ជាតិ
សង្គមជាតិ
១៤ធ្នូ ឆ្នាំ២០១៤ ខួប២២ឆ្នាំដែលរមណីដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
× សៀមរាប៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ គឺជាខួបលើកទី២២ ដែលរមណីដ្ឋានអង្គរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅពេលនោះហើយ ដែលតំបន់អង្គរត្រូវបានស្រោចស្រង់ឡើងវិញ ក្រោយពេលអង្គការ យូណេស្កូ ចាត់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ដែលប្រឈមនឹងគ្រោះថ្នាក់។
រមណីដ្ឋានអង្គរ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដោយព្រះរាជកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ ដែលកាលនោះ ទ្រង់ជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា។ ក្នុងពេលចុះបញ្ជី អង្គការយូណេស្កូ បានប្រកាស់ដាក់ រមណីដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងគ្រោះថ្នាក់ ដោយសារស្ថិតក្នុងស្ថានភាពគំរាមកំហែងនៅឡើយ។ នេះបើយោងតាម ខ្លឹមសារក្នុងលិខិតមួយច្បាប់ របស់អាជ្ញាធរអប្សរា ដើម្បីអបអរក្នុងថ្ងៃខួបទី២២នេះ។
នៅឆ្នាំ១៩៩៣ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC- Angkor ត្រូវបានបង្កើតឡើង ដែលមានប្រទេសជប៉ុន និងប្រទេសបារាំង ជាសហប្រធាន ក្នុងគោលបំណង ដើម្បីរកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការពារ ជួសជុល និងអភិរក្ស ឡើងវិញនូវប្រាង្គប្រាសាទនានា ក្នុងតំបន់អង្គរ។ ស្ថាប័នមួយនេះ តែងប្រជុំជាទៀងទាត់ រយៈពេល២ដង ក្នុងមួយឆ្នាំ។
នៅឆ្នាំ១៩៩៥ អាជ្ញាធរអប្សរា ត្រូវបានបង្កើត ក្នុងទិសដៅតែមួយ គឺដើម្បីការពារ និងអភិរក្ស រមណីដ្ឋានអង្គរ លើផ្ទៃដី៤០១ គីឡូម៉ែត្រក្រឡា៕
© រក្សាសិទ្ធិដោយ thmeythmey.com