ជាតិ
សង្គមជាតិ
ព្រះសង្ឃ​វត្ត​ដំណាក់​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការរំខាន​ពី​ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊ប
17, Dec 2014 , 10:45 am        
រូបភាព
សៀមរាប៖ ការរំខាន​ដោយ​សំឡេង បានកើត​មាន​រាល់​រាត្រី ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​បង្កឡើង​ក្លឹប​កម្សាន្ត​មួយកន្លែង ដែល​គេ​ស្គាល់​ថា មាន​ទីតាំង​នៅជាប់​រប​ង​នៃ​វត្ត​ដំណាក់ ក្រុង​សៀមរាប។ ជាថ្មី​ម្តងទៀត ថ្នាក់​គ្រប់​គ្រង់​វត្ត​ដំណាក់ បានចេញ​លិខិត​មួយ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​អន្តរាគមន៍​ការរំខាន​ជា​សំឡេង ដែល​បង្កឡើង​ដោយ​ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊ប នេះ។



ក្លឹប​ក្លាស់​ហ៊ី​ក ហ៊ី​ប ហ៊ប មាន​ទីតាំងនៅ​ខាងជើង​វត្ត​ដំណាក់ ចំងាយ​ប្រមាណ​មិន​ដល់១០ម៉ែត្រ ពី​របង​វត្ត។ វា​មិនមែនជា​រឿង​ថ្មី​ទេ ដែល​ព្រះសង្ឃ កូនសិស្ស​វត្ត ក៏ដូចជា​ប្រជាពលរដ្ឋ សំដែង​ការមិន​ពេញចិត្ត ចំពោះ​ការបើក​អាជីវកម្ម ក្លឹប​រាត្រី​នេះ។ រាល់​ពេលដែល​ក្លឹប​កម្សាន្ត​នេះ ដំណើរការ​ចាប់ពី​ម៉ោង១០យប់ តទៅ ការរំខាន​ដោយ​សំឡេង បានកើត​ឡើង ដោយសារ​សំឡេង​ខ្ទរ​ចេញពី​ធុងបាស់ ឫត​ន្ត្រី និង​ការស្រែក​ហ៊ូ​រក​ញ្ច្រៀ​វ​ជាដើម ដែល​ធ្វើ​ឲ្យ​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​ដំណាក់ និង​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​ក្បែរ​នោះ ពិបាក​សឹង ឫ​ដេក​ជាខ្លាំង។

ក្នុង​លិខិត​មួយច្បាប់ ដែល​ដាក់ជូនទៅ​ក្រុមប្រឹក្សា​ខេត្តសៀមរាប ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត​ដំណាក់ បានសរសេរថា ចាប់តាំងពី​ឆ្នាំ២០១៣មក វត្ត​ដំណាក់​តាមរយៈ​លិខិត​ទៅកាន់ អភិបាល អភិបាលរង​ខេត្ត និង​តំណាងរាស្ត្រ​ខេត្តសៀមរាប លោក សៀង ណាំ ផង​នោះ ឲ្យ​ពួកគេ​ជួយ​ដោះស្រាយ​បញ្ហា​រំខាន ដែល​បណ្តាលមកពី​ក្លឹប ហ៊ី​ប ហ៊ប តែ​រហូតមក​ទាល់​ពេលនេះ ពុំ​ឃើញ​មាន​ដំណោះស្រាយ​បែបណា​នោះទេ។ សំឡេងខ្លាំងៗ លាន់ឮ និង​ខ្ទរ រហូតដល់​បើក​ដំបូល​សាលាឆាន់​ក៏មាន។ ចាប់ពី​ម៉ោង១០ រហូតដល់​ម៉ោង៤ភ្លឺ ដែល​ក្លឹប​កម្សាន្ត​នេះ​បើក វា​បាន​រំខាន​ពេលវេលា​សម្រាក ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ ដែល​ពួកគេ​រវល់​រៀនសូត្រ និង​ធ្វើការ​នៅពេល​ថ្ងៃ ក៏​រក​ពេល​សម្រាក​គ្មាន​ដែរ។

ក្នុង​លិខិត​ដែល​សរសេរ​កាលពី​ថ្ងៃទី១៤ ធ្នូ បាន​ពន្យល់ថា ការបង្ក​ភាពអសន្តិសុខ ស​ណ្នា​ប់​ធ្លាប់ អនាម័យ ក៏បាន​កើតឡើង​ដោយសារ​ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊ប នេះដែរ តួយ៉ាង​ដូចជា ការទាស់ទែង​គ្នា និង​ឈានដល់​ការប្រើ​ហិង្សា ការប្រើប្រាស់​គ្រឿងញៀន និង​ការឆក់ប្លន់​ជាដើម ដែល​ការណ៍​នេះ ផ្ទុយ​ពី​ឪ​វាទ​ព្រះពុទ្ធសាសនា។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើយ៉ាងណា កុំ​ឲ្យ​ក្លឹប​រាត្រី ហ៊ី​ប ហ៊ប មាន​សំឡេង​ចេញមក​ខាងក្រៅ ដែល​រំខាន​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ក្បែរ​នោះ។ ក្នុងនោះ ម្ចាស់​ក្លឹប គួររៀបចំ​ធ្វើ​ជញ្ជាំង ឫ​ដំបូលខ្ពស់ៗ ដើម្បី​ទប់​សំឡេង​កុំ​ឲ្យ​លាន់​ចេញ​ក្រៅ។ ព្រះសង្ឃ វត្ត​ដំណាក់ សុំ​ឲ្យ​អ្នកពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ពួកគេ​ឲ្យ​បានឆាប់ៗផងដែរ ប្រសិនបើ​អាច​នោះ អាច​បិទ​ក្លឹប​នេះ​តែម្តង រិត​តែ​ប្រសើរ។

គួររំលឹកថា រឿងអាស្រូវ​មួយ​បាន​ផ្ទុះឡើង នៅក្នុង​ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊ប។ គេ​នៅ​ចាំបាន​ថា កាលពី​រាត្រី​ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ មាន​អគ្គិភ័យ​មួយ បានកើត​ឡើង ដែល​សមត្ថកិច្ច​អះអាងថា បង្កឡើង​ដោយសារ​ទុស្សេ​ខ្សែរ​ភ្លើង បាន​លាប​ត្របាក់​ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊​ន ដែល​បណ្តាល​ឲ្យ​មនុស្ស៥នាក់​ស្លាប់ ក្នុងនោះ​មាន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផង ចំណែក​អ្នករងរបួស មាន​ចំនួន២នាក់។ រំលង​មិន​ដល់១០ថ្ងៃ​ផង ក្លឹប​កម្សាន្ត​នេះ បាន​បើក​ដំណើរការ​វិញ ព្រមទាំង​មានការ​បញ្ចុះតម្លៃ​ពិសេស​ផង។ នៅ​ដើមខែ​ធ្នូ​កន្លងទៅ សាលាក្រុង​សៀមរាប​បានចេញ​លិខិត សុំ​បិទ​អាជីវ​កម្មនេះ​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការ​ស្ងប់​អារម្មណ៍​ពី​គ្រួសារ​សព​សិន ប៉ុន្តែ​រហូតមក​ថ្ងៃនេះ ក្លឹប​កម្សាន្ត ហ៊ី​ប ហ៊ប  ដែលមាន​ម្ចាស់​តែមួយ​នឹង​ក្លឹប​កម្សាន្ត ព្រីម​មៀរ ដ៏​ធំ​នោះ នៅតែ​បើក​លក់​ជាធម្មតា ដោយ​មិន​រវល់​នឹង​ការរិះគន់​អ្វី​ឡើយ៕







© រក្សាសិទ្ធិដោយ thmeythmey.com