អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​អាច​ទ្រាំទ្រ​បានយូរ​កម្រិតណា​ចំពោះ​វិបត្តិ​បង្កឡើង​ដោយ​ទណ្ឌកម្ម​លោកខាងលិច?
19, Dec 2014 , 4:42 pm        
រូបភាព
សហភាព​អឺរ៉ុប​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​រុក​គួ​ន​សេដ្ឋកិច្ច​រុស្ស៊ី​ដែល​កំពុងមាន​បញ្ហា​ស្រាប់។ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​របស់លោក​ខាងលិច​នៅពេលនេះ​ហាក់បីដូច​ជាមាន​ឥទ្ធិពល ហើយ​បច្ចុប្បន្ន​រុស្ស៊ី​ប្រឈមមុខ​ជាមួយ​ការខាតបង់​ដោយ​តម្លៃ​ប្រេង​ពិភពលោក​បន្ត​ចុះថ្លៃ​ផងដែរ។ក្រៅពី​ខាតបង់​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង បញ្ហា​សេដ្ឋកិច្ច​ផ្សេងទៀត​ដែល​រុស្ស៊ី​ប្រឈម​រួមមាន ការរត់​ចេញ​នៃ​ទុនវិនិយោគ តម្លៃ​រូបី​យ​វត្ថុ​ធ្លាក់ចុះ ហើយ​ម្សិលមិញ​នេះ​សហភាព​អឺរ៉ុប​បាន​ហាមប្រាម បណ្តា​អ្នកវិនិយោគ និង​ក្រុមហ៊ុន​អឺរ៉ុប ចំពោះ​ការវិនិយោគ​នៅ​តំបន់​ស្វយ័ត​ដែល​រុស្ស៊ី​ក្រសោប​យក​កាលពី​ខែ​មិនា​កន្លងទៅ។ យ៉ាងណាក៏ដោយ​បុរស​ខ្លាំង​រុស្ស៊ី​លោក​វ៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាក់ថា​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​រុស្ស៊ី​ប្រឈម​បញ្ហា​បែបនេះ ហើយ​រុស្ស៊ី​អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ​បាន​ក្នុង​រយៈពេល​ត្រឹម​ពីរ​ឆ្នាំ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖



ក្រោយ​លូកដៃ​ករ​កូក​កាយ​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​និ និង​ក្រសោប​យក​ទឹកដី​ស្វយ័ត Crimea កាលពី​ខែ​មិនា​កន្លងទៅ ទំនាក់ទំនង​រុស្ស៊ី​និង​លោកខាងលិច​បាន​វិវត្តន៍​មករក​ភាពល្អក់​ករក និង​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បន្ត​ចោទប្រកាន់ថា រុស្ស៊ី​នេះ​ជា​អ្នក​បង្កបញ្ហា​នៅ​អ៊ុយ​ក្រែ​ន ដោយ​បន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ហើយ​បណ្តា​ប្រទេស​ទាំងអស់នេះ​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាច្រើន​ជំហាន​ដើម្បី​ដាក់​សម្ភា​ធ​លើ​ក្រុង​ម៉ូស្គូ។ មកទល់​ពេល​បច្ចុប្បន្ននេះ គេ​សម្លឹង​ឃើញថា ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​លោកខាងលិច​លើ​វិស័យសំខាន់ៗមាន​វិស័យ​ថាមពល ហិរញ្ញវត្ថុ និង​ការពារជាតិ​ជាដើម​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រុស្ស៊ី កំពុងមាន​ឥទ្ធិពល ដែល​បណ្តាលអោយ​សេដ្ឋកិច្ច​រុស្ស៊ី​ឈានទៅ​ជួប​វិបត្តិ។ តម្លៃ​រូបី​យ​វត្ថុ​រុស្ស៊ី​បន្ត​ធ្លាក់​ថ្លៃ ទុនវិនិយោគ​នៅក្នុង​រុស្ស៊ី​បន្ត​ហោះ​ចេញ​ដោយសារ​ទណ្ឌកម្ម ហើយ​បច្ចុប្បន្ននេះ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​នោះ​បន្ត​ធ្លាក់​ថ្លៃ​យ៉ាង​កំ​ហុគ​ទៀត។ រុស្ស៊ី​ដែល​សេដ្ឋកិច្ច​របស់ខ្លួន​ភាគ​ច្រើន​ពឹង​ផ្អែកលើ​ការនាំចេញ​ថាមពល​មាន​ប្រេង ឧស្ម័ន​នោះ​កំពុងតែ​ខាតបង់​យ៉ាងដំណំ។

នៅពេលនេះ គ្រប់គ្នា​កំពុង​ផ្តោត​ការចាប់អារម្មណ៍​លើ​ការធ្លាក់ចុះ​យ៉ាង​កំ​ហុគ​នៃ​តម្លៃ​ប្រេង​លើ​ឆាក​អន្តរជាតិ ដ្បិដ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​កំពុង​ធ្វើអោយប៉ះពាល់​ដល់​បណ្តា​ប្រទេស​ផលិត​ប្រេង​មាន​ទាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា អ៊ីរ៉ង់ និង​រុស្ស៊ី​ជាដើម។បច្ចុប្បន្ននេះ​តម្លៃ​ប្រេង​ធ្លាក់​ចុះមក​ត្រឹមតែ៦៣ដុល្លារ​ក្នុង​មួយ​បារ៉ែល​ប៉ុណ្ណោះ​ដែល​តម្លៃ​នេះ​ជាត​ម្លៃ​ទាប​បំផុត​មួយ។ តាមពិតទៅ​រុស្ស៊ី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ផលិត​និង​នាំ​ប្រេង​ចេញ​ច្រើនជាងគេ ដែល​គិត​ជា​មធ្យម​ស្មើ ១៧ភាគរយ​នៃ​ចំនួន​ប្រេង​ដែល​នាំចេញ​សរុប ហើយ​ចំនូល​សេដ្ឋកិច្ច​រុស្ស៊ី​នេះ​ក៏​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ថាមពល​ឧស្ម័ន​និង​ប្រេង។ បើ​តម្លៃ​ប្រេង​កាន់​ធ្លាក់ចុះ រឿង​អី​រុស្ស៊ី​មិន​ខាតបង់​ធ្ងន់ធ្ងរ។

ឆ្លើយតប​នឹង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ នៅក្នុង​សន្និសីទ​សារព័ត៌មាន បុរស​ខ្លាំង​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី បាន​អះអាងថា តម្លៃ​ប្រេង​ធ្លាក់ចុះ​កើតឡើង​ដោយ​ការសហការ​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​សម្បូរ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គេ​បំណង​ពួកគេ​ធ្វើអោយ​រុស្ស៊ី​ធ្លាក់​ចូលក្នុង​វិបត្តិ។ ការលើកឡើង​របស់​មេ​ដឹកនាំ​រុស្ស៊ី​ទំនង​ដែរ ដ្បិដ​ក្នុងនាម​ជា​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ​មានតែ អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុណ្ណោះ ដែល​បដិសេធ​កាត់បន្ថយ​ការផលិត​ប្រេង​ដើម្បីអោយ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ ហើយ​យុទ្ធសាស្ត្រ​បែបនេះ​គេ​ធ្លាប់​ឃើញ​អា​រ៉ា់​ប៊ី​សា​អូ​ឌិ​ត​ធ្លាប់ប្រើ​អំឡុង​សង្គ្រាមត្រជាក់​ប្រឆាំងនឹង​សហភាពសូវៀត។ អា​រ៉ា​ប៊ី​សា​អូឌីត ប្រហែលជា​ចង់​សងសឹក​រុស្ស៊ី​ដែល​តែ​គាំទ្រ​រដ្ឋាភិបាល​លោក អាសាដ និង​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ ប៉ុន្តែ​កុំភ្លេចថា ការទម្លាក់​តម្លៃ​ប្រេង​នេះ​ក៏​ផ្តល់​ការប៉ះពាល់​ខ្លាំង​ដល់​សហរដ្ឋអាមេរិក​ផងដែរ។ អ្នកវិភាគ​សេដ្ឋកិច្ច​វាយតម្លៃថា ប្រសិនជា​ប្រេង​បន្ត​ធ្លាក់​ថ្លៃ​នៅត្រឹម៦០ដុល្លារ​ក្នុង​មួយ​បារ៉ែល ផលិតផល​ក្នុងស្រុក​សរុប​របស់​រុស្ស៊ី​នឹង​ធ្លាក់ចុះ​យ៉ាងតិច ៤.៥ភាគរយ។

យ៉ាងណាក៏ដោយ បើទោះជា​ទណ្ឌកម្មមុនៗ កំពុង​រុក​គួ​ន​សេដ្ឋកិច្ច​រុស្ស៊ី​ក៏ដោយ​ក្តី ក៏​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅតែ​បន្ត​ពិភាក្សាគ្នា​លើ​ការបន្ត​ដាក់ទណ្ឌកម្ម​ច្រើនជាង​មុន ប្រឆាំង​រុស្ស៊ី​ដ​ដែរ។ សហភាព​អឺរ៉ុប​កាលពី​ម្សិលមិញ​នេះ បានសម្រេច​ហាមឃាត់​រាល់​អ្នកវិនិយោគ ឬ​ក្រុមហ៊ុន​អឺរ៉ុប មិនអោយ​ចូលទៅ​វិនិយោគ​នៅ​តំបន់​ស្វយ័ត Crimea ដែល​នេះ​ជាការ​រឹ​បន្តឹង​វិធានការ​និង​គោលនយោបាយ​សហភាព​អឺរ៉ុប​ដែល​មិន​ទទួលស្គាល់​ការ​លេប​យក​ទឹកដី Crimea ដោយ​ខុសច្បាប់។ វិធានការ​ថ្មី​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះ  និង​ត្រូវបាន​សម្រេច​ដោយ មេដឹកនាំ​ប្រទេស​ទាំង២៨ ដែល​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល​ដោយ​ផ្តោតលើ​បញ្ហា​ច្រើន​នៅ​សហភាព​អឺរ៉ុប។  ចំណែក​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​ឯណោះ​វិញ កំពុង​ត្រេកអរ​ពេល​ឃើញ​រុស្ស៊ី​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ក្នុង​សប្តាហ៍​នេះ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​អនុម័ត​ដោយ​សភា ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី​ថែមទៀត​ប្រឆាំង​វិស័យសំខាន់ៗរបស់​រុស្ស៊ី។

 ទោះបីជា​គ្រប់គ្នា​មើលឃើញថា រុស្ស៊ី​ប្រឈមមុខ​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ ក៏​លោក ពូ​ទីន បាន​បដិសេធថា បញ្ហា​សេដ្ឋកិច្ច​រុស្ស៊ី​មិនមែនជា​វិបត្តិ​ឡើយ ហើយ​លោក​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា រុស្ស៊ី​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ។ ការ​ថ្លែង​បែបនេះ​ប្រហែល​មិនមែន​ត្រឹមតែ​លើកទឹកចិត្ត​ខ្លួនឯង និង​ជំរុញ​ស្មារតី​ជាតិនិយម​របស់​ប្រជាជន​រុស្ស៊ី​អោយ​បន្ត​គោលនយោបាយ​ការបរទេស​របស់លោក​ប៉ុណ្ណោះ​ទេ តែ​ប្រហែលជា​លោក ពូ​ទីន អាចមាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​បច្ចុប្បន្ន​បាន​នាពេលខាងមុខ។  លោក ពូ​ទីន បាន​បញ្ជាក់ថា នេះ​មិនមែនជា​រឿង​ថ្មី​ទេ​ដែល​រុស្ស៊ី​ប្រឈមមុខ​បញ្ហាលំបាក​បែបនេះ តែ​រុស្ស៊ី​អាចឈរជើង​ជាប់​និង​ដោះស្រាយ​បញ្ហា​បាន​ជោគជ័យ។ យ៉ាងណាក៏ដោយ​លោកពូ​ទីន បាន​ឆ្លៀតឱកាស​លើកឡើង​ពី​គោលនយោបាយ​របស់លោក​ដោយ​សង្ខេប ដើម្បី​ឆ្លើយតប​នឹង​ប​ញ្ហ​សេដ្ឋកិច្ច​ដែល​រួមរឹត​ដោយ​ទណ្ឌកម្ម​លោកខាងលិច និង​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង។ វិធានការ​ទីមួយ​លោកពូ​ទីន​ជំរុញអោយមាន​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដោយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង​និង​ឧស្ម័ន ហើយ​វិធានការ​បន្ទាប់មកទៀត​លោកពូ​ទីន ក៏​លើកឡើង​ពី​ការបង្កើន​តួនាទី​និង​ការទទួលខុសត្រូវ​រប​ស់​ធនាគារកណ្តាល និង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ក្នុងការ​ត្រួតពិនិត្យ​គោលនយោបាយ​រូបី​យ​វត្ថុ និង​ផែនការ​ចំណូល​ចំណាយ​របស់​រដ្ឋ ដើម្បី​ធានា​អោយបាន​នូវ​វិបុលភាព​នៃ​សង្គម។ គេ​មិន​ច្បាស់​ថា​តើ​លោកពូ​ទីន អាច​សម្រេច​ជោគជ័យ​ក្នុង​ការស្តារ​សេដ្ឋកិច្ច​រុស្ស៊ី​ទប់ទល់​ទណ្ឌកម្ម​លោកខាងលិច ដោយ​មិន​កែប្រែ​គោលនយោបាយ​លោក​ចំពោះ​អ៊ុយ​ក្រែ​ន ព្រោះ​ការខាតបង់​របស់​រុស្ស៊ី​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាប្រិយភាព​ក្នុង​វិស័យ​នយោបាយ​រុស្ស៊ី​មិនអាច​ប្រកែក​បានឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com