ជាតិ
សុខភាព
ផ្ទុះ​ការឆ្លង​មេរោគ​អេ​ដ​ស៏​ជា​ក្រុមនៅបាត់ដំបង៖ ៧២នាក់​ឆ្លង​មេរោគ​អេ​ដ​ស៏​ក្នុង​ភូមិ​រកា​
16, Dec 2014 , 3:10 pm        
រូបភាព
លោកវេជ្ជបណ្ឌិត​ តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឹ​អេដស៏​
លោកវេជ្ជបណ្ឌិត​ តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឹ​អេដស៏​
ក្នុងចំណោម​អ្នកភូមិ៥៥៦នាក់​ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ពិសេស​ធ្វើតេស្ត​ឈាម​នោះ ៧២នាក់​ត្រូវបាន​រកឃើញថា​បាន​ឆ្លង​មេរោគ​អេ​ដ​ស៏ ដែល​ក្នុងនោះ​មាន​កុមារ​ចំនួន១៤នាក់។ នេះ​បើតាម​ការអះអាង​របស់​លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិកា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏ ដែល​បញ្ជាក់បន្តថា ជនរងគ្រោះទាំង​៧២​នាក់ ត្រូវបាន​ផ្តល់​កញ្ចប់​សេវា​​ថែរក្សា​សុខភាព​ហើយ។​


សោកនាដកម្ម​គួរ​តែ​បា​នកើតឡើង​ក្នុង​រយៈពេល​យូរ​ហើយ ដោយបង្ក​ឡើង​​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា​២​នាក់ ដែលទំនងជាបាន​ប្រើប្រាស់​សឺរ៉ាំង​មិនស្អាត ឬ​ប្រើប្រាស់​សឺរ៉ាំង​ដដែលៗ ទៅ​លើ​អ្នកជំងឺ​បន្តបន្ទាប់គ្នានៅ​ក្នុង​ភូមិ​។ ក្រុម​ការងារ​ពិសេស​ពី​អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដស៏កំពុងដាក់ការ​សង្ស័យ​ទៅលើ​គ្រូពេទ្យ​ទាំងពីរ​នាក់នេះ ដែល​បាន​រត់គេចខ្លួន​បាត់ហើយ។

ពន្យល់ប្រាប់សារព័ត៌មាន​ថ្មីៗ ពី​ខេត្ត​បាត់ដំបង ជាទីដែល​លោក​កំពុង​ដឹកនាំ​ការងារ​តាម​ដាន​រក​មូលហេតុនៃការ​ឆ្លង​ជាក្រុម​នេះ លោក​វេជ្ជបណ្ឌិត​ តែង គន្ធី បាន​ប្រាប់អោយដឹងថា ការ​ឆ្លងតាម​មធ្យោបាយសម្ភារៈ​ អាចជា​ការ​សន្និដ្ឋានចម្បង​មួយ​នៃ​មូលហេតុនៃ​ការ​ឆ្លង​នេះ។ លោកអគ្គលេខាធិការ​នៃអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៏​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖«យើង​បាន​ធ្វើ​សម្ភាសន៍​ហើយ ភូមិនេះ​មិនមាន​ករណី​ការ​ប្រើប្រាស់គ្រឿងញៀន ដែលអាចជាប្រភព​នៃ​ការ​ចម្លង​មេរោគអេដស៏​ឡើយ។ យើងសង្ស័យ​មន្ទីរព្យាបាល​ឯកជន២​កន្លែង ដែល​គ្រូពេទ្យ​នោះគ្រាន់​តែជាអ្នក​ធ្លាប់អនុវត្ត​មុខវិជ្ជាពេទ្យ​​តាំងពី​មុន​សម័យ​សមាហរណកម្ម​មកម្លេះ។ យើង​ចង់ជួប​សម្ភាសន៍​ពួកគេ ប៉ុន្តែ​ ពួកគេ​រត់គេចខ្លួនហើយ»។ ទោះយ៉ាង​យ៉ាង​ក៏ដោយ លោកវេជ្ជបណ្ឌិត តែង គន្ធី បញ្ជាក់ថា​ក្រុមការងារ​របស់​លោក ​នៅ​បន្ត​ស្វែងរក​មូលហេតុពិតប្រាកដនៃ​ការ​ឆ្លង​ជាក្រុម​បែបនេះ។

«វាគឺជា​ការគួរ​ឲ្យ​សោកស្តាយ​មួយ។ យើងនឹង​រក​មូលហេតុ​នេះឲ្យឃើញ​ និង​ដោះស្រាយ​បញ្ហា។ ទន្ទឹមគ្នា​នេះ យើង​ក៏ត្រូវ​ផ្តល់ការអប់រំ​នៅ​ក្នុងភូមិរកានេះ​ដល់អ្នកភូមិ ដល់អាជ្ញាធរ​ផងដែរ»។ នេះជាការ​អធិប្បាយ​របស់​លោកវេជ្ជបណ្ឌិត​ តែង គន្ធី។​

កាលពី​ចុង​ខែ​វិច្ឆិកា នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការពង្រីក​សេវាធ្វើតេស្តឈាម​រក​មេរោគអេដស៏ ក្នុង​ខេត្ត​បាត់ដំបង ក្រុម​ការងារ​បានជួបប្រទះ​ករណី​ឆ្លងមេរោគអេដស៏​ខុស​ធម្ម​តានៅក្នុងភូមិ​រកា​ នៃស្រុក​សង្កែ​ ខេត្ត​បាត់ដំបងនេះ។ ការសង្ស័យនេះ​បាន​តម្រូវអោយ​ក្រុម​ការងារ​ថ្នាក់ជាតិ​បញ្ជូន​កម្លាំងមកបន្ថែម​ដើម្បី​តាម​ដាន​ការ​ផ្ទុះឡើង​នៃ​ការ​ឆ្លងមេរោគ​ដែលគេមិនអាច​ព្យាបាល​បាន​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com