ជាតិ
ពិភពតារា៖ សា​រ៉ា ទម្លាយ​អាថ៌កំបាំង​ស្នេហ៍​ប្រេះ​ស្រាំ
16, Dec 2014 , 9:49 am        
រូបភាព
ដោយ:


ភ្នំពេញៈ តារា​សម្តែង​តួ​កាច ឆ្នាស់ឆ្នើម​កំពុងតែ​ចាប់ផ្តើម​មាន​ទីផ្សារការងា​រ​សិល្បៈ កញ្ញា សា​រ៉ា នាពេល​កន្លងមក មិន​ធ្លាប់​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ថា នាង​មាន​ម្ចាស់​បេះដូង​នោះទេ ទើបតែថ្មីៗនេះ នាង​បែរជា​សម្រេចចិត្ត ទម្លាយ​អាថ៌កំបាំង​ស្នេហ៍​ប្រះ​ស្រាំ ជា​សាធារណៈ នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook ដោយ​នាង​ត្អូញត្អែរ បង្ហាញ​ពី​ការឈឺចាប់ ព្រោះ​ស្នេហា​បែកបាក់ ។



តារា​សម្តែង ដែល​ទស្សនិកជន​ស្គាល់ ជា​តួ​ម៉ែ​យ៉ែម នៅក្នុង​សាច់រឿង “កូនឥតខាន់ស្លា” ដែលមាន​ឈ្មោះ​ពិត​ថា សា​រ៉ា នោះ នាពេល​កន្លងមក នាង​មិន​ធ្លាប់​ទម្លាយ​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ឲ្យ​ទស្សនិកជន បានឃើញ ពី​ភាព​ទុក្ខសោក ឬក៏​ជីវិត​ឯកជន​របស់​នាង​ឡើយ។

ពេលនេះ​តារា​សម្តែង និង​ជា​ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Pop Modelសម្បុរ​ស្រអែម កញ្ញា សា​រ៉ា បាន​បង្ហោះ​រូបភាព និង​រៀបរាប់​ពី ទឹកចិត្ត​សោកសៅ បន្ទាប់ពី​នាង​ជួប​ស្នេហា មិន​សមប្រកប ដើរ​ដល់​ផ្លូវបំបែក ជាមួយ​ម្ចាស់​បេះដូង ។ នាង​បាន​សរសេរ ពាក្យសំដី​រំលេច ពី​ការឈឺចាប់ ដោយ​ប្រយោល​ថា “មុនដំបូង​ស្មានតែ ខ្លួន​មានតម្លៃ តាមពិត​គ្រាន់តែ​ជា​តួអង្គ គេ​ខ្ចី​មក​ជំនួស ពេល​តួឯក​មិន​នៅ ដឹងថា​បាន​ត្រឹម តែ​អ្នក​ជំនួស ហើយ​នៅតែ​មិន ដកខ្លួន​ចេញ ទ្រាំ​នៅ​ឈឺចាប់ ” ។ ពាក្យសំដី​ទាំងអស់នេះ ពិតណាស់ថា នាង​ចង់បង្ហាញ ពី​ការឈឺចាប់ ក្នុង​រឿង​ស្នេហា​ឲ្យ ទស្សនិកជន​បានឃើញ និង​ផ្តល់​ជា​កំលាំងចិត្ត​ដល់​នាង ។

បើតាម​ប្រភព​អ្នក​នៅ​ជិតដិត តារា​សម្តែង​រូបនេះ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ក្នុង​មួយរយៈ​ពេលនេះ សា​រ៉ា ហាក់​មាន​ភាពស្ងប់ស្ងាត់​មិនសូវ​និយាយស្តី​អ្វី​ទេ មើលទៅ​ដូចជា​មនុស្ស មាន​ទុក្ខសោក​ក្រៀមក្រំ បន្ទាប់ពី​នាង​បាន​ប៉ះ​ពាក្យសំដី​ប្រកែក​គ្នា​ជាមួយ​គូស្នេហ៍​យ៉ាង​តឹងសរសៃករ​រួចមក។ តែ​ម្ចាស់​បេះដូង​របស់​នាង បានសម្រេច​ចិត្ត​ដើរ​ផ្លូវបំបែក​ពី​នាង ព្រោះតែ​អតីត​សង្សារ​ចាស់ គេ​ត្រឡប់មកវិញ ធើ្វ​ឲ្យ​ក្តី​ស្រលាញ់ ដែល​នាង​មាន​ចំពោះ​បុរស​ម្នាក់​នោះ ត្រូវ​ប្រែក្លាយ​មកជា​ការឈឺចាប់ ពិបាកចិត្ត​តែម្នាក់ឯង​ទៅវិញ ។

ពាក់ព័ន្ធ​នឹង​ការលើក ឡើង​ព័ត៌មាន​ថា តារា​សម្តែង កញ្ញា សា​រ៉ា មាន​វិបត្តិ​ស្នេហា ពិបាកចិត្ត លែង​ខ្វល់​ពី​ការងារ គិតតែ​ពី​សម្ងំ​រង​ទុក្ខ​នោះ “ថ្មី”នៅ​មិនទាន់​អាចទាក់ទង​ទៅ​នាង​សុំ​ការបកស្រាយ​ថា ជាការ​ពិត​ឬ​យ៉ាងណាទេ ? តែបើ​តាម​ការបង្ហាញ​ជា​សាធារណៈ​នៅលើ Facebook របស់​នាង ស្តែង​ឲ្យ​ឃើញ​យ៉ាង​ប្រាកដ​ណាស់​ថា នាង​ពិត​ជាមាន​បញ្ហា​ផ្ទាល់ខ្លួន​ណាមួយ​ចង់បង្ហាញ ដើម្បី​ឲ្យ​ធូរ​អារម្មណ៍ ក្នុងនាម​ជា​អ្នក​ខូចចិត្ត ៕


© រក្សាសិទ្ធិដោយ thmeythmey.com