អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន អញ្ជើញ​លោក គីម ជុងអ៊ុន​ ទៅ​រុស្ស៊ី ដើម្បី​រឹតចំណង​ការទូត​ប្រទេស​ទាំង​ពីរ​
22, Dec 2014 , 3:57 pm        
រូបភាព
បុរស​ខ្លាំង​ក្រុង​ព្យុងយ៉ាង​លោក គីម ជុង​អ៊ុន ត្រូវបាន​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អញ្ជើញ​អោយធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ម៉ូស្គូ​នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​ចូលរួម​ក្នុង​ខួប​រំលឹក​លើក​ទី ៧០នៃ​ជ័យជំនះ​សូ​វៀត​លើ​កងកម្លាំង​ណា​ស៊ី​អាល្លឺម៉ង់។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​កូរ៉េខាងជើង ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​និង​ជា​លើកដំបូង​បំផុត​មួយ ព្រោះ​តាំងពី​មេដឹកនាំ​រូបនេះ​ឡើងកាន់តំណែង លោក​មិនដែល​មានដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​ណាមួយ​ឡើយ។ ការអញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​ដោយ​លោក ពូ​ទីន ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​អោយ​កាន់តែ​ស្អិតល្មួត និង​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ទៅកាន់​លោកខាងលិច។ រុស្ស៊ី​ត្រូវការ​កូរ៉េខាងជើង​ដែលជា​រដ្ឋ​ផ្តាច់ការ​មាន​អាវុធ​នុយក្លេអ៊ែរ​ស្របពេល​ប្រទេស​នេះ​ស្ថិតក្រោម​សម្ពាធ​លោកខាងលិច ហើយ​កូរ៉េខាងជើង​ត្រូវការ​រុស្ស៊ី​ដើម្បី​ការពារ​ខ្លួន ព្រោះ​រុស្ស៊ី​ជាម​ហ​អំណាច​សមាជិក​អចិន្ត្រៃយ៍​ក្រុម​សន្តិសុខ​អង្គការសហប្រជាជាតិ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖


រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុងស្ថិត​ក្រោម​សម្ពាធ​បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​សហ​សហរដ្ឋអាមេរិក។ និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច រុស្ស៊ី​ប្រឈមមុខ​ជាមួយ​វិបត្តិ​ដោយ​ការធ្លាក់ចុះ​នៃ​តម្លៃ​រូបី​យ​វត្ថុ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ និង​ការ​ហើរ​ចេញ​នៃ​ទុនវិនិយោគ​នៅក្នុង​ប្រទេស។ ចំណែក​បញ្ហានយោបាយ រុស្ស៊ី​កំពុង​ស្ថិតក្នុង​ភាព​ឯកោរ​ខ្លាំង ដែល​មិន​ធ្លាប់មាន​តាំងពី​សង្គ្រាមត្រជាក់​បញ្ច​ប់​ទៅ​នៅ​ដើម​ទសវត្ស​ទី៩០ ។ នេះ​មានន័យថា រដ្ឋាភិបាល​រុស្ស៊ី​ប្រហែលជា​ត្រូវ​ស្វែងរក​មិត្ត​ថ្មី​បន្ថែម​ដើម្បី​កាត់បន្ថយ​ភាព​ឯកោ​រលើ​ឆាក​អន្តរជាតិ និង​ទប់ទល់​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច។ រុស្ស៊ី​នៅមាន​មិត្ត​ច្រើន ដូចជា​ប្រទេស​សមាជិក​អង្គការ BRICS និង​អង្គការ​សហប្រតិបត្តិកា​រ​ស៊ា​ង​ហៃ​ជាដើម ប៉ុន្តែថ្មីៗនេះ​រុស្ស៊ី​បានសម្រេច​អញ្ជើញ​ប្រមុខរដ្ឋ​ផ្តាច់ការ​នៃ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​បូព៌ា​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន អោយទៅ​ទស្សនកិច្ច​ក្រុង​ម៉ូស្គូ។ គីម ជុង​អ៊ុន ប្រហែលជា​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្រុង​ម៉ូស្គូ​នៅ​ឆ្នាំក្រោយ ដើម្បី​ចូលរួម​ខួប​លើក​ទី ៧០នៃ​ជ័យជម្នះ​របស់​សហភាព​សូ​វៀត​លើ​ក្រុម​ណា​ស៊ី​អាល្លឺម៉ង់​នៅ​សង្គ្រាមលោកលើកទី២។

ប្រសិន​គីម​ជុង​អ៊ុន ព្រមទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បំផុត​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​គេ​មិនទាន់​បានដឹង​ច្បាស់​ពី​ខាង​ក្រុង​ព្យុងយ៉ាង​នៅឡើយ​ទេ។ តាំងពី​ឡើងកាន់តំណែង​ស្នង​ឪពុក​លោក គីម ជុង​អ៊ុន មិន​ដែរ​ធ្លាប់​ទស្សនកិច្ច​ប្រទេស​ណាមួយ​ឡើយ សូម្បីតែ​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន។  រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ភាគី​ទាំងពីរ​ហាក់បីដូចជារ​ត់រក​គ្នា​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​ការទូត​អោយ​កាន់តែ​ស៊ីជម្រៅ ដែល​គេ​មើលឃើញថា​មាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​ការពង្រឹង​ចំណង​ការទូត​អោយ​កាន់តែ​ស៊ីជម្រៅ។

កាលពី​ខែ​មុន​មន្ត្រីជាន់ខ្ពស់​ក្រុង​ព្យុងយ៉ាង បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ម៉ូស្គូ ដោយបាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​រដ្ឋមន្ត្រីការបរទេស Sergei Lavrov  ហើយ​ក្នុង​ឆ្នាំ ២០១៤នេះ​រុស្ស៊ី​បានសម្រេច​អនុគ្រោះ​ប្រាក់កម្ចី​ប្រមាណ ១១ពាន់​លាន​ដុល្លារ​ចំពោះ​កូរ៉េខាងជើង​ដែល​ទំហំ​ទឹកប្រាក់​អនុគ្រោះ​ស្មើនឹង៩០ភាគរយ​នៃ​ប្រាក់កម្ចី​ទាំងអស់។ ចំណែក​រដ្ឋាភិបាល​គីម ជុង​អ៊ុន នៅតែ​បង្ហាញ​ជំហរ​គាំទ្រ​គោលនយោបាយ​របស់​រុស្ស៊ី ជាពិសេស​ការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មិនា​កន្លងទៅនេះ​ផងដែរ។ មកទល់ពេលនេះ​គេ​ត្រូវ​សួរថា​តើ មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការរត់​ចាប់ដៃគ្នា​រវាង​ប្រទេស​ទាំងពីរ​រុស្ស៊ី​និង​កូរ៉េខាងជើង​នេះ?

តាមពិតទៅ គេ​មើលឃើញថា រដ្ឋាភិបាល​រុស្ស៊ី​ប្រហែលជា​ត្រូវការ​ការសហការ​ពី​សំណាក់​កូរ៉េខាងជើង ដើម្បី​សម្រេច​គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង។ រុស្ស៊ី​និង​កូរ៉េខាងត្បូង​បាន​ចរចា​គ្នា​ជា​យូរ​មកហើយ​រឿង​សាងសង់​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ជាមួយគ្នា ដែល​បំពង់​នេះ​ត្រូវ​ឆ្លងកាត់​ទឹកដី​កូរ៉េខាងជើង ប៉ុន្តែ​កន្លងមក​ការចរចា​គ្នា​មិនមាន​ដំណើរការ​ទៅមុខ​ដោយ​សារភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នេះ​តែម្តង។ ប្រសិនបើ​រុស្ស៊ី​អាច​សម្រេច​បង្កើន​ចំណងមិត្តភាព​ជាមួយ​កូរ៉េខាងជើង​កាន់តែ​ស៊ីជម្រៅ រុស្ស៊ី​អាចមាន​លទ្ធភាព​ជំ​រុញអោយ​ការសាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​កាត់​ប្រទេស​កូរ៉េខាងជើង​បាន។ មួយវិញទៀត​រុស្ស៊ី​ត្រូវការ​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​នៅ​ឧបទ្វីប​កូរ៉េ។ ចាប់តាំងពី​ដួលរលំ​សហភាពសូវៀត​ទំនាក់ទំនង​រុស្ស៊ី និង​កូរ៉េខាងជើង​ហាក់​ដាច់​ឆា្ង​យ​ពីគ្នា ហើយ​ឥទ្ធិពល​រុស្ស៊ី​ក៏​មិនសូវមាន​ក្នុង​តំបន់​ផងដែរ។

ចំណែក​កូរ៉េខាងជើង​ឯណោះ​វិញ សម្លឹង​ឃើញ​ការបង្កើន​និង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បា​លោក ពូ​ទីន គឺជា​រឿង​ដែល​មិនអាច​ខ្វះ​បានឡើយ។ រុស្ស៊ី ជា​ប្រទេស​មហាអំណាច​និង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​រុស្ស៊ី​នេះ​មានអំណាច​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដើម្បី​ប្រឆាំង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ។ គួរ​រំ​ម្លឹ​ក​បន្តិច កាលពី​ខែវិច្ឆិកា​កន្លងមកនេះ រុស្ស៊ី​បាន​ជំទាស់​ដំណោះស្រាយ​ថ្កោលទោស​ក្រុង​ព្យុងយ៉ាង​ដែល​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះ​កូរ៉េខាងជើង​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការឃ្លាំមើល​ពី​សំណាក់​សហគមន៍​អន្តរជាតិ​រឿង​បញ្ហា​សិទ្ធិមនុស្ស ហើយ​ប្រទេស​នេះ​ក៏​រង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផងដែរ។ កាលពី​សប្តាហ៍​មុននេះ​ស្ថាប័ន​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានចេញ​ដំណោះស្រាយ​មួយ​ស្នើ​សុំអោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បញ្ជូន​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អង្គការសហប្រជាជាតិ​ដើម្បី​កាត់ទោស​មេដឹកនាំ​ប្រទេស​នេះ។ ការ​ឈានទៅ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ កើតឡើង​ក្រោយ​ពេលដែល​ស្ថាប័ន​ស៊ើបអង្កេត​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​បានបង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់ខ្លួន​ស្តីពី​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ​បង្កដោយ​ក្រុង​ព្យុងយ៉ាង។

កូរ៉េខាងជើង​ត្រូវការ​រុស្ស៊ី​បន្ថែម​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ជួយ​គាំទ្រ និង​ការពារ​ខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នេះ ព្រោះ​បើ​គ្មាន​សិទ្ធិ​ជំទាស់​របស់​មហាអំណាច​ទាំងនេះ​សំណុំ​រឿងនេះ​ប្រហែលជា​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចៀស​មិន​ផុត​ឡើយ។

យ៉ាងណាក៏ដោយ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​រូបនេះ​នឹងធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​រុស្ស៊ី​តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី​ឬ​យ៉ាងណា​ឡើយ។ តាំងពី​ឡើងកាន់តំណែង​មក មេដឹកនាំ​នេះ​មិន​ដែរ​ចាក​ចេញពី​ប្រទេស​ទៅ​បរទេស​ឡើយ សូម្បីតែ​ទៅ​ប្រទេស​ចិន ណាមួយ​ការចូលរួម​កម្មវិធីធំៗនៅក្រៅ​ប្រទេស​វា​ជា​រឿង​លំបាក​បំផុត​មួយ​ដ្បិត លោក គីម ជុង​អ៊ុន​នេះ​មិន​ដែរ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀតឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com