សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីចិន Jack Ma ជាបុគ្គលដែលរកលុយបានច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៤
× ស្ថាបនិកនិងជានាយកប្រតិបត្តិផ្សារលក់ទំនិញអនឡាញ Alibaba ដ៏ធំបំផុតរបស់ចិនគឺ លោក Jack Ma បានក្លាយជាមនុស្ស ដែលអាចស្វែងរកប្រាក់ចំណូលបានច្រើនជាងគេបំផុត នៅក្នុងពិភពលោកក្នុងឆ្នាំ ២០១៤ នេះ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ សហគ្រាសស្រាវជ្រាវ Wealth-X ។
បើតាមទិន្នន័យដដែលនោះ ទ្រព្យសម្បត្តិសរុបរបស់ លោក Jack Ma បានកើនឡើងពី ១៨,៥ពាន់លានដុល្លារ ដល់ ២៩,២ ពាន់លានដុល្លារនៅត្រឹមចុងខែធ្នូនេះ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ១៧៣ ភាគរយ ច្រើនជាងប្រាក់ចំណូលរបស់មនុស្សផ្សេងទៀត នៅលើពិភពលោក។
ការកើនឡើងនៃទ្រព្យសម្បត្តិសរុបរបស់ លោក Jack Ma គឺនៅក្រោយពេលដែលលោក បានសម្រេចដាក់លក់ភាគហ៊ុនរបស់ Alibaba ទៅក្នុងទីផ្សារហ៊ុនអាមេរិក New York Stock Exchange ។ បន្ទាប់ពីភាគហ៊ុនរបស់លោកបានបន្តឡើងថ្លៃជាបន្តបន្ទាប់មកនោះ លោក Jack Ma បានក្លាយជាមហាសេដ្ឋីទីមួយ នៅក្នុងប្រទេសចិន។
ទិន្នន័យពី Wealth-X ក៏បានបង្ហាញថា លោក Warren Buffett ក្លាយជាបុគ្គលទីពីរដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេ នៅក្នុងឆ្នាំ២០១៤ នេះ ខណៈពេលដែលលោក Bill Gates ស្ថិតនៅចំណាត់ថ្នាក់ទី៣ និងលោក Mark Zuckerberg ស្ថិតនៅចំណាត់ថ្នាក់ទី៤ នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com