ជាតិ
សង្គមជាតិ
យុវជន​យល់ដឹង​ច្រើន​អំពី​ការប្រឆាំង​អំពើពុករលួយ
16, Dec 2014 , 10:21 am        
រូបភាព
ដោយ:
នាពេល​បច្ចុប្បន្ន យុវជន​មួយ​ចំនូ​ន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម និង​រូ​ម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាមរបៀបផ្សេងៗពីគ្នា។


ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​ន័​រ​តុ​ន លោក ម៉ាត់ អា​រី​ហ្វី​ន បាន​ចូលរួម​ដោយ​ប្រយោល​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ នោះ​គឺ​ការចូលរួម​ក្នុង​កម្មវិធី​បោះជំរុំ​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា ក្រោម​ប្រធានបទ «ការពង្រឹង​សិទ្ធិអំណាច​យុវជន»។ ក្រោយពី​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​អំពី​ការប្រឆាំង​អំពើពុករលួយ​ហើយ​នោះ យុវ​និស្សិត​រូបនេះ​បាន​ផ្សព្វផ្សាយ​បន្ត​នូវ​ពិសោធន៍ និង​ទ្រឹស្តី​នានា​តាមរយៈ​បណ្តាញ​សង្គម។ លោក អា​រី​ហ្វី​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«វា​គឺជា​ការស្ម័គ្រចិត្ត។ ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​ការងារ​ទាំ​ង​នេះ។ ខ្ញុំ​បាន​សរសេរ​ផ្សព្វផ្សាយ អំពី​តម្លៃ​សេវាសាធារណៈ​នានា ដូចជា​ក្នុង​វិស័យ​ចរាចរណ៍ អប់រំ និង​វិស័យ​សុខាភិបាល​ជាដើម»។
អា​រី​ហ្វី​ន បាន​ពន្យល់​បន្តថា ការដែល​រូបគេ​ពេញ​ចិត្តនឹង​ការងារ​ទាំងនេះ ពីព្រោះ​រូបគេ​យល់ថា ម្យ៉ាង ការងារ​នេះ​គឺជា​ការរួមចំណែក​មួយ​ដែល​ធ្វើអោយ​កម្ពុជា​មាន​ភាព​រី​ក​ចម្រើន​ឡើង ម្យ៉ាងទៀត វា​ក៏​ជាការ​ភ្ជាប់​ទំនាក់ទំនង​រវាង​យុវជន​ផងដែរ។ «យុវជន​គួរតែ​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដើម្បី​ធ្វើអោយ​កម្ពុ​ជាមាន​រីកចម្រើន និង​មាន​សុ​ច្ចរិតភាព»។ នេះ​ជាការ​អំពាវនាវ​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

លោក ពិដោរ លី​ដែ​ត ដែលជា​និស្សិត​នៃ សកលវិទ្យា​ល័យ ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ សេដ្ឋកិច្ច ក៏​ធ្លាប់បាន​ចូលរួម​សកម្មភាព ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា តាមរយៈ​ការបោះ​ជំរុំ ការ​ជិះ​កង់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ការប្រមូល​ញត្តិ​ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​ក្នុង​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង យុទ្ធ​ធានា​ការផ្សេងៗទៀត​ដែរ។ លោក លី​ដែ​ត បន្តទៀតថា ទោះបី​វា​ជា​ការងារ​ស្ម័គ្រចិត្ត ប៉ុន្តែ​វា​បានផ្តល់​ចំណេះដឹង​ដល់​លោក​ដូចជា​ការ ប្រាស្រ័យ​ទាក់ទង​គ្នា ភាពជា​អ្នកដឹកនាំ ការរៀបចំ​គម្រោង និង​និតិ​វិធី​នៃ​ការតស៊ូ​មតិ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់ ការសិក្សា ការងារ និង​ការរស់នៅ ក្នុងសង្គម​របស់លោក។ ហើយ​ចំណេះដឹង​ទាំងនេះ​ជា​ចំណេះដឹង​ទុន​មួយ​ដែល​លោក​មិន​អាន​ស្វែងរក​នៅ​សាលា​បានឡើយ។ លោក​ថែមទាំង​បញ្ជាក់ថា​ការងារ​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ជាការ​ងារ​ដ៏​រសើប​មួយ ដែល​ពូក​យើង​គួរតែ​ចាប់​ផ្តើមធ្វើ។ ជា​ចុងក្រោយ​លោក​ចង់​ផ្ញើរ​សារ​ទៅដល់​យុវជន គូរ​តែ​ចាប់ផ្តើម​ធ្វើការ​ងារ​សង្គម ហើយ​កាត់បន្ថយ​ការពិភាក្សា​រឿង​នយោបាយ មក​ពិភាក្សា​រឿង​បច្ចេកទេស និង​ជំនាញ​វិញ។

ចំពោះ កញ្ញា សួន ខាន់​រ៉ា ដែលជា​និស្សិត​នៃ​សកល​វិទ្យាល័យ​កម្ពុជា​វិញ ការចូលរួម​ប្រឆាំង​អំពើពុករលួយ មិនចាំបាច់​ទាល់តែ​ចូលរួម​ជាមួយ​ស្ថាប័ន ឬ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ឡើយ។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​បុគ្គល​ផ្ទាល់។
កញ្ញា ខាន់​រ៉ា បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ឧទាហរណ៍ នៅពេល​ប្រលង​បាក់​ឌុប​និង ធ្វើលិខិត​ឆ្លងដែន ខ្ញុំ​មិនបាន​ចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ​ទេ ទោះបី​ក្នុង​កាលៈទេសៈ​ដែល​ពោរពេញ​ដោយ​ការប្រព្រឹត្ត​អំពើពុករលួយ​ក៏ដោយ។ ខ្ញុំ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព ដើម្បី​ធ្វើអោយ​សង្គម​យើង​មានការ​អភិវឌ្ឍន៍​និង គ្មាន​ភាពអយុត្តិធម៌»។ កញ្ញា​បាន បន្តទៀតថា៖«ការដែល​យើង​មិន​ប៉ះពាល់​អំពើពុករលួយ​វា​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ចំពោះ​ខ្លួន​យើង​ផ្ទាល់ និង​សង្គម​របស់​យើង​ផងដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com