អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បញ្ជូន​ទ័ព​ទៅ​ស៊ូដង់ ដើម្បី​ការពារ​ប្រជាជន​ឬ​ការពារ​ប្រេង?
23, Dec 2014 , 4:57 pm        
រូបភាព

ប្រទេស​ចិន​បច្ចុប្បន្ននេះ​កំពុង​រះ​ត្រដែត​ឡើង​ក្នុង​ឆាកនយោបាយ​អន្តរជាតិ ហើយ​គេ​សម្លឹង​ឃើញថា​ប្រទេស​នេះ​កំពុង​រីក​ធំធាត់​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច។ ថ្ងៃនេះ​យើង​បន្ត​ផ្តោតលើ​ការពង្រីក​ឥទ្ធិពល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​អាហ្វ្រិក ហើយ​ចិន​នេះ​ក៏​កំពុង​រីករាយ​និង​ការទាញយក​ប្រយោជន៍​ពី​តំបន់​នេះ​ផងដែរ​ជាពិសេស​ប្រេងកាត​និង​ធនធានធម្មជាតិ។ ថ្មីៗនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​បញ្ជូន​ទ័ព​កងទ័ព​រក្សា​សន្តិភាព​របស់ខ្លួន​រាប់រយ​នាក់​ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង​ដើម្បី​ជួយ​ស្វែងរក​សន្តិភាព​ដល់​ប្រទេស​នេះ​និង​ការពារ​ជន​ស៊ីវិល​ដែល​រងគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ​បើ​តាមពិត​ជាក់ស្តែង​កង​ទ័ព​ចិន​ដែល​ត្រូវ​បញ្ជូនទៅ​ស៊ូដង់ គឺ​ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​របស់ខ្លួន ជាពិសេស​ទីតាំង​បូម​ប្រេង​ដែល​អាច​ប្រឈមមុខ​នឹង​ការបញ្ឈប់​ដំណើរការ​ដោយសារ​សង្គ្រាមស៊ីវិល។ ប៉ុន្តែ​ចិន​បានប្រកាសថា​នឹង​ជួយ​រដ្ឋ​ក្មេងខ្ចី​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​បញ្ចប់សង្គ្រាម​ស៊ីវិល​ដែល​អូសបន្លាយ​អស់​ពេល​ជាង​មួយឆ្នាំ​មកហើយ​នោះ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ពាក់ព័ន្ធ​បញ្ហា​នេះ៖



មហា​យក្ស​ចិន​កំពុងតែ​រីក​ធំធាត់​ឡើងលើ​គ្រប់​វិស័យ​ជាពិសេស​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច ហើយ​ឥទ្ធិពល​ប្រទេស​នេះ​ក៏​កំពុង​បន្ត​រីកដុះដាល​គ្របដណ្តប់​ពាសពេញ​តំបន់​និង ពិភពលោក​ទាំងមូល។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ប្រទេស​ចិន​កំពុងតែ​សប្បាយរីករាយ​នឹង​ការទាញយក​ផលប្រយោជន៍​ពី​បណ្តា​តំបន់​មួយចំនួន ជាពិសេស​តំបន់​អាហ្វ្រិក​ដែល​ពោរពេញ​ដោយ​ធនធានធម្មជាតិ​នោះ​តែម្តង។ បើតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រទេស​នេះ​បាន​ចំណាយ​ទុន​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​វិនិយោគ​នៅក្នុង​ប្រទេស​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ រ៉ែ ព្រៃឈើ និង​ឧស្ម័ន ហើយ​ក្រុមហ៊ុន​ចិន​រាប់ពាន់​កំពុងដំណើរការ​នៅ​ទ្វីបអាហ្វ្រិក​ថែមទៀត​ផង។បើទោះបីជា​ចិន​កំពុង​សប្បាយ​នឹង​ទាញយក​ប្រយោជន៍​សេដ្ឋកិច្ច ការ​ខួង​បូម​យក​ប្រេង រ៉ែ កាប់បំផ្លាញ​ព្រៃឈើ និង​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ក៏ដោយ​ក៏​ប្រទេស​នេះ​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ប្រទេស​លោកខាងលិច​ផងដែរ។

យ៉ាងណាក៏ដោយ ក្រៅពី​រង​ការរិះគន់ ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏បាន​ប្រឈមមុខ​ជាមួយ​ឧបសគ្គ​មួយចំនួន ដោយ​ខាតបង់​ទុន​របស់ខ្លួន​ច្រើន​ដែរ​ដោយសារ​វិបត្តិ​នៅ​អាហ្វ្រិក។ ជា​ឧទាហរណ៍​កាលពី​ពីរ​ឆ្នាំមុន​ចិន​បាន​ខាត​បង់លុយ​ប្រមាណ ២០ពាន់​លាន​ដុល្លារ​ដោយសារ​គម្រោង​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ប្រេង និង​ទូរគមនាគមន៍​ត្រូវបាន​បញ្ឈប់​ដោយសារ​សង្គ្រាមស៊ីវិល​នៅ​លី​ប៊ី ហើយ​មិនទាន់មាន​សំណង​សម្រាប់​ការខាតបង់​ពី​រដ្ឋាភិបាល​នេះឡើយ។ ដោយឡែក​បច្ចុប្បន្ននេះ​ចិន​ក៏​កំពុង​ព្រួយបារម្ភ​ពី​ការខាតបង់​ផ្សេងទៀត​នៅ​ប្រទេស​ក្មេងខ្ចី​សម្បូរ​ប្រេង​ជាងគេ​នៅ​អាហ្វ្រិក​ស៊ូដង់​ខាងត្បូង ដោយសារ​សង្គ្រាម​រាំ​រ៉ៃ​អូសបន្លាយ​មួយឆ្នាំ​រក​ផ្លូវ​បញ្ចប់​មិនឃើញ។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន ក្នុង​ឆ្នាំ២០១១ រដ្ឋាភិបាល​ចិន​បានសម្រេច​បោះទុន២០ពាន់​លាន​ដុល្លារ​នៅ​ស៊ូដង់​មុនពេល​ស៊ូដង់​ខាងត្បូង​ប្រកាស​ឯករាជ្យ​ចេញពី​ស៊ូដង់។

ហើយ​ក្រោយមក​ក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​លោក ហ៊ូ ចិន​តាវ បានប្រកាស​បន្ថែម​ទុនវិនិយោគ​នៅ​ស៊ូដង់​ខាងត្បូង ៨ពាន់​លាន​ដុល្លារ​ទៀត​ក្នុងពេលដែល​ប្រធានាធិបតី​SalvaKiir ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង។

សូម​រម្លឹក​វិបត្តិ​នៅ​ស៊ូដង់​ខាងត្បូង​បន្តិច វិបត្តិ​នេះ​កើតឡើង​នៅ​ចុងឆ្នាំ ២០១៣ ក្រោយ​មាន​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ឆ្នាំ ២០១១ ដោយ​ជម្លោះ​នេះ​កើតមាន​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​លោក SalvaKiirនិង​កងកម្លាំង​ឧទ្ទាម​ដឹកនាំ​ដោយ​អតីត​អនុ​ប្រធានាធិបតី​លោក​RiekMachar ។ សង្គ្រាមស៊ីវិល​នេះ​បាន​បន្ត​អូសបន្លាយ​ដល់​បច្ចុប្បន្ន​ដោយ​ភាគី​ទាំងពីរ​មិនអាច​ចរចា​បញ្ចប់​ជម្លោះ​បានឡើយ ហើយ​ប្រជាជន​រាប់​ម៉ឹ​ន​នាក់​ស្លាប់ និង​រាប់លាន​នាក់​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ត្រួវបាន​បំផ្លាញ សង្វាក់​ផលិតកម្ម ជាពិសេស​ការផលិត​ប្រេង​ដែលជា​ប្រភព​នៃ​ចំណូល​សេដ្ឋកិច្ច​ស្ទើរតែ​ត្រូវ​កាត់ផ្តាច់។

បើតាម​សារព័ត៌មាន​ចិន ទិន្នផល​ប្រេង​នៅ​ស៊ូដង់​ខាងត្បូង​ថយចុះ ២០ភាគរយថ្មីៗនេះ ហើយ​ក្រុមកម្មករ​ចិន​បូម​ប្រេង​រាប់រយ​នាក់​រង​ការគំរាមកំហែង និង​រត់​ភៀសខ្លួន​ផងដែរ។ បើ​ទុក​វិបត្តិ​នៅ​លី​ប៊ី​ជា​បទពិសោធន៍ ចិន​ចាំបាច់​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បញ្ចប់​បញ្ហា​និង​ការពារ​ផលប្រយោជន៍​របស់ខ្លួន​នៅ​ស៊ូដង់​ខាងត្បូង។ ចិន​កំពុងតែ​ព្យាយាម​ជួយ​បញ្ចប់​ជម្លោះ​នៅ​ស៊ូដង់​ខាងត្បូង ដើម្បីអោយ​ឧស្សាហកម្ម​បូម​ប្រេង​របស់ខ្លួន​នៅ​ស៊ូដង់​ខាងត្បូង​អាច​បន្ត​ទៅបាន​ដោយ​និរន្តរភាព និង​គ្មាន​ការខាតបង់។ ចិន​ព្យាយាម​បញ្ចុះ​ប​ញ្ចួ​ល​ស្ថាប័ន​អង្គការសហប្រជាជាតិ​អោយ​លូកដៃ​ចូលរួម​បង្កើត​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង និង​ក្រោយមក​សម្រេច​បញ្ជូន​កង​ទ័ព​រក្សា​របស់ខ្លួន​ជិត១ពាន់​នាក់​ទៅ​ស៊ូដង់​ខាងត្បូង​នៅ​ដើមឆ្នាំ​ក្រោយ។

កាលពី​ប៉ុន្មាន​ខែ​មុននេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានស្នើ​អោយមាន​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ របស់​អង្គការសហប្រជាជាតិ ទៅកាន់​ប្រទេស​ស៊ូដង់​ខាងត្បូង​បន្ថែម​កងទ័ព​សហភាព​អាហ្វ្រិក ដោយ​រដ្ឋាភិបាល​នេះ​អះអាងថា ជា​ការជួយ​ការពារ​ជិវិត​ប្រជាជន​ស៊ីវិល និង​ការពារ​ការផលិត​ប្រេង​ដែលជា​អាយុជីវិត​របស់​ប្រទេស​ក្មេងខ្ចី​មួយ​នេះ។ ចំណែក​មកទល់​ម្សិលមិញ​នេះ រដ្ឋាភិបាល​លោក Xi Jinpingនិង​គណកម្មការ​កណ្តា​ល​យោធា​ចិន បានសម្រេច​អនុញ្ញាត​គម្រោង​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​ប្រហែល ៧០០នាក់​ទៅ​ស៊ូដង់​ខាងត្បូង​នៅ​ដើមឆ្នាំ ២០១៥ ដើម្បី​សហការ​ជាមួយ​កងកម្លាំង​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Juba ផងដែរ។

តាមពិតទៅ ការសន្យា​ពង្រាយ​ទ័ព​ទៅ​ស៊ូដង់​ខាងត្បូង កើតឡើង​ក្រោយពេល​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង Juba ដោយ​ប្រទេស​នេះ​ធ្វើយ៉ាងណា​អោយមាន​ស្ថេរភាព និង​បង្កើន​ការផលិត​ប្រេង​នៅ​តំបន់​សម្បូរ​ប្រេង​បី​កន្លែងធំ។ ប៉ុន្តែ​គេ​មើលឃើញថា​កងទ័ព​រប​ស់​ចិន​ដែល​នឹងត្រូវ​បញ្ជូន​ទៅកាន់​ស៊ូដង់​ខាងត្បូង​ទំនងជា​ត្រូវ​បញ្ជូនទៅ​ការពារ​កម្មករ​ចិន និង​អណ្តូង​បូម​ប្រេង​នៃ​ក្រុមហ៊ុន​ចិន​នៅ​ទីនោះ មិនមែន​ការពារ​ប្រជាជន​ស៊ូដង់​ខាងត្បូង​ដូច​កា​អះអាង​ឡើយ។  

ដោយឡែក​ក្រៅពី​ប្រកាស​ផ្តល់ជំនួយ​ជា​កងទ័ព​រក្សា​សន្តិសុខ ចិន​ក៏​កំពុង​ព្យាយាម​ពង្រីក​តួនាទី​ការទូត​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​អាហ្វ្រិក ជាពិសេស​ស៊ូដង់​ខាងត្បូង​នេះ​តែម្តង។  កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Addis Ababa នៃ​ប្រទេស​អេ​ត្បូ​ពី​ម្សិលមិញ លោក​បាន​អំពាវនាវ​អោយ​ភាគី​ជម្លោះ​ស៊ូដង់​ខាងត្បូង​ត្រលប់​ចូល​តុ​ចរចា និង​បញ្ចប់​សង្គ្រាមស៊ីវិល។ព័ត៌មាន​ក្រៅផ្លូវការ​បានអោយដឹង​ថា រដ្ឋមន្ត្រីការបរទេស​ចិន​នេះ មានបំណង​ចង់​ធ្វើជា​អ្នក​ផ្សះផ្សា​ជម្លោះ​ជា​លក្ខណៈ​ឯកជន ដើម្បី​នាំ​សន្តិភាព​ដល់​រដ្ឋ​ដែល​ក្មេងខ្ចី​នៅ​អា​ហ្រិ​ជនក​មួយ​នេះ។បើទោះជា​ចិន​ហាក់ដូចជា​ប្រឹងប្រែង​ដើម្បី​ជួយ​កសាង​សន្តិភាព​ស៊ូដង់​ខាងត្បូង​ក៏ដោយ ក៏​អ្នកវិភាគ​បាន​ថ្លែងថា មាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​សកម្មភាព​របស់​ចិន និយាយ​អោយ​ខ្លី​ចិន​បារម្ភ​ពី​បញ្ហា​ប្រយោជន៍​ខ្លួន​ច្រើនជាង​ជន​ស៊ីវិល​ស៊ូដង់​ខាងត្បូង​ទាំងនោះ។



© រក្សាសិទ្ធិដោយ thmeythmey.com