ជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម៤៣ប្រទេស​ដែល​អាច​សុំ​ទិដ្ឋាការ​ទៅ​ឥណ្ឌា​តាម​អន​ឡាញ
16, Dec 2014 , 7:00 pm        
រូបភាព
ដោយ: រួបរួម
 ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ មក ប្រជាជាតិ​នៃ​ប្រទេស​ចំនួន៤៣ ក្នុងនោះ​មាន​កម្ពុជា ផងដែរ​នោះ អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​ឥណ្ឌា តាមរយៈ​គេហទំព័រ http://indianvisaonline.gov.in/visa/tvoa.html



គម្រោង​ទិដ្ឋាការ Tourist Visa on Arrival-Enable with Electronic Travel Authorization (TVOA-ETA) នេះ បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជាតិ​ទាំង៤៣ក្នុង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​តាម​អ៊ី​ន​ធ័​រ​ណិ​ត (ពីរដង​ក្នុង​មួយឆ្នាំ ដោយ​ដំណើរ​ទស្សនកិច្ចនីមួយៗមិន​អាចមាន​រយៈពេល​លើសពី៣០ថ្ងៃ​នោះឡើយ)។ ទិ​ដ្ឋ​ការ​នេះ គឺ​សម្រាប់​អ្នក​ដែលមាន​គោលបំណង​ធ្វើដំណើរ​ទេសចរ ការងារ​ជំនួញ ពិនិត្យ​សុខភាព សាកសួរ​សុខទុក្ខ​មិត្តភក្តិ និង​សាច់ញាតិ។

ការដាក់​ពាក្យសុំ​នឹង​ទទួលបាន​ការឆ្លើយ​បត​តាមរយៈ​អ៊ី​ម៉ែ​ល​នា​អំឡុង​រយៈពេល៧២ម៉ោង។ អ្នក​អាច​ព្រី​ន​អ៊ី​ម៉ែ​ល​របស់ខ្លួន​ភ្ជាប់​ជាមួយនឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ដែលមាន​ការទទួល​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន៩គឺ (Bangalore, Chennia, Kochin, Goa, Hyderabad, Kolkata, Mumbai និង Thiruvananthapuram)។

ប្រទេស​ចំនួន៤៣ដែល​អាច​ចុះឈ្មោះ​សុំ​ទិដ្ឋាការ TVOA-ETA ទៅកាន់​ឥណ្ឌា​រួមមាន អូស្ត្រាលី ប្រេ​ស៊ី​ល កម្ពុជា, Cook Islands, ឌី​ជី​ប៊ូ​ទី ហ្វី​ជី ហ្វាំ​ង​ឡង់ អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន ហ្ស៊​ក​ដង់ កេ​ន​យ៉ា គី​រី​បាទី ឡាវ លុច​សំបួរ Marshall Islands, ម៉ូ​រីតា​នី ម៉ិ​ក​ស៊ិ​ក Micronesia, Nauru, នូ​វេ​ល​សេ​ឡង់ Niue, ន័​រវេ​ស អូ​ម៉​ង់ Palau ប៉ា​ឡេ​ស្ទី​ន ប៉ា​ពួ​អាស៊ី​នូ​វេ​ល​ហ្គី​ណេ ហ្វីលីពីន កូរ៉េខាងត្បូង រុស្ស៊ី សា​ម៉ៅ សិង្ហ​បុរី កោះ​សូ​ឡូ​ម៉ុង ថៃ តុង​ហ្កា Tuvalu អារ៉ាប់​រួម អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក Vanuatu និង​វៀតណាម៕





© រក្សាសិទ្ធិដោយ thmeythmey.com