អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះ​ចម្បាំង​អាមេរិក​សម្លាប់​មេដឹកនាំ​រដ្ឋ​ឥស្លាម​ជាច្រើន​នាក់
19, Dec 2014 , 4:11 pm        
រូបភាព

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាសថា យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​បន្ត​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ បានសម្លាប់​សមាជិក​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ជាច្រើន​នាក់​ជាពិសេស​មន្ត្រីជាន់ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ការប្រកាស​របស់​សហ​រដ្ឋ​អាមេរិក​កើតមាន​ឡើង​ស្រប​ពេលដែល​សម្ព័ន្ធ​អន្តរជាតិ​បង្កើន​ការវាយប្រហារ​សន្ធប់​លើ​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​កងកម្លាំង​ឃឺ​ត​ដ​ណើ្ត​ម​បាន​ទីតាំង​ច្រើន​មកវិញ​នៅតាម​ព្រំដែន​ស៊ី​រី​ពី​ក្រុម​ឧទ្ទាម។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បានអោយដឹងថា រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កង​ម្លាំ​ង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​យុទ្ធនាការ​យោធា​ផ្លូវអាកាស​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់។ ក្រុង​វ៉ាស៊ីនតោន​អះអាង​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​ការតាមប្រមាញ់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ស្រប​ពេលដែល​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន ហើយ​ក្រុម​កងកម្លាំង​ឃឺ​ត​ក៏បាន​ដណ្តើម​ទឹកដី​ជាច្រើន​មកវិញ​ផងដែរ។

អ្នកនាំពាក្យ​ក្រុង​វ៉ាស៊ីនតោន​លោក John Kirby បាន​បញ្ជាក់ថា ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​កង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក អាចមាន​លទ្ធភាព​វាយប្រហារ​ចំ​គោលដៅ ដែល​សម្លាប់់​បាន​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ច្រើន​នាក់​រួមទាំង​មន្ត្រីជាន់ខ្ពស់​ផងដែរ។ អ្នកនាំពាក្យ​ខាងលើ​បាន​សង្កត់ធ្ងន់ថា ការបាត់បង់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​រដ្ឋ​ឥស្លាម​នេះ នឹងធ្វើ​អោយ​ក្រុម​រដ្ឋ​ឥស្លាម​ចុះខ្សោយ​និង​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ប្រឆាំងនឹង​កងកម្លាំង​អ៊ីរ៉ាក់ ឬ​ក្រុម​កងកម្លាំង​ឃឺ​ត​ដូច​មុន​ឡើយ។

ការធ្វើអោយ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ចុះខ្សោយ គឺ​ជួយ​បើកផ្លូវ​ដល់​កងកម្លាំង​ឃឺ​ត និង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​វាយ​ដណ្តើមយក​ទឹកដី​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ដែល​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ស៊ី​រី​នោះ។ 

ការទម្លាក់​គ្រាប់បែក​ដោយ​សង្គ្រាម​ផ្លូវអាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ កើត​ច្រើនជាងគេ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ប៉ុន្តែ​សហរដ្ឋអាមេរិក​មិនបាន​បញ្ជាក់​អោយ​ច្បាស់​ទេ​ថា តើ​មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ទាំងនោះ​ត្រូវបាន​សម្លាប់​នៅ​តំបន់​ណា​នោះឡើយ ប៉ុន្តែ​គេ​ពិតជា​មើលឃើញថា​កងកម្លាំង​ឃឺ​ត​បាន​បើក​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម និង​ដណ្តើម​ទឹកដី​មកវិញ​បាន​ច្រើន​នៅ​តំបន់ Sinjarជាប់​ព្រំដែន​ស៊ី​រី។

ដោយឡែក​មន្ត្រី​សហរដ្ឋអាមេរិក​បានបង្ហាញ​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្រុម​រដ្ឋ​ឥស្លាម​បីនាក់​ដែល​ត្រូវបាន​សម្លាប់ ក្នុងនោះ​មាន​ម្នាក់​ជា​អនុប្រធាន​ក្រុម​បន្ទាប់ពី​មេដឹកនាំ Abu Bakr al Baghdadi ថែម​ទៀតផង។ យ៉ាងណាក៏ដោយ ក្រៅពី​មន្ត្រីជាន់ខ្ពស់​បំផុត​រប​ស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម គេ​ក៏​ទទួលបាន​ដំណឹង​ដែរ​ថា មេដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​ដែល​ដើរតួនាទី​សំខាន់​ក្នុ្ង​ង​ចលនា​ភេរវកម្ម​នេះ ក៏​ត្រូវបាន​កម្ទេចចោល​ដោយ​យុទ្ធនាការ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ផងដែរ។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក​បានសម្រេច​ធ្វើសង្គ្រាម​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​តាំងពី​ខែសីហា​មកម្ល៉េះ ហើយ​សង្គ្រាម​នេះ​ត្រូវបាន​ពង្រីក​ដល់​ទឹកដី​ស៊ី​រី​នៅ​ចុងខែ​កញ្ញា ប៉ុន្តែ​អាមេរិក​បាន​រង​ការរិះគន់​ដោយ​វាយប្រហារ​ក្នុង​ទឹកដី​ស៊ី​រី​ដោយ​គ្មាន​ការអនុញ្ញាត​ពី ម្ចាស់ផ្ទះ។ ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន ចាប់តាំងពី​ឆ្នាំ ២០០១មក អាមេរិក​បាន​ប្រើប្រាស់​ការវាយប្រហារ​ដោយ​កំណត់​គោលដៅ តែ​លើ​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​ភេរវជន និង​ភាគច្រើន​អាមេរិក​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដោយ​បញ្ជា​តែប៉ុណ្ណោះ។



© រក្សាសិទ្ធិដោយ thmeythmey.com