ជាតិ
សង្គមជាតិ
លោក សយ សុភាព៖ ​«គុណភាព​​អ្នក​កាសែត ​និង​​ដំណឹង​​ត្រូវ​បាន​​កែ​លម្អរ​ តែ​​នៅ​មាន​កម្រិត​»​
26, Dec 2014 , 4:41 pm        
រូបភាព
រូបភាព៖ facebook
រូបភាព៖ facebook
ភ្នំពេញ៖ នៅ​ថ្ងៃទី២៦ខែធ្នូ​ឆ្នាំ២០១៤នេះ គឺជា​ទិវា​ខួប​លើក​ទី៧៨ឆ្នាំ​នៃ​កំណើត​កាសែត​ជា​ភាសា​ខ្មែរ​លើកដំបូង​របស់​ក​ម្ពុ​ជា។ ក្នុង​រយៈពេល៧៨ឆ្នាំនេះ អ្នកកាសែត​ខ្មែរ​បានធ្វើ​កិច្ច​ការជួយ​សង្គម​ជាច្រើន​តាមរយៈ​សំណេរ​របស់ខ្លួន។ លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​អន​ឡាញ​ដើម​អំពិល បាន​និយាយថា គ្រាន់តែ​ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ គុណភាព​អ្នកកាសែត និង​ដំណឹង​ត្រូវបាន​កែលម្អ​ច្រើន បើទោះបីជា​វា​នៅមានកម្រិត​ក៏ដោយ​ក្តី ប្រៀបធៀប​ទៅនឹង​កម្រិតស្តង់ដា​សំណេរ​អន្តរជាតិ​នោះ។



ពី​សំណេរ​សរសេរ​ដៃ មក​វាយ​កុំព្យូទ័រ។ ពី​កាសែត​សន្លឹក មកជា​កាសែត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូវ​និក ឬ​អន​ឡាញ។ ពី​ដំណឹង​ចេញផ្សាយ​នៅ​ថ្ងៃស្អែក មកជា​ដំណឹង​ទាន់​ហេតុការណ៍។ នេះ​គឺជា​ការកត់សម្គាល់​នៃ​ការវិវត្តន៍​បណ្តាញ​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​របស់លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​អន​ឡាន​ដើម​អំពិល។ លោក សយ សុភាព ស្ថិតក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​អស់​រយៈពេល​ជិត២០ឆ្នាំ​មកហើយ។

អ្នកសារព័ត៌មាន​ខ្មែរ​ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ បើទោះបីជា​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន​ក្តី មិន​ទទួលបាន​ការបណ្តុះបណ្តាល​ក្តី តែ​តាមរយៈ​បទពិសោធន៍​សំណេរ​ជា​រៀងរាល់ថ្ងៃ លោក សយ សុភាព កត់សម្គាល់​ឃើញថា ចំណេះដឹង​អ្នកកាសែត​ខ្មែរ​មានការ​អភិវឌ្ឍ​ទៅមុខ​ច្រើន​គួរអោយកត់សម្គាល់។ លោក សយ សុភាព បញ្ជាក់ថា៖«គុណភាព​អ្នកកាសែត​ខ្មែរ និង​ដំណឹង​ត្រូវបាន​កែលម្អរ ទោះបីជា​វា​នៅមានកម្រិត​ក៏ដោយ»។

លោក​អគ្គនាយក​សារព័ត៌​មាន​អន​ឡាញ​ដើម​អំពិល និង​ជា​អតីត​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍ C T N បាន​បន្តទៀតថា ប្រសិនបើ​បរិយាកាស​នយោបាយ​អនុ​ញ្ញាត​អោយ​អ្នកកាសែត​ខ្មែរ​អាច​សរសេរ​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះ សំណេរ​របស់​អ្នកសារព័ត៌មាន​ខ្មែរ មិន​ចាញ់​សំណេរ​អ្នកកាសែត​បរទេស​ប៉ុន្មាន​នោះទេ។ «អ្នកកាសែត​យើង​មាន​សមត្ថភាព​ផលិត​ដំណឹង​ដែល​ល្អ​ដូច​គេ​អ៊ីចឹង​ដែរ តែ​ត្រូវ​រង់ចាំ​ពេលវេលា និង​បរិយាកាស​នយោបាយ​នៅក្នុង​ប្រទេស​យើង​អំណោយផល​បន្តិច​សិន។ អ្នកកាសែត​ទាំងអស់​រួមចំណែក​អភិវឌ្ឍ និង​រក្សា​សន្តិភាព»។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក សយ សុភាព។

តើ​លោក​យល់​យ៉ាងដូចម្តេច​ដែរ​ចំពោះ​វត្តមាន​បណ្តាញ​ព័ត៌មាន​ដ៏​ច្រើន​លើសលប់​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ? តើ​លោក​គិតថា វត្តមាន​នេះ​វារឹតតែ​ល្អ​សម្រាប់​លំហរ​សេរីភាព និង​លំហូរ​ព័ត៌មាន​ដែរឬទេ?
ជារួម​វា​ល្អ​ហើយ។ តែបើ​ថា វា​ច្រើន​ជ្រុល​ពេក ក៏​វា​ពិបាក​ដែរ។ បើ​យោងតាម​លោក សយ សុភាព អ្វី​ក៏ដោយ​អោយតែ​ជ្រុល​ពេក វា​មិនដែល​ល្អ​ទេ។ លោក​បារម្ភ​ដោយ​លើកឡើងថា តើ​វា​ច្រើនតែ​បរិមាណ​ឬ? ហើយ​គុណភាព​យ៉ាងដូចម្តេច​ដែរ?


© រក្សាសិទ្ធិដោយ thmeythmey.com