ជាតិ
សង្គមជាតិ
កម្មវិធី​សប្បុរសធម៌​សណ្ឋាគារ វិច​តូ​រី​យ៉ា រក​ថវិកា​ជាង១ម៉ឺន​ដុល្លារ​ជួយ​ពេទ្យ​កុមារ​អង្គរ
16, Dec 2014 , 9:38 am        
រូបភាព
សៀមរាប៖ រា​តី​សប្បុរសធម៌ ដែល​រៀបចំឡើង​ដោយ​សណ្ឋាគារ វិច​តូ​រី​យ៉ា អង្គរ រី​សត និង​ស្ប៉ា (Victoria)  មាន​សប្បុរសជន​ជាង​មួយរយ​នាក់​ចូលរួម។ កម្មវិធី​រាត្រី​ស្រមោល​ស ដែល​ធ្វើឡើង​ក្នុង​គោលបំណង​រក​ថវិកា​ជួយ​ដល់​កុមារ​ក្រីក្រ​នេះដែរ ទទួលបាន​ការចាប់អារម្មណ៍ និង​ចូលរួម​ពី​សប្បុរសជន ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង១ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។



រាត្រី​សប្បុរសធម៌ ក្រោម​ប្រធានបទ «កុមារ​របស់​យើង អនាគត​របស់​យើង (Our Children, Our Future)» របស់​សណ្ឋាគារ វិច​តូ​រី​យ៉ា អង្គរ បាន​ដំណើរការ​ដោយ​រលូន និង​មានការ​កោតសរសើរ​ជាច្រើន ពី​សំណាក់​ភ្ញៀវ​ចូលរួម។ អ្នកចូលរួម ដែល​មួយចំនួនធំ ជា​សប្បុរសជន​ខ្មែរ និង​មាន​ទាំង​ក្មេង​ទាំងចាស់ បាន​រីករាយ​ចំពោះ ការសម្តែង​របាំ​ថ្មី បែប​ប្រពៃណី​ខ្មែរ លាយ​អឺរ៉ុប​ផង​នោះ។

អ្នករៀបចំ​កម្មវិធី លោក ចាន់ សុភា អនុប្រធាន​ក្រុមហ៊ុន និង​សណ្ឋាគារ វិច​តូ​រី​យ៉ា បាន​និយាយថា កម្មវិធី​សប្បុរ​ធម៌​ដែល​រៀបចំ​សម្រាប់​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​រាត្រី​ថ្ងៃទី១៣ ធ្នូ កន្លងទៅថ្មីៗនេះ រក​ថវិកា​ចំនួន១,២២៦៥ ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់ថា ថវិកា​ទាំងនោះ រាប់ទាំង​អ្នក​ដែល​ចុះឈ្មោះ​ចូលរួម១២៥នាក់ ដោយ​បង់ថ្លៃ​ក្នុង​ម្នាក់៨៥ដុល្លារ និង​ក្រៅពីនេះ មានការ​ដេញថ្លៃ​លក់​រូបថត​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មួយចំនួន មានការ​ឧបត្ថម្ភ​ពី​សាលា​ខេត្តសៀមរាប។


ការរៀបចំ​កម្មវិធី​នេះ ពុំមាន​គោលបំណង​រកប្រាក់​ចំណេញ​អ្វី​នោះទេ ជារួម​ថវិកា​ដែល​បាន​ពី​កម្មវិធី​អាហារ​ពេល​ល្ងាច គឺជា​ទឹកចិត្ត​របស់​សប្បុរសជន ដែល​បាន​បរិច្ចាគ​ទាំងស្រុង​ទៅដល់​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ។ នេះ​ជាការ​បញ្ជាក់​របស់ លោក ចាន់ សុភា។

លោក ងួន ចាន់​សុភ​ក្ត្រា អនុប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែង​កោតសរសើរ​ចំពោះ​អ្នកចូលរួម និង​ជាពិសេស​សណ្ឋាគារ វិច​តូ​រី​យ៉ា ដែល​ប្រឹងប្រែង​ស្វះ​ស្វែងរក​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​របស់លោក។ លោក ចាន់​សុភ​ក្ត្រា បាន​បន្ថែមថា ក្នុង​មួយថ្ងៃ មាន​កុមារ ដែល​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន៥០០នាក់ ហើយ​ចាប់ពី​កសាង​ក្នុង​ឆ្នាំ១៩៩៩ រហូតដល់​បច្ចុប្បន្ននេះ មាន​កុមារ​សរុប​ប្រមាណ១លាន ៥សែន​នាក់​ហើយ ដែល​បានមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​នេះ។ លោក​រំពឹងថា ស្ថាប័នឯកជន ជាច្រើន​ទៀត នឹង​បន្ត​រាល់​សកម្មភាព​របស់ខ្លួន ដើម្បី​រក​ថវិកា​ក្នុង​ទឹកចិត្ត​សប្បុរសធម៌ ជួយ​កុមារ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល ជាពិសេស​កុមារ​ក្រីក្រ​ក្នុងប្រទេស​កម្ពុជា។

គួររំលឹកថា មន្ទីរពេទ្យ​កុមារ​អង្គរ បង្កើតឡើង​ដោយ​អ្នក​ថតរូប​ជនជាតិ​អាមេរិកកាំង ដើមកំណើត​ជប៉ុន​ម្នាក់ គឺ​លោក Kenro Lzu ដែលជា​អ្នក​ថតរូប​អាជីព​ម្នាក់។ អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មន្ទីរ​កុមារ​មួយទៀត ត្រូវបាន​បង្កើត​នៅក្នុង​ប្រទេស​ឡាវ ក្នុង​គោលបំណង​ដូចគ្នា​នឹង​មន្ទីរពេទ្យ​ខេត្តសៀមរាប គឺ​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​ព្យាបាល​ជំងឺ៕


 


© រក្សាសិទ្ធិដោយ thmeythmey.com