ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គរដ្ឋ​ទូតអាមេរិក៖ លោក ចាន់ សុ​វ៉េ​ត បាន​​បន្សល់​​មោទនភាព​​ដល់​​គ្រួសារ និង​​ប្រទេស​ជាតិ​
15, Dec 2014 , 12:35 pm        
រូបភាព
រូបថត៖ Jonh Vink
រូបថត៖ Jonh Vink
ដោយ:
នៅ​ថ្ងៃ​ចន្ទ​ទី១៥នេះ គឺជា​ថ្ងៃបុណ្យ​គោរព​ខួប៧ថ្ងៃ​នៃ​មរណភាព​របស់លោក ចាន់ សុ​វ៉េ​ត មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​ដ៏​ល្បី​របស់​កម្ពុជា។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លាម អ៊ី ថ​ត់ (William E. Todd) បាន​សរសេរ​អត្ថបទ​នៅលើ​ទំព័រ​ប្លុក​របស់លោក ដោយ​លើកឡើង​នូវ​គំរូ​វីរភាព​របស់លោក ចាន់ សុ​វ៉េ​ត ដែល​លោក​អះអាងថា បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​នៅក្នុង​វិស័យ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។


ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ចាន់ សុ​វ៉េ​ត បាន​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​ដែល​បាន​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិ ជាពិសេស​ការរំលោភ​ដីធ្លី។ តាមរយៈ​ស្នាដៃ​របស់លោក ចាន់ សុ​វ៉េ​ត លោក​អគ្គរដ្ឋទូត វីល្លាម ថ​ត់ បាន​វាយតម្លៃ​ដោយ​លើកសរសើរ​លោក សុ​វ៉េ​ត​ថា មនុស្ស​ម្នាក់​ក៏​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​បានដែរ។

លោក វីល្លាម ថ​ត់ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«លោក​សា​វ៉េ​ត​បានធ្វើការ​នៅតាម​តំបន់​ជនបទ​ដាច់​ស្រ​យ៉ា​ល​បំផុត​ខ្លះ ក្នុងប្រទេស​កម្ពុជា។ គាត់​តែងតែ​ចាត់ទុក​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា ថា​សំខាន់​ជាង​ភាព​សុខ​ស្រួល និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់លោក។ សំរាប់​ខ្ញុំ រឿង​របស់លោក​សា​វ៉េ​ត​បង្ហាញអោយឃើញថា មនុស្ស​ម្នាក់​ពិតជា​អាច​នាំមក​នូវ​ការ​ប្រែប្រួល​វិជ្ជមាន តាមរយៈ​ការខិតខំ​ធ្វើការ​ភាព​មោះមុត និង​ទឹកចិត្ត​ប្តូរផ្តាច់»។ លោកឯកអគ្គរដ្ឋទូត​បន្ត​ថា៖«ថ្វីបើ​លោក​លែង​នៅ​ជាមួយ​យើង​ក្តី តែ​ការសង្ឃឹម​របស់ខ្ញុំ​គឺថា ជីវិត​របស់លោក​នឹង​ជួយ​បំផុសទឹកចិត្ត​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​នា ពេលបច្ចុប្បន្ន និង​នៅពេល​អនាគត ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ទូទាំង​សាកលលោក។ សំរាប់​ខ្ញុំ លោក​ពិតជា​អ្នកជំរុញ​ទឹកចិត្ត​ដ៏​ល្អ​មែន។ យើង​នឹក​អាល័យ​ដល់​លោក»។

លោក ចាន់ សុ​វេត បានទទួល​មរណភាព​នៅ​រសៀល​ថ្ងៃទី១០ធ្នូ ដោយ​គាំងបេះដូង តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក​ត្រឡប់​មកពី​សង្កេតការណ៍​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com