អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក រ៉ា​អ៊ូ​ល​កា​ស្ត្រូ៖ អាមេរិក​ត្រូវគោរព​របប​កុម្មុយនីស្ត
22, Dec 2014 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា បានសម្រេច​ស្តារឡើងវិញ ចំណង​ការទូត​ទ្វេភាគី ក្រោយ​កាត់ផ្តាច់​អស់​ជាង៥ទសវត្ស​មកហើយ​នោះ។ ប៉ុន្តែ​បើទោះជា​ទំនាក់ទំនង ត្រូវ​ផ្សារភ្ជាប់​ឡើងវិញ​ក្តី មេដឹកនាំ​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បានបញ្ជាក់​គុយបា​មិន​បោះចោល​របប សង្គមនិយម​ឡើយ ហើយ​លោក​ផ្តាំផ្ញើ​ទៅ​រដ្ឋាភិបាល​អាមេរិក​អោយ​គោរព​របប​កុម្មុយនីស្ត​ថែមទៀត ផង។



ស្តាប់សំឡេង


រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​បានសម្រេច​ផ្សាភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឡើងវិញ​កាលពី​សប្តាហ៍​មុន​ក្រោយពេល​ទំនាក់ទំនង​ត្រូវបាន​កាត់ផ្តាច់​អស់​ជាង៥ទសវត្ស​មកហើយ​នោះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​បើទោះជា​គុយបា ស្តារ​ទំនាក់ទំនង​ជាមួយ​សត្រូវ​ចាស់​របស់ខ្លួន​ក៏ដោយ ក៏​មេដឹកនាំ​ប្រទេស​នេះ​បាន​សង្កត់ធ្ងន់ថា គុយបា​នៅតែ​រក្សា​របប​សង្គមនិយម ហើយ​ទាមទារ​អោយ​រដ្ឋាភិបាល​អាមេរិក​គោរព​របប​ដឹកនាំ​តាមបែប​កុម្មុយនីស្ត​ផងដែរ។

ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​លើកឡើងថា គុយបា​មិនបាន​ទាមទារ​អោយ​អាមេរិក​ផ្លាស់ប្តូរ​របប​នយោបាយ​ក្រោយ ផ្សាភ្ជាប់​ទំនាក់​ទំនងជា​មួយ​គុយបា​ឡើយ ហើយ​សហរដ្ឋអាមេរិក​ក៏​មិនអាច​ទាមទារ​អោយ​គុយបា​ផ្លាស់ប្តូរ​របប​បានដែរ។

ការលើកឡើង​របស់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បង្ហាញ​ក្តី​សង្ឃឹមថា ការភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គុយបា នឹង​ផ្តល់ឱកាស​ដល់​អាមេរិក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រជាជន​គុយបា និង​ជំរុញអោយមាន​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ទឹកដី​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ។ គុយបា បច្ចុប្បន្ននេះ​នៅតែ​បន្ត​ប្រកាន់​របប​ដឹកនាំ​តាមបែប​សង្គមនិយម​ដែលមាន​គណបក្ស​តែមួយ និង​ប្រកាន់យក​របប​សេដ្ឋកិច្ច​ផែនការ​ដែល​រដ្ឋ​ជា​អ្នក​ក្តោប​ក្តាប់​កិច្ចការ​សេដ្ឋកិច្ច​ទាំងអស់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន តែងតែ​យល់ថា ការ​ឈានទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុង​ហា​វ៉ា​ណា ជា​វិធានការ​មួយ​សំខាន់​មិនអាច​ខ្វះ​បានឡើយ ក្នុង​ការជំរុញអោយ​គុយបា​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ ហើយ​ការបន្ត​ទុក​គុយបា​អោយនៅ​ឯកោ​លើ​ឆាក​អន្តរជាតិ មិនមែនជា​ដំណោះស្រាយ​នោះឡើយ។ កាលពីពេល​កន្លងមក​នេះ មេដឹកនាំ​គុយបា បានប្រកាសថា​លោក​ប្រហែលជា​នឹង​ចុះ​ចេញពី​តំណែង ដោយ​អនុញ្ញាតអោយ​មេដឹកនាំ​ក្រោយ​កាន់កាប់​កិច្ចការ​នយោបាយ​របស់​រដ្ឋ​ក្រោយ​ឆ្នាំ២០១៨។

ក្នុង​ខែមករា​ឆ្នាំ​ក្រោយនេះ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហា​វ៉ា​ណា ដើម្បី​ពិភាក្សា​លើ​ការភ្ជាប់​ទំនាក់ទំនង​និង​បើក​ស្ថានទូត​ឡើងវិញ​នៅ​គុយបា។ ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា បាន​អធិប្បាយ​ថា រដ្ឋាភិបាល​លោក​នឹង​ជំ​រុញអោយ​រដ្ឋាភិបាល​គុយបា​ក្រោម​ការដឹកនាំ​របស់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បង្ហាញ​ការបើក​ទូលាយ​នូវ​សិទ្ធិមនុស្ស​និង​សេរីភាព​នយោបាយ​នៅក្នុង​ប្រទេស​គុយបា ស្របតាម​អ្វីដែល​មេដឹកនាំ​ទាំងពីរ​បាន​ចរចា​គ្នា​តាំងពី​ប៉ុន្មាន​ខែ​មុន​នោះ។

ទាក់ទិន​បញ្ហា​សិទ្ធិសេរីភាព ក្រោយពេល​មានការ​ប្រកាសថា​សហរ​ដ្ឋ​អាមេរិក​សម្រេច​ផ្សាភ្ជាប់​ចំណង​ការទូត​ជាមួយ​គុយបា​ឡើងវិញ រដ្ឋាភិបាល​លោក រ៉ា អ៊ូ​ល កា​ស្ត្រូ បាន​សន្យាថា​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស និង​សិទ្ធិសេរីភាព​ផ្សេងទៀត​ផងដែរ។ ដោយឡែក​រដ្ឋាភិបាល​គុយបា ក៏​នៅតែ​បន្ត​ទាមទារ​អោយ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​លើ​ការដក​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ដែល​រួមរឹត​សេដ្ឋកិច្ច​គុយ​ការ​អស់​ជាច្រើន​ទសវត្ស​មកហើយ​នោះ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​មិនមាន​អំណាច​ដក​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​គុយបា​ឡើយ ដ្បិត​វា​ជា​វិធានការ​ដាក់ចេញ​ដោយ​សភា​អាមេរិក។ ដូច្នេះ​មានន័យថា រដ្ឋាភិបាល​អាមេរិក​ចាំបាច់​ព្យាយាម​បញ្ចុះបញ្ចូល​សភា​របស់ខ្លួន​ដើម្បីអោយ​ការដក​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយបា៕



© រក្សាសិទ្ធិដោយ thmeythmey.com