួន​កំសាន្ត អោយ​រីករាយ​សប្បាយ ឬ ក៏​ជា​ទឹក​ពុល ដែល​គួរតែ​ហោះ​គេច​អោយ​ឆ្ងាយ។

២- ទា​ខ្លះ ជា​ពូជ​ដែល​ស្គាល់ ដំណើរ​ខ្យល់​ត្រជាក់​ក្តៅ​តាម​រដូវ អាចបង្កើត​ហ្វូង មាន​មេកោយ ហោះហើរ​នាំមុខ ហ្វូង​ទា​របស់ខ្លួន ជា​ជួរ​យ៉ាង​ស្អាត នៅលើ​អាកាស ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី ស្វែងរក​មណ្ឌល​ដែល​ផ្តល់​ចំណី និង​សេចក្តីសុខ ដល់​ពល​ដែល​ហោះ​តាម​ពីក្រោយ។ ហ្វូង​ទា​ទាំងនេះ មានការ​រស់នៅ មាន​របៀបរៀបរយ ចេះ​ទទួល​មុខនាទី ការទទួលខុសត្រូវ និង ទំនុកចិត្ត ចំពោះ​មេកោយ ដែល​ហោះ​នាំមុខ ហ្វូង​ទា​របស់ខ្លួន ធ្វើដំណើរ​ឆ្ពោះទៅរក សេចក្តីសុខ​រួម​ជុំគ្នា ប្រសើរ​ជាង​ក្រុមមនុស្ស​ខ្លះ ដែល​វង្វេង​ភ័​ន្ទ ពុំ​ស្គាល់​មុខនាទី​របស់ខ្លួន ថា​មាន​ជំហរ ជា​មេ ឬ ជា​ពល នោះឡើយ។

៣- គំនិត​ជ្រុង​ផ្សេងទៀត អំពី អំនួត​សត្វ​ទា ចំពោះ​មនុស្ស ៖ ទាខ្វៃ ជា​ទា​ស្លាប់ តែ​លក់បាន​ថ្លៃ មាន​ប្រជាប្រិយភាព​ក្នុង​ទីផ្សារ។ ទាខ្វៃៗ មានន័យថា ទា​នៅរស់ ដូច្នេះ ទា​នៅមាន​ស្លាប​ឬ​ទ្ធិ មិន​ទទួល​ទឹកលូ ហើយ អាច​ហោះហើរ​លើ​មេឃ​បាន ខ្ពស់ជាង​មនុស្ស​ខ្លះ ដែល​លោត​កំពស់ បាន​ត្រឹម​ម៉ា​គក់​ពីរ​គក់។

៤- រីឯ​ការ​ជះ​ទឹក​លើ​ក្បាល​ទា​វិញ តើ​យើង​មាន​ពិចារណា កត់សំគាល់​ខ្លួន​យើង ជាមុន​ទេ ថា​ទឹក​ដែល​យើង​ដង យកទៅ​ជះ លើ​ក្បាល​ទា​នោះ ជា​ទឹក​ពុះ ទឹកលូ ទឹកកក ទឺ​ក​ជ្រាំ ទឹក​ពុល ឬ ទឹកចិត្ត? ក្នុងចំណោម​ទឹក​ទាំងនេះ មានតែ​ទឹកចិត្ត​ទេ ដែលមាន​ឥទ្ធិពល​ជាងគេ ជាពិសេស គឺ​ទឹកចិត្ត​ស្រឡាញ់។ ដូច្នេះ តើ​យើង​មាន​ពិចារណា​ដែរ​ទេ ថា​តើ ទឹកចិត្ត​យើង​នោះ ប្រកបដោយ​សេចក្តីស្រឡាញ់ សេចក្តី​ស្អប់ ច្រណែន គុំ​គួ​ន ឬ ឃ្នាន់ខ្នាញ់ ចង់​ចាញ់​ចង់​ឈ្នះ ឬ យ៉ាងណា? ប៉ុន្តែ បើជា​ទឹកចិត្ត​ស្រឡាញ់​វិញ នោះ​យើង​គួរ​បង្ហាញ​ចេញមក នូវ​ចេតនា​ល្អ ក្នុង​ដួងចិត្ត​សន្តិ និង​ការយោគយល់​អធ្យាស្រ័យ ប្រកបដោយ ពាក្យពេចន៍​ប្រសើរ សម្រាប់​លើកទឹកចិត្ត​ហ្វូង​ទា អោយ​ខិតខំ​សាមគ្គី ធ្វើ​ការងារ កាន់តែ​ប្រសើរ​ជាង​មុន ជាជាង ការ​ដៀលត្មះ បង្អាប់បង្អោន អោយ​កាន់តែ​ល្អក់​អាប់អួរ គ្មាន​រាសី។

៥- ការបន្តុះ​បង្អាប់​អ្នកដទៃ ដោយ​ប្រៀបធៀប​ទៅ​ហ្នឹង​សត្វ មិនមែនជា​ដំណើរ​ប្រព្រឹត្ត​របស់​អ្នកប្រាជ្ញ ប្រកបដោយ​បញ្ញា ជាពិសេស អ្នកប្រាជ្ញ​បច្ចុប្បន្ននេះ។ ការឈាន​បែរក្រោយ ទៅ​មើល​សកម្មភាព ខ្វះខាត​របស់​សត្វ នឹងធ្វើ​អោយ​យើង ភ្លេចខ្លួន មិន​ធ្វើដំណើរ​បញ្ចេញ​សកម្មភាព ក្នុង​ភាពជា​មនុស្ស ដែល​ប្រកបដោយ បញ្ញា​អច្ឆរិយៈ អាចធ្វើ​ដែក​អោយ​ហោះ ធ្វើ​ដែក​ចាប់​ជ័រ អោយមើល​ឃើញ ចេញ​រូប ឮ​សម្លេង អាចអោយ​មនុស្ស និយាយ​គ្នា​ឆ្លង​ទ្វីប​បាន ដោយ​មិនចាំបាច់ ទូងស្គរ​ហៅ​ទេវតា​មកជួយ៑។ បើ​យើង​ចង់ឃើញ មនុស្ស​បង្ក​អច្ឆរិយ​ភាព អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន ពី​សក្តិភូមិ​អំណាច​ផ្តាច់ការ ទៅ​ប្រជាធិបតេយ្យ​សេរី សូមជួយ​ជម្រុញ ជ្រោមជ្រែង និង បណ្តុះបណ្តាល​អច្ឆរិយ​ភាព ដែល​មនុស្ស​អាចធ្វើ​បាន ក្នុងឋានៈ ជា​មេកោយ ឬ ជា​ពល តាម​លទ្ធភាព និង សមត្ថភាព​អតិបរមា ដែល​អាចធ្វើ​ទៅបាន។ ខ្លួន​យើង​ម្នាក់ ជា​កម្លាំង​មួយ សម្រាប់​បង្កើន​អច្ឆរិយ​ភាព​នេះ អោយក្លាយ​ជាការ​ពិត នៅ​ប្រទេស​ខ្មែរ។ ការបំផ្លាញ​ទឹកចិត្ត ដោយ​កាយ វាចា ឬ​ទឹកចិត្ត យ៉ាង​អវិជ្ជមាន ជាការ​បំផ្លាញ​ពិភពលោក​ទាំងមូល រួមទាំង ពិភព​ដែល​ដួងចិត្ត​របស់​យើងម្នាក់ៗ កំពុង​ជ្រកកោន​នៅ​នោះ​ផង។

សូម​អរគុណ​លោកអ្នក ដែល​អាន​សំណេរ​របស់ខ្ញុំ!!

ប្រភព Chanbo Keo


© រក្សាសិទ្ធិដោយ thmeythmey.com