ជាតិ
អាជីវករ​នៅ​ភ្នំ​បាខែង មិន​ព្រម​ប្តូរ​ទីតាំង​លក់ដូរ​តាម​ការរៀបចំ​របស់​អា​ជ្ញា​ធរ​ឡើយ
15, Dec 2014 , 3:49 pm        
រូបភាព
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុមអាជីវករ ដែល​លក់ដូរ​នៅមុខ​ភ្នំ​បាខែង បាននាំគ្នា​តវ៉ា ប្រឆាំងនឹង​ការផ្លាស់ប្តូរ​ទីតាំង​លក់ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​អប្សរា។ បើតាម​ហេតុផល​របស់​អាជីវក​រ ពួកគេ​បារម្ភ​ថា នឹង​អាច​គ្មាន​ភ្ញៀវ​ចូល​ទិញ​ទំនិញ​ពួកគេ​ដូច​មុន ខណៈទីតាំង​ថ្មី មាន​ចំងាយ​ឆ្ងាយ ដែល​ភ្ញៀវ​ពិបាក​ដើរ​ទិញ។



ស្តាប់សំឡេង


ការតវ៉ា​របស់​ក្រុមអាជីវករ​លក់ដូរ​នៅមុខ​ភ្នំ​បាខែង ខេត្តសៀមរាប បាន​កើតឡើង​ក្រោយពេល​អាជ្ញាធរ​អប្សរា សម្រេច​រុះរើ​តូប​ចាស់ និង​ស្នើ​អាជីវករ ដូរ​ទៅ​លក់​ទីតាំង​ថ្មី ដែល​ខ្លួន​បានរៀបចំ។ ក្រុមអាជីវករ​បាន​និយាយថា ទីតាំង​ថ្មី​មាន​ចំងាយ​ឆ្ងាយ និង​ស្ថិតនៅ​ខាងក្រោយ​ចំណតរថយន្ត ដែល​ពិបាក​សម្រាប់​ភ្ញៀវ ក្នុង​ការដើរ​ទិញ។

អ្នកស្រី សុខា អាជីវករ​មួយរូប​បាន​និយាយថា តូប​លក់ដូរ​ថ្មី​ដែល​អាជ្ញាធរ​បានរៀបចំ​ឲ្យ​នោះ ឆ្ងាយ​ពី​កន្លែងចាស់​ប្រមាណ៥០០ម៉ែត្រ។ ស្ត្រី​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​ភេសជ្ជៈ រូបនេះ​បាន​បន្តថា អាជ្ញាធរ​បាន​ឲ្យ​ជម្រើស​ដល់​អាជីវករ​ចំនួន២ ដើម្បី​លក់​ក្នុង​ទីតាំង​ថ្មី។ ទី១ ប្រគល់​តូប​ទំហំ១ម៉ែត្រ​កន្លះ ដែល​រៀប​តែមួយ​ជួរ និង​ទី២ គឺ​តូប​ទំហំ២ម៉ែត្រ តែ​សុំ​រៀប​ជា២ជួរ។ អ្នកស្រី សុខា ដែល​បាន​លក់ដូរ​នៅមុខ​ភ្នំ​បាខែង តាំងពី​ឆ្នាំ២០០៧មក បាន​បញ្ជាក់ថា ក្រុមអាជីវករ ចង់បាន​តូប​ទំហំ ២ម៉ែត្រ និង​រៀប​តែមួយ​ជួរ​ប៉ុណ្ណោះ ដើម្បី​ភ្ញៀវ​មាន​ភាពងាយស្រួល​ក្នុង​ការដើរ​ទិញ និង​មួយទៀត កុំ​ឲ្យ​អាជីវករ​យល់ថា មាន​ខាងមុខ និង​ខាងក្រោយ។

ការប្រមូលផ្តុំ​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី១៥ ខែធ្នូ​នេះ ពុំទាន់​មាន​ដំណោះស្រាយ​បែបណា​នោះទេ ខណៈដែល​ការជួបជុំ មាន​ទំហំ​តូប។ គេ​ឃើញ​មាន​ប៉ូលិស៥ប្រមាណ​នាក់​ប៉ុណ្ណោះ ដែល​នៅ
ឈរ​ចាំមើល​សភាពការណ៍​នៅ​ទីនោះ។ បើតាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ បច្ចុប្បន្ន​មាន​អាជីវករ​ចំនួន២១នាក់ ដែល​ព្រម​ផ្តិតមេដៃ យល់ព្រម​តាម​សំណើរ​របស់​អាជ្ញាធរ​អប្សរា ក្នុងការ​រើ​ទៅ​លក់​នៅ​ទីតាំង​ថ្មី។ ដោយឡែក​អាជីវ​ចំនួន៣៩នាក់​ផ្សេងទៀត កំពុង​រង់ចាំ​ដំណោះស្រាយ​ថ្មី ដែល​ពួកគេ​បារម្ភ​ថា ការលក់ដូរ​នៅ​ទីតាំង​ថ្មី នឹងមិន​អាច​ដូច​ទីតាំង​ចាស់ ដែល​ធា្ល​ប់លក់​ជាច្រើន​ឆ្នាំ​នោះមក​ទេ។

យោងតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​អប្សរា​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា អាជ្ញាធរ​មិនដែល​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​នៅ​តំបន់​អង្គរ តួយ៉ាង​នៅមុខ​ភ្នំ​បាខែង​នោះឡើយ។ ដំបូង​ឡើយ អាជីវករ​ទាំងអស់​មា​ន​ការលក់ដូរ​បន្តិច​បន្តួច ហើយ​យូរ​ទៅ​ក៏​ក្លាយ​ជាមាន​តូប​លក់​យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​តំបន់​ទេសចរណ៍​ផង។

កាលពី​ខែកញ្ញា​កន្លងទៅ អាជ្ញាធរ​អប្សរា យោងតាម​សេចក្តីជូនដំណឹង​របស់​ខ្លួន បានសរសេរថា ការរៀបចំ​ទីតាំង​លក់​ថ្មី​របស់​អាជីវករ​នៅមុខ​ភ្នំ​បាខែង ក្នុង​បំណង​អ្នក​ដែល​កំពុង​លក់​ក្នុង​ទីតាំង​មិន​សមរម្យ ឲ្យ​បាន​លក់​ជុំគ្នា​ក្នុង​បរិវេណ​តែមួយ  និង​កាត់បន្ថយ​ផលប៉ះពាល់ លើ​ទេសភាព​វប្បធម៌ បរិស្ថាន និង​បុរាណវិទ្យា​ដែល​មាននៅ​តំបន់​នោះ។ ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​អគ្គនាយក​អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ បានស្នើ​ដល់​អាជីវករ​ទាំងអស់ ប្រញាប់​ទៅ​ចុះឈ្មោះ​យក​ទីតាំង​ថ្មី ឲ្យ​មុន​ថ្ងៃទី៣០ ខែកញ្ញា ហើយ​សម្រាប់​អ្នក​ដែល​ចុះឈ្មោះ​មុនគេ អាជ្ញាធរ​នឹង​ផ្តល់​អទិភាព​ក្នុង​រើស​ទីតាំង​លក់​ផងដែរ។

គួររំលឹកថា នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​អាជ្ញាធរ​អប្សរា បានរៀបចំ​រចនាសម្ព័ន្ធ​លក់ដូរ​ថ្មី​ដល់​អាជីវករ ដែល​លក់ដូរ​ក្នុង​បរិវេណ​តំបន់​អង្គរ​នេះ។ កន្លងមក មាន​តំបន់​មួយចំនួន ដែល​ធ្លាប់បាន​អនុវត្ត​ហើយ​នោះ ដូចជា​នៅ​ប្រាសាទបន្ទាយស្រី ដែល​អាជ្ញាធរ​អះអាងថា បាន​ជោគជ័យ និង​មានការ​ពេញចិត្ត​ពី​អាជីវករ​លក់ដូរ​នៅ​ទីនោះ ហើយ​សម្រាប់​ភ្នំ​បាខែង​នេះ អាជ្ញាធរ​ថា នឹង​អាច​យក​គំរូ ដូច​ការរៀបចំ​កន្លែង​លក់​ថ្មី នៅ​ប្រាសាទបន្ទាយស្រី​នោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com