ជាតិ
ពីនេះ ពីនោះ
អំពើពុករលួយ​នៅ​កម្ពុ​ជាមាន៦សកម្មភាព
23, Dec 2014 , 10:06 am        
រូបភាព
ដោយ:
ពាក្យ​ថា​អំពើពុករលួយ​មានន័យ​ទូលំទូលាយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​យល់ផ្សេងៗគ្នា។ អង្គការ​តម្លាភាព​កម្ពុ​ជា ដែលជា​អង្គការ​មួយ ធ្វើការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បានកំណត់​អត្ថន័យ​ពាក្យ​ពាក្យ អំពើពុករលួយ​នេះ​ថា វា​គឺជា​ការរំលោភ​សិទ្ធិអំណាច​ដែល​ត្រូវបាន​ផ្តល់អោយ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន។


អង្គការ​នេះ​បាន​បញ្ជាក់ថា អំពើពុករលួយ​ដែល​បាន​រកឃើញ​ក្នុងប្រទេស​កម្ពុ​ជាមាន ៦ប្រភេទ​ដូចជា៖ ១/ការស៊ីសំណូក ២/ការប្រកាន់​បក្សពួក ៣/ការកេងបន្លំ ៤/ការ​គំរាម​គំហែង​ដោយ​ប្រើ​អំណាច ៥/ការឧបត្ថម្ភ​ក្រៅផ្លូវការ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ និង​ទី៦/គឺ អំពើពុករលួយ​ក្នុង​នយោបាយ។ ហើយ​អំពើពុករលួយ​នេះ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គម​ទាំងមូល​ផងដែរ។ លើសពីនេះទៅទៀត​ផលប៉ះពាល់​ទាំងនោះ​មានដូចជា៖ ការបង្កើត​គំលាត​រវាង​អ្នកមាន និង​អ្នកក្រ ពន្យឺត​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ភាព​អត់​ការងារ​ធ្វើ និង​អតិផរណា និង​បាត់បង់​ក្តីសង្ឃឹម​សម្រាប់​អនាគត។

លោក ម៉ៃ សុភ​ក្រ័ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់ ស្ទឹងមានជ័យ បាន​ឲ្យ​និយមន័យ​ទៅលើ​ពាក្យ​អំពើពុករលួយ​ថា ជាការ​កេងប្រវ័ញ្ច​អ្នកដទៃ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ប្រយោជន៍​អ្នកដទៃ​ទាំងអស់។

ជា​និស្សិត​នៃ​សកលវិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ កញ្ញា ឡេ​ក ច​ន្ទ័​ដា​នី  បាន​និយាយថា​អំពើពុករលួយ​គឺជា ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ ហើយ​ទង្វើ​ទាំងនោះ​ធ្វើអោយប៉ះពាល់​ដល់​អ្នកដទៃ និង​សង្គម។

កញ្ញា ហ៊ុំ វិច្ឆិការ រស់នៅ​សង្កាត់​ជ័យជំនះ ខ​ណ្ខ ដូនពេញ បាន​និយាយថា​អំពើពុករលួយ​គឺជា ការ​សូកប៉ាន់ និង​ជា​អំពើអាក្រក់​ដែល​យើង​មិនគួរ​ប្រព្រឹត្ត។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់ ទឹកថ្លា ម្នាក់​ឈ្មោះ លោក ស៊ូ សុធម្ម បានកំណត់​និយមន័យ​អំពើពុករលួយ​ថា​ជា ការ​កឹ​ប​កេង ក្លែងបន្លំ កេងប្រវ័ញ្ច។

ចំពោះ​លោក ឌុ​ច ឡេ​ក ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់ ស្ទឹងមានជ័យ​បាន​និយាយថា អំពើពុករលួយ​គឺជា ការ​គេង​ប្រ​វ​ញ្ច័ ការបោក​បញ្ឆោត ការ​សូកប៉ាន់។

ចំពោះ​កញ្ញា ស៊ីម លីដា ជា​និស្សិត​នៃ​សកលវិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ បាន​បញ្ជាក់ថា​ចំពោះ​កញ្ញា​ផ្ទាល់​ពាក្យ​ថា​អំពើពុករលួយ​មានន័យថា ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុងសង្គម​មួយ ដែល​គ្មាន​សេរីភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់។

រីឯ​កញ្ញា ប៉ាន សុខ​ស្រី​និ​ត ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​កម្ពុជា បាន​និយាយថា អំពើពុករលួយ​គឺជា ភាពមិនស្មោះត្រង់ អំពើ​គ្មាន​មនុស្សធម៌ គ្មាន​ក្រមសីលធម៌ ភាពអន់ថយ​នៃ​គុណសម្បត្តិ​ដែល​ធ្វើ​ឲ្យ​បាត​បង់ប្រយោជន៍​អ្នកដទៃ។ ស្រី​និ​ត​បន្តទៀតថា អំពើពុករលួយ​គឺជា ការយក​របស់​សាធារណៈ​ដើម្បី​បម្រើអោយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិត្តភក្តិ និង​គ្រួសារ។ លើសពីនេះទៅទៀត​នោះ អំពើពុករលួយ​គឺជា​ការ រំលោភបំពាន​ដោយ​ប្រើប្រាស់​អំណាច និង​ឋានៈ​របស់ខ្លួន។



© រក្សាសិទ្ធិដោយ thmeythmey.com