ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ៖«យើង​នឹងធ្វើ​ឲ្យ​វា​ក្លាយជា​ទូរទស្សន៍​មាន​វិជ្ជាជីវៈ​បំផុត»
16, Dec 2014 , 12:19 pm        
រូបភាព
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
មហាជន​កំពុង​រង់ចាំ​មើល​ទូរទស្សន៍​ថ្មី​មួយ ក្នុងចំណោម​គម្រោង​ទូរទស្សន៍​ថ្មី​មួយចំនួន ដែល​ផ្សាយ​នៅលើ​រលកធាតុអាកាស​ខ្មែរ នោះ​គឺ​ទូរទស្សន៍​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ អះអាងថា ទូរទស្សន៍​នេះ​នឹង​ក្លាយជា​ទូរទស្សន៍​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​ក្រម​សីលធម៌​បំផុត​។


លោក លាង ដឺ​លុច៖ មន្ត្រី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឲ្យ​ដឹងថា គេ​ត្រូវការ​ថវិកា​វិនិយោគ​ប្រមាណ២លាន​ដុល្លារ​ដើម្បី​ផ្តើម​ដំណើរការ​ទូរទស្សន៍​នេះ។ តើ​គេ​ត្រូវការ​ថវិកា​សរុប​ប៉ុន្មាន​ដើម្បី​បង្កើត​ទូរទស្សន៍​នេះ?

លោក យឹម សុវណ្ណ៖ គម្រោង​ថវិកា​ចំណាយ​អាចមាន​ចន្លោះ​ពី ២លាន​ដុល្លារ ទៅដល់៤លាន​ដុល្លារ ដោយ​អាស្រ័យទៅលើ​ទម្រង់​នៃ​ការវិនិយោគ។ ប្រសិនបើ​យើង​សង់​អគារ​ខ្លួនឯង ធ្វើអ្វីៗដោយ​ខ្លួនឯង​នោះ យើង​អាច​ត្រូវ​ចំណាយ​ដល់​ប្រមាណ៤លាន​ដុល្លារ។ នៅពេលនេះ យើង​កំពុង​ស្វែងរក​ប្រភព​ទុន​ពី​អ្នក​ដែល​ចង់​ចូលរួម​ក្នុង​ការងារ​នេះ។ ក្នុង​ក្របខណ្ឌ​ចំណាយ​​នេះ កម្លាំង​ផ្សាយ​របស់​ទូរទស្សន៍​នេះ នឹង​គ្របដណ្តប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ​រាជធានី។

លោក លាង ដឺ​លុច៖ ការបង្កើតអោយមាន​ប​ណ្តា​ញ​ផ្សព្វផ្សាយ​ពិសេស​ទូរទស្សន៍​នេះ វា​ជា​រឿង​មួយ។ ប៉ុន្តែ​រឿង​មួយទៀត គឺ​ដំណើរការ​របស់​វា ដែល​ត្រូវ​ពឹង​ផ្អែកលើ​ចំណូល​មួយផ្នែក​ពី​ការផ្សាយពាណិជ្ជកម្ម។ គណបក្សប្រឆាំង​ធ្លាប់មាន​ពិសោធន៍​ហើយ​ជាមួយ​សារព័ត៌មាន​បោះពុម្ព នោះ​គឺ​ក្រុមហ៊ុន​ឯកជន​មិន​ហ៊ាន​ផ្សាយពាណិជ្ជកម្ម​នៅលើ​កាសែត​ប្រឆាំង​ឡើយ។ ចុះ​លើក​នេះ តើ​លោក​ព្រួយបារម្ភ​ទេ? ឬក៏​លោក​យល់ថា បរិយាកាស​បាន​ផ្លាស់ប្តូរ?

លោក យឹម សុវណ្ណ៖ ខ្ញុំ​យល់ថា បរិយាកាស​បាន​ផ្លាស់ប្តូរ។ លើសពីនេះ​ទៀត ទូរទស្សន៍​របស់​យើង គឺជា​ទូរទស្សន៍​ដែល​គោរព​ក្រមសីលធម៌ និង​មាន​វិជ្ជាជីវៈ​បំផុត ដែល​ត្រូវ​ទទួលស្គាល់​ដោយ​មតិ​ជាតិ និង​អន្តរជាតិ។ យើង​នឹងមិន​ប្រើប្រាស់​ពាក្យពេចន៍​វាយប្រហារ និង​ផ្សាយ​ព័ត៌មាន​ឥតប្រយោជន៍​ឡើយ។ យើង​នឹង​ផ្សាយ​តែ​ព័ត៌មាន​ដែល​ទាក់ទាញ និង​បម្រើ​ប្រយោជន៍​សាធារណៈ។ ប្រសិនបើ​យើង​ជា​ទូរទស្សន៍​ល្អ ក្រុមហ៊ុន​ឯកជន​នឹង​មក​ផ្សាយពាណិជ្ជកម្ម​ជាមួយ​យើង។

លោក លាង ដឺ​លុច៖ តើ​ក្រុមការងារ​សារព័ត៌មាន​ជា​អ្នកណា? អាច​មានការ​ការចូល​រួម​ប្រឹក្សា​ដោយ​បរទេស​ដែរឬទេ? ឬក៏​ជា​ក្រុមការងារ​ជនជាតិខ្មែរ​ទាំងអស់?

លោក យឹម សុវណ្ណ៖ យើង​នៅ​មិនទាន់​គិតគូរ​ដល់​ក្រុមការងារ​នៅឡើយ​ទេ។ នៅពេលនេះ ការងារ​ចម្បង គឺ​កៀងគ​អ្នកវិនិយោគ​ដែល​ចាប់អារម្មណ៍​លើ​ការងារ​នេះ មិនថា​អ្នក​នៅ​ក្នុង​គណបក្ស ឬ​អ្នក​នៅ​ក្រៅ​គណបក្ស​ទេ​ និងទី២ គឺយើងកំពុង​អនុវត្ត​នីតិ​វិធី​​ស្នើសុំ​អាជ្ញា​បណ្ណ៕


© រក្សាសិទ្ធិដោយ thmeythmey.com