សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ Fast Food ធ្វើ​ឲ្យ​ខួរក្បាល​ដំណើរការ​យឺត
22, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ក្នុងពេលថ្មីៗនេះ បាន​បង្ហាញថា កុមារ​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ប្រភេទ​ងាយ​ចំអិន(fast food) ដូចជា ភី​ហ្សា បឺ​ហ្គ័​រ មាន់​បំពង ឬ​នំ​ផ្សេង​ជាច្រើន​ប្រភេទ​ទៀត នឹង​អាច​ជះឥទ្ធិពល​ធ្វើ​ឲ្យ​ខួរក្បាល​មិនសូវមាន​ការវិវត្ត ដូច​ក្មេង​ដែល​ញ៉ាំ​អាហារ​ធម្មតា។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត The Telegraph។



បើតាម​ប្រភព​ដដែល​នេះ លោក​វេជ្ជបណ្ឌិត Kelly Purtell មកពី​សាកលវិទ្យាល័យ Ohio State Universityបាន​ដឹកនាំ​ការសិក្សា​មួយ​នៅ​សហរដ្ឋអាមេរិក ស្ដីពី​ផលប៉ះពាល់​នៃ​ការបរិភោគ​អាហារ​fast food ។ លោក​បាន​ឲ្យ​ដឹងថា ក្រោយ​ការសិក្សា​ស្រាវជ្រាវ​រួចមក យើង​បាន​រកឃើញថា ក្មេងៗដែល​ចូលចិត្ត​ញ៉ាំ​អាហារ​fast food គឺ​ធ្វើ​ឲ្យ​ពួកគេ​ខ្សោយ​មុខវិជ្ជា គណិតវិទ្យា ដែលជា​មុខវិជ្ជា​មួយ​ប្រើប្រាស់​ខួរក្បាល​ច្រើនជាងគេ​ដើម្បី​គិត និង​វិភាគ​នោះ។

សាស្ត្រាចារ្យ​ខាងលើនេះ បានធ្វើការ​សិក្សា​ទៅលើក្មេងៗដែលជា​សិស្សសាលា ចំនួន ៨៥០០ នាក់ នៅក្នុង​សហរដ្ឋអាមេរិក ដោយ​ធ្វើតេស្ដ​សមត្ថភាព​របស់​គេ​ក្នុង​មុខវិជ្ជា​ចំនួន ៣ គឺ គណិតវិទ្យា វិទ្យាសាស្ត្រ និង​ការអាន ហើយ​ជា​លទ្ធផល ៥២ ភាគរយ​នៃ​ក្មេង​ទាំងនោះ គឺ​ខ្សោយ​មុខវិជ្ជា​គណិត។

នៅពេល​ធ្វើតេស្ដ​នោះ​ពួកគេ​ទាំងនោះ ក៏ត្រូវ​ឆ្លើយ​សំណួរ​ផងដែរ​ថា តើ​ពួកគេ​ចូល​ហាង​ដែល​លក់​អាហារ fast foodដូចជា McDonald’s Pizza Hut Burger King និង KFC ប៉ុន្មាន​ដង​ក្នុង​មួយ​សប្ដាហ៍? ចម្លើយ​គឺ​ពួកគេ​ទៅ​ញ៉ាំ​អាហារ fast food ជាប្រចាំ គឺ​រហូតដល់​ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍។

ការសិក្សា​នេះ​បាន​ឲ្យ​ដឹង​ទៀតថា អាហារ​fast food គឺ​ខ្វះ​ជាតិ​ដែក ដែល​ធ្វើ​ឲ្យ​ការវិវត្ត​របស់​ខួរក្បាល​ក្មេង មិនមាន​ដំណើរ​ការល្អ។ ម្យ៉ាងទៀត​អាហារ​ប្រភេទ​នេះ គឺ​ងាយ​នឹងធ្វើ​ឲ្យ​ពួកគេ​ធាត់ ព្រោះ​ជា​ប្រភេទ​អាហារ​សំបូរ​ជាតិ​ស្ករ និង​ប៉ះពាល់​ដល់​ស្បែក​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com