ជាតិ
សង្គមជាតិ
អាជ្ញាធរ​គ្រោង​រៀប​ទីតាំង​លក់​ថ្មី​ដល់​អាជីវករ​នៅ​ផ្លូវ​ឃ្យុ​ង​យូ
16, Dec 2014 , 11:26 am        
រូបភាព
សៀមរាប៖ បន្ទាប់ពី​មានការ​តវ៉ា ប្រឆាំងនឹង​ការរុះរើ​តូប របស់​អាជីវករ​នៅ​ផ្លូវ​ឃ្យុ​ង​យូ ឫ​ផ្លូវ៦០ រយៈពេល​ជិត២ខែ​រួចមក អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​ឲ្យ​ពួកគេ​លក់ដូរ​ដូច​ធម្មតា​វិញ​ហើយ កាលពី​ថ្ងៃ​ម្សិលមិញ។ ការសម្រេច​នេះ មានភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​មួយចំនួន ហើយ​ក្នុងនោះ អាជីវករ​ក៏បាន​ឯកភាព ព្រម​រើ​ទៅ​លក់​នៅ​ទីតាំង​ថ្មី ដែល​អាជ្ញាធរ​កំពុង​រៀបចំ​នោះដែរ។



អភិបាលក្រុង​សៀមរាប បាន​និយាយថា ដំណោះស្រាយ​រវាង​អាជីវករ​លក់ដូរ​ផ្លូវ​ឃ្យុ​ង​យូ និង​អាជ្ញាធរខេត្ត​បាន ដោះស្រាយ​រួចរាល់​ហើយ ដោយ​ក្នុងនោះ ការលក់ដូរ​នឹងត្រូវ​បើក​ឲ្យ​លក់ដូរ​ធម្មតា​វិញ។ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​ថ្មី បាន​បញ្ជាក់ថា អាជីវករ​បាន​ព្រម​តាម​សំណើរ​របស់​អាជ្ញាធរ ដោយ​ត្រូវ​រក្សា​អនាម័យ និង​មិនត្រូវ​បង្ក​ការកកស្ទះ​លើផ្លូវ​ដែល​ពួកគេ​លក់​នោះទេ។


ដោយសារ​ផ្លូវ​ឃ្យុ​ង​យូ ឫ​ផ្សារ​ឃ្យុ​ង​យូ ស្ថិតក្នុង​តំបន់​ដី​អប្សរា បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា កំពុង​រក​ទីតាំង​ថ្មី ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​លក់​ចាស់​នោះទេ។ លោក សូរ ប្លា​តុង ពន្យល់​ពី​មូល​ហេតុដែល​អាជ្ញាធរ​ហាម​មិន​ឲ្យ​លក់ដូរ​នៅ​តំបន់​នោះ ដោយសារ​តំបន់​នោះ​ស្ថិតនៅក្នុង​តំបន់​បុរី​វប្បធម៌ មាន​បុរី​រដ្ឋបាលខេត្ត​ជាដើម។ ទោះ​ចង់​ឫ​មិន​ចង់ វា​បាន​បង្ក​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព និង​បញ្ហា​អនាម័យ។

និយាយថា​ពី​គម្រោង​រៀបចំ​ទីតាំង​លក់​ថ្មី​ដល់​អាជីវករ​នៅ​ផ្សារ​ឃ្យុ​ង​យូ អាជ្ញាធរ​គ្រោង​រៀបចំ ដូច​ទៅនឹង​ផ្សារ​រាត្រី​ដូច្នោះ​ដែរ ជារួម​នឹងមាន​អ្នកគ្រប់គ្រង និង​បង់ថ្លៃ​បា​ស៊ី ដូច​ផ្សារ​ទូទៅ តែ​អនុញ្ញាត​ឲ្យ​លក់​តែ​ពេលយប់​តែប៉ុណ្ណោះ។ លោក សូរ ប្លា​តុង ពន្យល់ថា៖« បើទោះជា​ពួកគាត់​ដូរ​ទៅ​លក់​នៅ​កន្លែង​ក៏ដោយ តែ​ការលក់ គឺ​មានតែ​ពេលយប់​ទេ ហើយ​ពេល​ថ្ងៃ​គឺ​ត្រូវ​ស្អាត»។

ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​ពេលវេលា​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​លក់​ថ្មី នៅ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ប៉ុន្តែ​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង អះអាងថា នឹង​ដំណើរការ ឆាប់ៗខាងមុខនេះ។

គួររំលឹកថា ផ្សារ​ឃ្យុ​ង​យូ បាន​ចាប់​កកើតឡើង​អំឡុង​ឆ្នាំ២០០៧ នៅក្រោយពេល​មាន​ពិ​ព័រ​ណ៌​ឃ្យុ​ង​យូ។ ជា​បន្តបន្ទាប់​អាជីវករ​ពីមួយ​ទៅមួយ បាននាំគ្នា​មក​លក់​នៅ​តំបន់​នោះ ព្រោះ​បរិយាកាស​អំណោយផល​នៅពេល​ល្ងាច ហើយ​យូរ​ទៅ ក៏​ក្លាយជា​ផ្សារ​រាត្រី​ដ៏​ពេញនិយម សម្រាប់​ពលរដ្ឋ​ខេត្តសៀមរាប។ បច្ចុប្បន្ន​មាន​អាជីវករ​ប្រមាណ​ពី៤០០ ទៅ៤៥០នាក់ កំពុង​លក់ដូរ នៅ​ផ្សារ​រាត្រី​មួយ​នេះ ដោយ​ពួកគេ​ត្រូវ​បង់ថ្លៃ​សេវា​អនាម័យ​ដល់​អាជ្ញាធរ ដែល​លួចលាក់​ឲ្យ​ពួកគេ​លក់​នៅ​តំបន់​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com