ជាតិ
សង្គមជាតិ
CEDAC ប្រាប់កសិករឲ្យប្រែក្លាយជញ្ជ្រាំងស្រូវធ្វើជាជីធម្មជាតិ
×
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បានប្រាប់ឲ្យកសិករប្រើប្រាស់ឡើងវិញនូវអនុផលស្រូវ ដូចជា ចំបើង ជញ្ជ្រាំង និងអង្កាម ជាដើម ដើម្បីធ្វើជាជីធម្មជាតិ សម្រាប់ធ្វើកសិកម្ម។
CEDAC ចាត់ទុកថា ជញ្ជ្រាំងស្រូវ ដែលនៅក្នុងដីស្រែ បន្ទាប់ពីការច្រូតកាត់របស់កសិករនោះ គឺជាប្រយោជន៍សម្រាប់កសិករ ជាពិសេស គឺជាជីធម្មជាតិដ៏ល្អ ដែលជួយឲ្យដីផុស និងផ្តល់ជីជាតិបន្ថែមដល់ស្រូវរបស់ពួកគេ។
ដើម្បីឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ជាប់ជានិច្ច និងកាត់បន្ថយនូវការចំណាយលើ ថ្លៃទិញជីពីខាងក្រៅនោះ CEDAC ប្រាប់ថា កសិករគួរតែប្រើប្រាស់ឡើងវិញនូវអនុផលស្រូវ ដូចជា ចំបើង ជញ្ជ្រាំង អង្កាម មកប្រើជាជីធម្មជាតិវិញ។
សេដាក សង្កត់ធ្ងន់ថា៖«ក្នុងចំណោមអនុផលទាំងនោះ ជញ្ជ្រាំងជាធនធានមួយ ដែលកសិករច្រើនគ្នាមិនសូវឲ្យតម្លៃ»។
ចំពោះបញ្ហាបំផ្លាញជញ្ជ្រាំងស្រូវចោល លោក យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក បានចាត់ទុកថា ការដុតជញ្ជ្រាំងចោលដោយចេតនា ឬអចេតនានាំមកនូវគុណវិបត្តិ ជាច្រើនដូចជា បាត់បង់នូវសារធាតុសរីរាង្គសំរាប់ប្រើជាជីជំនួយដល់ដី បាត់បង់នូវគំរប ការពារដីពីកម្តៅថ្ងៃ។
លោកបញ្ជាក់ថា៖«ចំហេះជញ្ជ្រាំងនាំមកនូវកម្តៅបន្ថែម និងឧស្ម័នផ្សេងៗ ជាពិសេសឧស្ម័ន កាបូនិច ដែលអាចបង្កឲ្យមានបំពុលដល់បរិយាកាស និងបង្កើតឲ្យមានអាកាសធាតុក្តៅ»៕
សេដាកបានអំពាវនាវឲ្យកសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការការពារធនធានធម្មជាតិនេះ ដោយ កសិករគួរភ្ជួរលុបជញ្ជ្រាំងស្រូវទៅតាម លទ្ធភាព ស្វែងយល់ពីប្រយោជន៍ជញ្ជ្រាំងស្រូវ និងកុំដុតជញ្ជ្រាំង។ ហើយអាជ្ញាធរមូលដ្ឋាន គួរមានវិធានការផាកពិន័យក្នុងកំរិតណាមួយ ចំពោះជនណាដែលដុតជញ្ជ្រាំង និងចំបើងទុកតាមវាលស្រែដោយចេតនា៕
© រក្សាសិទ្ធិដោយ thmeythmey.com