អន្តរជាតិ
សមាជិកសភាគុយបាគាំទ្រការភ្ជាប់ចំណងការទូតវិញជាមួយអាមេរិក
× សភាគុយបាបោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់អស់ពេលជាង ៥ទសវត្ស ប៉ុន្តែទំនាក់ទំនងនេះបានត្រលប់មករកប្រក្រតីវិញក្រោយមានការពិភាក្សាគ្នារវាងមេដឹកនាំគុយបានិងអាមេរិក និងមានការដោះដូរអ្នកទោសរវាងប្រទេសទាំងពីរ។
សភាគុយបានសម្រេចបោះឆ្នោតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយដែលភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញជាមួយសហរដ្ឋអាមេរិកកាលលពីម្សិលមិញនេះ។ គេសង្កេតឃើញសមាជិកសភាភាគច្រើនលើសលុបបានបង្ហាញការគាំទ្រកិច្ចព្រមព្រៀងភ្ជាប់ចំណងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងស្តារឡើងវិញនូវចំណងការទូតទ្វេភាគីនេះកើតមានឡើងនៅពេលដែលមេដឹកនាំប្រទេសទាំងពីរលោក បារ៉ាក់ អូបាម៉ា និងលោក រ៉ាអ៊ូលកាស្ត្រូ កាលពីថ្ងៃពុធកន្លងទៅនេះ។ សភាគុយបា តាមពិតទៅមិនមានគណបក្សប្រឆាំងឡើយ ហើយសភានេះរៀបចំកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ។
ក្នុងកិច្ចប្រជុំដែលមិនបើកចំហរដល់បណ្តាអ្នកសារព័ត៌មានបរទេសនោះ បានផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច និងបញ្ហាបំណុលសាធារណរបស់គុយបា ហើយគេដឹងថា គុយបានេះកំពុងត្រូវការប្រាក់កម្ចីបរទេសថែមទៀតផង។ នៅក្នុងកិច្ចប្រជុំសភាគុយបា គេឃើញលោក រ៉ាអ៊ូល កាស្ត្រូ ធ្វើជាប្រធាននៃកិច្ចប្រជុំ ដោយក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសសង្គមនិយមមួយនេះ ជាមួយមហាអំណាចអាមេរិកខាងជើង។ យ៉ាងណាមិញនៅក្នុងកិច្ចប្រជុំនោះគេឃើញមានវត្តមានក្រុមចារកម្មគុយបា ដែលត្រូវបានចាប់ខ្លួននិងឃុំឃាំងដោយរដ្ឋាភិបាលអាមេរិក ហើយពួកគេពីរនាក់ត្រូវបានអាមេរិកដោះលែងជាថ្នូរនិងការដោះលែងជនជាតិអាមេរិកអាមេរិក។
យ៉ាងណាក៏ដោយ បើទោះជាមានការផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរក៏ដោយ គេនៅផ្តោតការចាប់អារម្មណ៍លើការដកទណ្ឌកម្មនិងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោនប្រឆាំងគុយបា។ ប្រជាជនគុយបារំពឹងយ៉ាងមុតមាំថា ការស្តារឡើងវិញនូវទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនឹងជំរុញអោយសហរដ្ឋអាមេរិកដកការហ៊ុំព័ទ្ធសេដ្ឋកិច្ចចេញ ព្រោះការដកទណ្ឌកម្មនេះនឹងធ្វើអោយសេដ្ឋកិច្ចគុយបារីកលូតលាស់រហ័ស និងធ្វើអោយជីវភាពរស់នៅប្រជាជនកាន់តែល្អប្រសើរ។
សហរដ្ឋអាមេរិក និងប្រទេសគុយបា បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នានៅក្នុងឆ្នាំ ១៩៦១ ដោយសហរដ្ឋអាមេរិកបានបិទស្ថានទូតខ្លួនប្រចាំទីក្រុងហាវ៉ាណា និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសគុយបា ក្រោយចលនាបដិវត្តន៍ដឹកនាំដោយលោក ហ្វីដែល កាស្ត្រូ ដើម្បីផ្តួលរំលំរបបដឹកនាំគាំទ្រដោយក្រុងវ៉ាស៊ីនតោន ។ ក្រោយចលនាបដិវត្តន៍ គុយបាបានក្លាយជារដ្ឋសង្គមនិយមរណបសហភាពសូវៀត។ ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ សភាសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មនិងហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា ដែលធ្វើអោយប្រទេសនេះប្រឈមមុខនឹងវិបត្តិ ហើយសេដ្ឋកិច្ចរីកលូតលាស់យឺតយ៉ាវបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com