អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​គុយបា​អាចធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​ក្រោយ​ភ្ជាប់​ទំនាក់ទំនង​ការទូត
19, Dec 2014 , 4:16 pm        
រូបភាព

ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) ប្រហែលជា​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ កាន់​ក្រុង​វ៉ាស៊ីនតោន និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅពេល​ខាងមុខ។ ការឈាន​ទៅដល់​មាន​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​ប្រទេស​សង្គមនិយម​អាមេរិក​ឡាទីន​នេះ កើត ឡើង​ក្រោយ​ពេលដែល​គុយបា​និង​អាមេរិក​ប្រកាស​បញ្ចប់​ភាពជា​សត្រូវ​ជាមួយគ្នារ​យៈ​ពេល​ជាង៥ទសវត្ស​មកនេះ។ 


ខន ចំប៉ា រាយការណ៍



ប្រធានាធិបតី​គុយបា​អាច​នឹងធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះ ដើម្បី​ជួប ពិ ភា​ក្សា និង​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​អាមេរិក​ខាងជើង​និង​អាមេរិក​ឡាទីន​មួយ​នេះ។ ការលើកឡើង​ពី​លទ្ធ ភាព​នៃ​ការ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ មកកាន់​ទឹកដី​អាមេរិក កើតមានឡើង​មួយថ្ងៃ ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ឯកភាព​ផ្សាភ្ជាប់ ចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ​ក្រោយ​កាត់ផ្តាច់​អស់​ជាង៥ស​វត្ស​មកហើយ​នោះ។

មន្ត្រីជាន់ខ្ពស់ ប្រចាំ​សេត​វិមាន​អាមេរិក បានអោយដឹងថា​សេត​វិមាន​អាមេរិក រួមទាំង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​នោះ រីករាយ​ក្នុង​ការទទួល​បដិសណ្ឋារកិច្ច​របស់​ប្រមុខរដ្ឋ​គុយបា ដូច​មេដឹកនាំ​ប្រទេស​ដទៃ​ដែរ ហើយ​លោក ប្រធានាធិបតី អូ​បា​ម៉ា​ក៏​អាច​នឹងមាន​ដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​គុយបា​ដែរ។ ប៉ុន្តែ​មិនមាន​កាល វិភាគ ណាមួយ​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក​ឡើយ។

យ៉ាងណាក៏ដោយ​មានមតិ​មួយចំនួន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​គុយបា និង​លទ្ធភាព​នៃ​ការផ្លាស់ ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ។ បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នេះ​មិនមែនជា ឧបសគ្គ​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ទាំង​នោះឡើយ ហើយ​សេត​វិមាន​អាមេរិក​បើកទ្វារ​ស្វាគមន៍​មេ​ដឹក​គុយបា​គ្រប់ពេល។   អ្នកនាំពាក្យ​ខាងលើ​បាន​សង្កត់ធ្ងន់ថា វា​មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​មេដឹកនាំ​គុយបា​អាចមក​ទស្សនកិច្ច​នៅក្នុង​ទឹកដី​អាមេរិក ព្រោះ​កន្លងមកនេះ​បណ្តា​មេដឹកនាំ​ប្រទេស​ជាច្រើន​នាក់​រួមមាន​ទាំង មេដឹកនាំ​ចិន និង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ក៏​ធ្លាប់​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​សហរដ្ឋអាមេរិក​ផងដែរ។ 

នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន ABC កាលពីថ្មីៗនេះ លោក អូ​បា​ម៉ា ក៏​មិនបាន​បដិសេធ​ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​គុយបា​ដែរ ប៉ុន្តែ​លោក​បញ្ជាក់ថា​បច្ចុប្បន្ននេះ​លោក​មិនមាន​គម្រោង​ច្បាស់​លា​ល់​ដើម្បី​ទៅ​ទស្សនកិច្ច​នៅ​គុយបា​នៅឡើយ​ទេ។ លោក​រង់ចាំ​មើល​ការ​វិ​វ​ត្តិ​ន៍ រួម​នៃ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃឺ​រី គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហា​វ៉ា​ណា​នា ពេលខាងមុខ​ដើម្បី​ពិភាក្សា​ពី​ការផ្សះផ្សា​ទំនាក់ទំនង​ការទូត និង​បើក​ស្ថានទូត​អាមេរិក​ឡើងវិញ​នៅ​ទីនោះ។

សហរដ្ឋអាមេរិក និង​ប្រទេស​គុយបា បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ១៩៦១ ដោយ​សហរដ្ឋអាមេរិក​បាន​បិទ​ស្ថានទូត​ខ្លួន​ប្រចាំ​ទីក្រុង​ហា​វ៉ា​ណា និង​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​គុយបា ក្រោយ​ចលនា​បដិវត្តន៍​ដឹកនាំ​ដោយ​លោក ហ្វី​ដែល កា​ស្ត្រូ ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​គាំទ្រ​ដោយ​ក្រុង​វ៉ាស៊ីនតោន។ ក្រោយ​ចលនា​បដិវត្តន៍ គុយបា​បាន​ក្លាយជា​រដ្ឋ​សង្គមនិយម​រណប​សហ​ភាព​សូ​វៀត។ ខណៈដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ត្រូវបាន​កាត់ផ្តាច់ សភា​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​និង​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​គុយបា ដែល​ធ្វើអោយ​ប្រទេស​នេះ​ប្រឈមមុខ​នឹង​វិបត្តិ ហើយ​សេដ្ឋកិច្ច​រីកលូតលាស់​យឺតយ៉ាវ​បំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com