អន្តរជាតិ
កូរ៉េខាងជើង​រិះគន់ UN និង​សន្យា​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ
21, Dec 2014 , 5:20 pm        
រូបភាព
កូរ៉េខាងជើង​បាន​ថ្លែង​រិះគន់​អង្គការសហប្រជាជាតិ​ដែល​បន្ត​ទាមទារ​អោយមាន​ការបញ្ជូន​សំណុំរឿង​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ក្រៅ​ព​រិះគន់​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏បាន​ព្រមាន​ថា ខ្លួន​នឹង​បន្ត​ការបង្កើន​សមត្ថភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នាពេលខាងមុខ។


សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ៖


រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​រិះគន់​អង្គការសហប្រជាជាតិ​ដែល​បន្ត​ទាមទារ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ កូរ៉េខាងជើង​ហាក់បីដូច​ជា​ខឹងសម្បារ​អង្គការសហប្រជាជាតិ​ជាខ្លាំង​ដោយ​ប្រកាសថា​ខ្លួន​បន្ត​បង្កើន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នាពេលខាងមុខ​បន្ថែមទៀត។ មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានអនុម័ត​ដំណោះស្រាយ​មូ​យ​ដែល​ស្នើសុំ​អោយមាន​ការបញ្ជូន​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រមទាំង​ពិចារណា​លើ​ការរៀបចំ​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ថែមទៀត​ផង។

ឆ្លើយតប​នឹង​ដំណោះស្រាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថា ដំណោះស្រាយ​អង្គការសហប្រជាជាតិ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​លោកខាងលិច​ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​តែប៉ុណ្ណោះ។ កូរ៉េខាងជើង​តែងតែ​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក ថា​ព្យាយាម​ធ្វើយ៉ាងណា​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ដោយ​ប្រើ​ស្តង់ដា​ពីរ​ជាន់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​កូរ៉េខាងជើង​ក៏បាន​ស្នើ​សុំអោយ​អង្គការសហប្រជាជាតិ​ពិចារណា​សំណុំរឿង​ធ្វើ​ទារុណកម្ម​របស់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​រយៈពេល​ប៉ុន្មាន​ក្រោយ​ព្រឹ​ត្ត​ការណ៍​ថ្ងៃ ១១កញ្ញា។

បញ្ហា​របាយការណ៍​ធ្វើ​ទារុណកម្ម​របស់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​បានធ្វើអោយ​ពិភពលោក​ភ្ងា​ក់​ផ្អើល និង​ធ្វើអោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដែល​ធ្លាប់តែ​អាមេរិក​រិះគន់​ឥត​ឈប់​នោះ អាច​រិះគន់​អាមេរិក​វិញ​ម្តង។ ដោយឡែក​បន្ទាប់ពី​មាន​ដំណោះស្រាយ​ស្នើអោយ​បញ្ជូន​សំណុំរឿង​កូរ៉េខាងជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ជជែក​ពិភាក្សា​ក្នុងចំណោម​សមាជិក​ទាំង១៥របស់ខ្លួន​ពី​បញ្ហា​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ប៉ុន្តែ​គេ​មិន​រំពឹងថា​សមាជិក​ទាំងអស់​នឹង​ពិភាក្សា​ពី​កា​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​ឡើយ។ នៅក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គេ​ដឹងថា​ចិន​នឹង​ប្រើប្រាស់​សិទ្ធ​ជំទាស់ ទាត់ចោល​ការទាមទារ​បញ្ជូន​សំណុំរឿង​កូរ៉េខាងជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ។

ដោយឡែក់ បើតាម​ការប្រកាស​រប​ស់​រដ្ឋាភិបាល​ក​កូរ៉េខាងជើង ប្រទេស​នេះ​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​រួមទាំង​បន្ត​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​ផងដែរ។ ការប្រកាស​បន្តសកម្មភាព​ប​ង្កើ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ដែល​គំរាមកំហែង​សន្តិសុខ​និង​សន្តិភាព​ពិភពលោក។ ការដាក់​សម្ពាធ​បន្ថែម​របស់​សហគមន៍​អន្តរជាតិ​អាច​នឹង​ធ្វើអោយ​កូរ៉េខាងជើង​ចាប់ផ្តើម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាថ្មីទៀត​នាពេលឆាប់ៗខាងមុខ ហើយ​វា​នឹង​ធ្វើអោយ​ពិភពលោក​ឈឺក្បាល​ជាថ្មីទៀត​ជាក់​ជាមិនខាន។ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​របស់​នុយក្លេអ៊ែរ​របស់ខ្លួន​បី​ដង​រួចមកហើយ ហើយ​ចុងក្រោយ​បំផុត​នៃ​ការបាញ់​សាកល្បង​នោះ​គឺ​កាលពី​ឆ្នាំ ២០១៣៕


© រក្សាសិទ្ធិដោយ thmeythmey.com