ជាតិ
សង្គមជាតិ
អ្នក​ភូមិ​រកា​ទាំង​២៧០៦នាក់ នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​
17, Dec 2014 , 8:58 pm        
រូបភាព
រូបថត៖ ផ្តល់​ដោយ ឌុង វិរដ្ឋា
រូបថត៖ ផ្តល់​ដោយ ឌុង វិរដ្ឋា
ក្រុម​គ្រូពេទ្យ​នឹង​បន្ត​ធ្វើតេស្ត​រក​មេរោគអេដស៍​លើមនុស្ស​ក្នុង​ភូមិ​រកា​នៃស្រុក​សង្កែ​ទាំង​២៧០៦​នាក់ ដើម្បី​អាច​ស្វែង​រក​ចំនួន​ជាក់លាក់​ពិត​ប្រាកដ​នៃ​អ្នកឆ្លងមេរោគ​អេដស៍ដោយ​មិន​ដឹងខ្លួន​នោះ។ នេះ​បើតាម​ការ​អះអាង​របស់​លោក​វេជ្ជ​បណ្ឌិត តែង គន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដែល​បញ្ជាក់​ផងដែរ​ថា អ្នកភូមិ​ក៏​មាន​និន្នាការ​ស្ម័គ្រ​ចិត្ត​​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​នេះ​ផងដែរ។


ទាក់ទងនឹង​ស្ថានភាព​ធ្វើតេស្តឈាម​អ្នកភូមិ​រកា លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​យប់ថ្ងៃ​ពុធទី​១៧​ខែធ្នូ​នេះ​យ៉ាង​ដូច្នេះថា៖«គិត​មកដល់​ត្រឹម​ម៉ោង​៥កន្លះ​ល្ងាច​ថ្ងៃ​ពុធនេះ ចំនួន​អ្នកមក​ធ្វើ​តេស្ត​ឈាម​បាន​ឡើង​ដល់​៨៩៥​នាក់ ហើយអ្នកឆ្លងមេរោគអេដស៍​មាន​១០៦នាក់»។

ចំនួន​អ្នក​ឆ្លង​មេរោគអេដស៍​បាន​កើនឡើង​រាល់ថ្ងៃ។ កាលពី​ថ្ងៃអង្គារ​ ចំនួន​អ្នកឆ្លងមេរោគ​អេដស៍​មាន​ត្រឹម​តែ​៨២​នាក់​ ក្នុង​នោះមាន​កុមារ​១៤​នាក់។

នៅពេល​ដែល​អ្នកភូមិ​ និង​គ្រូពេទ្យ​បាន​ដាក់ការ​សង្ស័យ​ខ្លាំង​ទៅលើ​គ្រូពេទ្យ​ឯកជន​ម្នាក់​នៅ​ក្នុង​ភូមិ​រកា ដែល​អាច​ប្រើ​សឺរ៉ាំង​​តែ​មួយ​លើ​អ្នកជំងឺ​ផ្សេងៗ​បន្តបន្ទាប់គ្នា​នោះ អគ្កលេខាធិការនសអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​ នៅតែ​បន្ត​ស្វែង​រក​ភស្តុតាង និង​មូលហេតុដ៏មាន​ទំងន់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ ដើម្បី​​បញ្ជាក់​អំពី​ការ​ឆ្លង​រាលដាល​នៃ​មេរោគអេដស៍​ក្នុង​ចំណោម​អ្នកភូមិ​រកានេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com