អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ប្រកាស​ជួយ​រុស្ស៊ី​ដើម្បី​ជម្នះ​បញ្ហា​សេដ្ឋកិច្ច
23, Dec 2014 , 4:15 pm        
រូបភាព

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ និង​ជួយ​ប្រទេស​នេះ​ជម្នះ​អោយបាន​នូវ​បញ្ហា​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​កំពុង​ជួបប្រទះ​ពេល​បច្ចុប្បន្ននេះ។ រុស្ស៊ី​កំពុង​ប្រឈមមុខ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​ខាងលិច ហើយ​ម្យ៉ាងវិញទៀត​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​កំពុង​ដាំ​ក្បាល​ចុះ​ផង​នោះ។


លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ



រដ្ឋាភិបាល​ចិន​បានប្រកាស​គាំទ្រ និង​សន្យាថា​នឹង​ជួយ​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បីអោយ​ប្រទេស​នេះ​អាច​ជម្នះ​បាន​នូវ​បញ្ហា​សេដ្ឋកិច្ច ដែល​រុស្ស៊ី​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន។ ការប្រកាស​បង្ហាញ​ឆន្ទៈ​ជួយ​រុស្ស៊ី​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច កើតឡើង​ស្រប​ពេលដែល​រុស្ស៊ី​រង​សម្ពាធ​ធ្ងន់ធ្ងរ ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​លោកខាងលិច និង​ការដាំ​ក្បាល​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ។

 កាលពី​ម្សិលមិញ​នេះ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ថ្លែងថា រុស្ស៊ី​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បច្ចុប្បន្ននេះ ហើយ​ប្រសិនបើ​សម​ភាគី​រុស្ស៊ី​ត្រូវការ​ឲ្យ​ចិន​ជួយ រដ្ឋាភិបាល​ចិន​នឹង​ផ្តល់ជំនួយ​តាម​សមត្ថភាព​ដែល​ចិន​អាចធ្វើ​ទៅបាន។

ការបង្ហាញ​ពី​ឆន្ទៈ​ជួយ​រុស្ស៊ី​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នេះ ជា​សារ​មួយ​បង្ហាញ​ទៅ​លោកខាងលិច​ជាពិសេស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​កំពុង​ដាក់​គំនៀប​លើ​រដ្ឋា​ភិ​បា​លោក ពូ​ទីន ថា ចិន​មិន​ទុកអោយ​រុស្ស៊ី​នៅឯ​កោរ និង​ធ្លាក់​ចូលក្នុង​វិបត្តិ​ឡើយ។ មកទល់ពេលនេះ តម្លៃ​រូបី​យ​វត្ថុ​រុស្ស៊ី​បន្ត​ធ្លាក់ចុះ ខណៈពេលដែល​ទុនវិនិយោគ​បន្ត​រត់​ចេញពី​រុស្ស៊ី ហើយ​តម្លៃ​ប្រេង​ឆៅ​ដែល​លក់​លើ​ទីផ្សារ​អន្តរជាតិ​ក៏​បន្ត​ធ្លាក់ចុះ​ថែមទៀត ដែល​បញ្ហា​នេះ​បាន​បណ្តាលអោយ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់ចុះ​យ៉ាងខ្លាំង។

កាលពី​សប្តាហ៍​មុន នៅក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំឆ្នាំ លោក ពូ​ទីន បានបង្ហាញ​ការ​ទទួលស្គាល់ថា តម្លៃ​រូបី​យ​វត្ថុ​រុស្ស៊ី​បាន​បន្ត​ធ្លាក់ចុះ​ស្របពេល​ដែល​តម្លៃ​ប្រេង​ឆៅ​ក៏​ធ្លាក់ចុះ​ដូចគ្នា​ដែរ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​មិន​ស្ថិតនៅ​ជា​យូរអង្វែង​ឡើយ ហើយ​រដ្ឋាភិបាល​លោក​ក៏​កំពុង​ព្យាយាម​ដាក់​វិធានការ​ដើម្បី​ដោះស្រាយ​ផងដែរ។ បើទោះជា​លោកខាងលិច​បានប្រកាស​ថា រុស្ស៊ី​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បកស្រាយ​ថា វា​មិនមែនជា​វិបត្តិ​សេដ្ឋកិច្ច​ឡើយ ហើយ​រុស្ស៊ី​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ក្នុង​រយៈពេល២ឆ្នាំ​ប៉ុណ្ណោះ។

ដោយឡែក​កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​លោក  GaoHucheng បាន​ស្នើអោយ​រុស្ស៊ី​បង្កើន​ការប្រើប្រាស់​រូបី​យ​វត្ថុ​ចិន«យន់»ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយគ្នា។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ បាន​អះអាងថា ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល និង​គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម​រវាង​រុស្ស៊ី​និង​ចិន​មិន​ប៉ះពាល់​ដល់​ការខាតបង់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​រុស្ស៊ី​បច្ចុប្បន្ន​នេះឡើយ។

 រដ្ឋមន្ត្រី​ខាងលើ​បាន​លើកឡើងថា ការប្រើប្រាស់​រូបី​យ​វត្ថុ​របស់​ចិន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ដោយសារ​ទណ្ឌកម្ម​លោកខាងលិច​ដាក់​ប្រឆាំង​រុស្ស៊ី ទើប​ចិន​ពង្រីក​ការប្រើប្រាស់​រូបី​យ​វត្ថុ​ចិន​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​រុស្ស៊ី។ ក្នុង​ឆ្នាំ ២០១៤នេះ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ចិន និង​រុស្ស៊ី​កើនឡើង​រហូតដល់១០០ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង​ប្រហែល ១០ដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៣។ គេ​មើលឃើញថា ចិន​ចាត់ទុក​រុស្ស៊ី​ជា​ដៃគូ​យុទ្ធសាស្ត្រ​មិនអាច​ខ្វះ​បាន​លើ​គ្រប់​វិស័យ​ទាំងអស់ ហើយ​ចិន​កំពុងតែ​ព្យាយាម​បង្កើន​ឥទ្ធិពល​រូបីយវត្ថុ​របស់ខ្លួន​នៅលើ​ទីផ្សារ​អន្តរជាតិ​ដោយ​ប្រកួតប្រជែង​នឹង​ប្រាក់​ដុល្លារ​អាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com