ជាតិ
សង្គមជាតិ
កម្មករក្រុមហ៊ុនស៊ីនទ្រីបន្ដធ្វើកូដកម្មបន្ទាប់ពីបដិសេធការសម្រេចរបស់ក្រុមហ៊ុន
× កម្មករក្រុមហ៊ុនស៊ិន ទ្រី នឹងបន្ដធ្វើកូដកម្មបន្ដទៀត បន្ទាប់ពីពួកគេមិនព្រមទទួលយកការសម្រេចរបស់ក្រុមហ៊ុន។ នេះបើតាមលោក ប្រាក់ សុខា តំណាងកម្មករក្រុមហ៊ុនស៊ីនទ្រី។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោកបានបញ្ជាក់ថា ក្រុមហ៊ុនស៊ិន ទ្រី សម្រេចដំឡើងប្រាក់ឈ្នួលគោល១៥ដុល្លារបន្ថែមសម្រាប់កម្មករប្រមូលវេនថ្ងៃ -យប់ និង ប្រាក់១០ដុល្លារបន្ថែមដល់កម្មករអ្នកបោសតាមផ្លូវ។ ចំណែកអ្នកបើកបរឡាន ក្រុមហ៊ុនបន្ថែម២០ដុល្លារពីលើប្រាក់ឈ្នួលគោល។
លោកប្រាក់សុខាពន្យល់ថា៖«ក្រុមហ៊ុនផ្ដល់ប្រាក់១៥ដល់កម្មកកើបទាំងពីរវេន និង១០ដុល្លារអ្នកបោសសំអាត ២០ដុល្លារដល់អ្នកបើកឡាន។ តែពួកគេមិនព្រមទទួលយក ហើយពួកគេមិនព្រមចូលធ្វើការនោះទេ លុះត្រាមានដំណោះស្រាយសមរម្យ»។
លោក ម៉េត វិច្ឆិកា បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានបញ្ជាក់ថា កម្មករប្រមាណ១០០០នាក់បានចាប់ផ្តើមធ្វើកូដកម្ម កាលពីល្ងាចថ្ងៃអាទិត្យ ដោយពួកគេទាមទារប្រាក់ឈ្នួលគោល១៥០ដុល្លារ ។ ចំណែកអ្នកបើកបរចាប់ពី២០០ទៅ៣០០ដុល្លារក្នុងមួយខែ និងការធ្វើការត្រឹមតែ៨ម៉ោងក្នុងមួយថ្ងៃ។ ហើយការផ្ទុះកូដកម្មនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមិនអនុញ្ញាតឲ្យ អ្នកបើកបរបូមយកប្រេងសាំងនៅសល់ពីរថយន្ត ក្រោយពីបញ្ចប់ការងារ។ លោកបន្ថែមថា៖«ពីមុនក្រុមឲ្យអ្នកបើកឡានបូមប្រេងយកលក់ ដើម្បីចែកគ្នាចាយជាមួយកម្មករ គ្រាន់ហូបបាយ កាហ្វេ ។ តែឥឡូវក្រុមហ៊ុនមិនអនុញ្ញាតិឲ្យបូមប្រេង ដូចនេះកម្មករមានប្រាក់ចាយប្រចាំថ្ងៃមកពីណា បើប្រាក់ខែតិចតួចដូចនេះ»។
គួរបញ្ជាក់ថា កម្មករក្រុមហ៊ុនស៊ិន ទ្រី ធ្លាប់បានផ្ទុះកូដកម្មតវ៉ាតម្លើងប្រាក់ឈ្នួល ចំនួន២ដងមកហើយ កាលពីខែកុម្ភៈ និង ខែកក្កដាឆ្នាំ២០១៤នេះ។ ជាការកត់សម្គាលរាល់ការផ្ទុះការតវ៉ារបស់កម្មករក្រុមហ៊ុន ស៊ិន ទ្រី ម្ដងៗគេសង្កេតឃើញថា សំរាមគឺនៅកកស្ទះនៅតាមបណ្ដាលទីប្រជុំជន ជះក្លិនស្អុយ និងធ្វើខូចសណ្ដាប់ធ្នាប់សាធារណៈជាដើម។
ប្រាក់ឈ្នួលគោលកម្មករក្រុមហ៊ុនស៊ិន ទ្រីបច្ចុប្បន្ន អ្នកប្រមូលសំរាមវេនថ្ងៃទទួលបាន ១០៥ ដុល្លារ អ្នកប្រមូលសំរាមវេនយប់ ១២០ដុល្លារ អ្នកបោសសំអាត៩០ដុល្លារ និងបើកឡានពី១៣០-១៥០ដុល្លារ (តាមអតីតភាពការងារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com