ជាតិ
សង្គមជាតិ
​ស​ហ​ភា​ព​​អឺ​រ៉ុ​ប​​ប្រ​កា​ស​​​ប​ន្ថែ​ម​​​ថ​វិ​កា​​​ជា​ង​ ​៦​០​០​លា​ន​​​ដុ​ល្លា​រ​ ​ដើ​ម្បី​​គាំ​ទ្រ​​​វិ​ស័​យ​​​អ​ប់​រំ​​ក​ម្ពុ​ជា​
17, Dec 2014 , 4:57 pm        
រូបភាព
ដោយ:
នៅក្នុង​រយៈពេល ៦ឆ្នាំ គិត​ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០២០ សហភាព​អឺរ៉ុប​បានប្រកាស​ផ្តល់ បន្ថែម​ថវិកា ៥០០ លាន​អឺរ៉ូ ស្មើ​ជាង ៦០០លាន​ដុល្លា​អាមេរិក សម្រាប់​គម្រោង​បង្កើន ការគាំទ្រ​បន្ថែមទៀត​ដល់​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា។ នេះ​បើតាម​ការប្រកាស​របស់ លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នេះ។



ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ផ្តល់​ជំនួយឥតសំណង​ចំនួន ៣៧,៣លាន​អឺរ៉ូ សម្រាប់​កម្មវិធី​កំណែ ទម្រង់​ភាពជា​ដៃគូ​សហភាព​អឺរ៉ុប និង​កម្ពុជា ឆ្នាំ២០១៤ ដល់ ២០១៦ នា​ថ្ងៃទី១៧ ធ្នូ​នេះ លោក ហ្ស​ង់​ហ្រ​ង់​ស័​រ កូ​តាំង (Jean-Francois Cautain) បានប្រកាសថា នៅ​ថ្ងៃទី១៦ខែធ្នូ ម្សិលមិញ នេះ សហភាព​អឺរ៉ុប​បានសម្រេច​អនុម័ត​បន្ថែម​ថវិកា​ចំនួន ៥០០លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់ វិស័យ​អប់រំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០២០ ។ ថវិកា​ទាំងអស់ បានមកពី​ការបង់ពន្ធ របស់​ប្រជាជន​អឺរ៉ុប។

បើតាម​លោក​ឯកអគ្គរដ្ឋទូត មុននឹង​ឈានដល់​ការសម្រេច​ផ្តល់ជំនួយ​ថវិកា​នេះ សហភាព​អឺរ៉ុប បានធ្វើការ​វិនិច្ឆ័យ​លើ​ចំណុចសំខាន់ៗមួយចំនួន រួមមាន គោលនយោបាយ​លើ​វិស័យ​អប់រំ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការធានាបាន​នូវ​ម៉ាក្រូសេដ្ឋកិច្ច និង​តម្លាភាព​នៃ​ការ ចាយវាយ។

ចំពោះ​ការ​ផ្តល់ជំនួយ​បន្ថែម​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​សាទរ ហើយ​លោក​នឹងធ្វើ​ការចំណាយ​ថវិកា​នេះ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ពង្រឹង គុណភាព​អប់រំ​របស់​កម្ពុជា។
លោក​និយាយថា៖«យើង​នឹង​ជំរុញ​ការអប់រំ​កុមារ​តូច ៨០ភាគរយ ឲ្យ​បាន​ចូល​សិក្សា​កម្រិត ម​ត្តេ​យ្យ​សិក្សា។ ការពង្រឹង​គុណភាព​អប់រំ​ដោយ​បណ្តុះបណ្តាល​គ្រូបង្រៀន នាយក​សាលា និង ដើម្បី​កាត់បន្ថយ​ការបោះបង់ចោល​ការសិក្សា»។

ការប្រកាស​ផ្តល់​ថវិកា ៥០០អឺរ៉ូ​នេះ គឺ​សរុប​ជាមួយ​ថវិកា​ចំនួន ១៤០លាន​អឺរ៉ូ ដែល​សហភាព អឺរ៉ុប​បាន​គាំទ្រ​ក្នុង​វិស័យ​អប់រំ​កម្ពុជា​រួចមកហើយ សម្រាប់​ឆ្នាំ ២០១៤ ដល់ ២០២០ ដោយ​បូកសរុប​ជំនួយ​ទាំងអស់​មាន​ចំនួន ៥០០ លាន​អឺរ៉ូ៕


© រក្សាសិទ្ធិដោយ thmeythmey.com