ជាតិ
សង្គមជាតិ
អង្គការទស្សនៈពិភពលោកបង្ហាញពីភាពងាយរងគ្រោះនៃការធ្វើចំណាកស្រុក
× ការសិក្សាស្រាវជ្រាវរបស់អង្គការទស្សនៈពិភពលោក ដែលបានចេញនៅថ្ងៃទី១៧ធ្នូនេះ មុនទិវាអន្តរជាតិនៃការចំណាកស្រុក១៨ធ្នូ បានរកឃើញថា ជារឿយៗយុវជនតែងតែប្រថុយប្រថាន ធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ដើម្បីទទួលបានប្រាក់ខែខ្ពស់ ទោះបីជាពួកគេដឹងថា ពួកគេអាចធ្លាក់ចូលក្នុងការជួញដូរមនុស្ស ឬគ្រោះថ្នាក់ការងារក៏ដោយ។
របាយការណ៍មានឈ្មោះថា ភាពងាយរងគ្រោះ ជារបាយការណ៍ដែលបានបង្ហាញពីស្ថានភាពជួញដូរមនុស្ស នៅក្នុងតំបន់អនុតំបន់ទន្លេមេគង្គ។ របាយការណ៍នេះ បានសិក្សាថ្នាក់តំបន់លើកដំបូង ដែលគាំទ្រដោយសកលវិទ្យាល័យស្រាវជ្រាវមួយនៅប្រទេសអង់គ្លេស ក្នុងការស្រាវជ្រាវលើ កុមារ យុវជន និងមនុស្សធំជិត១០០០០នាក់ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នៅក្នុងរបាយការណ៍នោះ បានរកឃើញថា យុវជនដែលយល់ច្បាស់ពីវិធីបង្ការរបស់ខ្លួនកុំឲ្យធ្លាក់ចូលក្នុងការជួញដូរមនុស្ស ពួកគេរមែងទទួលបានការងារដែលមានលក្ខខណ្ឌល្អប្រសើរ និងប្រាក់ចំណូលគ្រប់គ្រាន់នៅក្រៅប្រទេស សម្រាប់ផ្ញើរមកគ្រួសារផងដែរ។
ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការយល់ដឹងតែមួយមុខពីហានិភ័យ ដែលបណ្ដាលមកពីការជួញដូរមនុស្ស គឺមិនអាចបញ្ឈប់មនុស្សប្រហែល៣ទៅ៥លាននាក់ នៅប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងមីយ៉ានម៉ា មិនឲ្យធ្វើការចំណាកស្រុក ដើម្បីរកការងារធ្វើនៅតាមប្រទេសជឿនលឿនបាននោះឡើយ។
លោក ចន វ៉ាន់យូន ប្រធានថ្នាក់តំបន់នៃគម្រោងបញ្ចប់ការជួញដូរមនុស្សរបស់អង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា យោងតាមភស្តុតាងជាក់ស្ដែង យើងអាចសន្មត់បានថា ការបង្ការចំណាកស្រុកដោយខុសច្បាប់ តាមរយៈការលើកកម្ពស់ការយល់ដឹងពីហានិភ័យបណ្ដាលមកពីការចំណាកស្រុកតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះឡើយ។ ជាលទ្ធផលយុវជននៅតែនបន្ដចំណាកស្រុកដដែល។ លោកបានបន្ថែមថា៖« ការលើកកម្ពស់ចំណេះដឹងស្ដីពីហានិភ័យនៃការចំណាកស្រុក គួរតែត្រូវបានជំនួសដោយការលើកកម្ពស់វិធានការដូចជា ការធ្វើដំណើរដោយភ្ជាប់ជាមួយឯកសារឆ្លងដែនខុសច្បាប់ និងភ្ជាប់ជាមួយលេខទូរស័ព្ទក្រុមគ្រួសារជាដើម។
ជាមួយគ្នានេះអង្គការទស្សនៈពិភពលោក បាននិងកំពុងជាមួយក្រុមយុវជន កុមារ នៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ានម៉ា ដើម្បីផ្ដល់នូវចំណេះដឹងទៅដល់ពួកគេជុំវិញការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងរបៀបការពារខ្លួនគេចពីការកេងប្រវ័ញ្ចនិងការជួញដូរមនុស្សផ្សេង៕
© រក្សាសិទ្ធិដោយ thmeythmey.com