ជាតិ
ផាកកាហ្វេ នឹងក្លាយជាដៃគូសម្រាប់កម្មសិក្សារបស់និស្សិត Harvard Business School
× ភ្នំពេញ៖ ក្រុមហ៊ុន ផាក កាហ្វេ ដែលជា ក្រុមហ៊ុនសាខាមួយរបស់ក្រុមហ៊ុន VTRUST Group នឹងស្វាគមន៍ការមកដល់ក្រុមនិស្សិតមកពី Harvard Business School នាខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។ ក្រុមនិស្សិតមានគ្នាចំនួន ៦ នាក់ នឹងស្នាក់នៅក្នុងទីក្រុងភ្នំពេញ រយៈពេល៧ថ្ងៃ ដែលជាការតម្រូវរបស់ Harvard Business School សម្រាប់វគ្គសិក្សាឆ្នាំដំបូងរបស់ពួកគេ ដែលហៅថា FIELD។
FIELD មានន័យថា ការចុះកម្មសិក្សាផ្ទាល់ដើម្បីដកស្រង់បទពិសោធន៍សម្រាប់អភិវឌ្ឍភាពជាអ្នកដឹកនាំ។ ក្រុមហ៊ុន ផាក កាហ្វេ ជាដៃគូមួយក្នុងចំណោមដៃគូជាសកលផ្នែក FIELDដែលមានចំនួន ១៥៦ ធ្វើឡើងក្នុងប្រទេសចំនួន ១៣ នៅលើពិភពលោក។ ប្រទេសទាំងនោះនឹងទទួលនិស្សិតសរុប ទាំងអស់ច្រើនជាង ៩៣០ នាក់។
លោកសាស្ត្រាចារ្យ Joel Redding ជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន VTRUST Group បាននិយាយថា លោកមានសេចក្តីសេចក្តីរីករាយណាស់ដែលបានធ្វើការជាមួយ Harvard Business School ដើម្បីផ្តល់ បទពិសោធន៍ជាក់ស្តែងផ្សេងៗរបស់ ផាកកាហ្វេ ឱ្យដល់និស្សិត។ លោកជឿជាក់ថា និស្សិតទាំងអស់នឹង ទទួលបានគំនិតថ្មីៗជាច្រើនពីក្រុមហ៊ុន ដែលពួកគេមិនអាចនឹងទទួលបានពីថ្នាក់រៀន។
កម្មវិធីចុះកម្មសិក្សានេះមាន ៣ ផ្នែក ដែលត្រូវប្រើពេលមួយឆ្នាំពេញនៃឆ្នាំសិក្សាដំបូងនៃកម្មវិធីថ្នាក់ អនុបណ្ឌិតដែលមានរយៈពេល ២ឆ្នាំ។ ផ្នែកទីមួយ ផ្ដោតលើការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំជាលក្ខណៈបុគ្គល តាមរយៈការផ្តល់ដំបូន្មានពីក្រុម និងការឆ្លុះបញ្ចាំងពីខ្លួនឯង។ ផ្នែកទីពីរ គឺសំដៅលើ ការអភិវឌ្ឍភាពឈ្លៀសវៃជាសកលដោយបញ្ជ្រាបពួកគេនៅក្នុងប្រទេសដទៃដើម្បីបង្កើតនូវផលិតផល ឬ សេវាកម្មថ្មីមួយនៅក្នុងប្រទេសនោះសម្រាប់ក្រុមហ៊ុនដៃគូជាសកលរបស់ពួកគេ។ ផ្នែកចុងក្រោយ នឹង បញ្ចូលរាល់មេរៀនទាំងអស់ជាមួយគ្នា ដោយតម្រូវអោយនិស្សិតបង្កើត និងបើកអាជីវកម្មខ្នាតតូចណា មួយនៅតាមក្រុមតូច នៅពេលដែលពួកគេត្រឡប់មកទីក្រុង Boston វិញ។
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ផាក កាហ្វេ បានធ្វើការងារជាមួយក្រុមនេះជាច្រើនខែមកហើយរហូតឈាន ដល់ការអញ្ជើញមករបស់ពួកគេនៅក្នុងប្រទេសនៅដើមឆ្នាំក្រោយនេះ។ នៅពេលដែលពួកគេមកដល់ ទីនេះ ពួកគេនឹងលើកគំនិត ទៅអោយក្រុមភាពជាអ្នកដឹកនាំ បន្ទាប់មកពួកគេនឹងធ្វើការស្រាវជ្រាវ នៅតាមគោលដៅជាមួយអតិថិជននៅជុំវិញទីក្រុង ហើយចុងក្រោយពួកគេនឹងបង្ហាញនូវអនុសាសន៍នៅ ចំពោះមុខគណៈគ្រប់គ្រង។
សាកលវិទ្យាល័យ Harvard ទទួលស្គាល់ថា បទពិសោធន៍សិក្សាដ៏សំខាន់នេះ មិនអាចទៅរួចនោះទេ បើគ្មានក្រុមហ៊ុនដៃគូជាសកលនោះ។
លោកសាស្ត្រាចារ្យ Tony Mayo ប្រធានមហាវិទ្យាល័យផ្នែកកម្មសិក្សាពី FIELD បាននិយាយថា លោក សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមហ៊ុន ផាក កាហ្វេ និងក្រុមហ៊ុនដៃគូជាសកលផ្នែក FIELD ផ្សេងទៀត សម្រាប់រាល់កិច្ចការដែលពួកគេបានជួយជ្រោមជ្រែងចំពោះនិស្សិតកម្មសិក្សា។
លោកបន្ថែមថា និស្សិតទាំងអស់នឹងទទួលប្រយោជន៍យ៉ាងច្រើនពីបទពិសោធន៍នេះ ហើយលោកសង្ឃឹម ថា ក្រុមហ៊ុនដៃគូទាំងនោះ ក៍នឹងទទួលបានប្រយោជន៍វិញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com