ជាតិ
សេដ្ឋកិច្ច
EU ជួយ​៥១០​លាន​​ដុល្លារ​​ ដើម្បី​​អភិវឌ្ឍន៍​​កសិកម្ម ​អប់រំ​ និង​​អភិបាលកិច្ច​​នៅ​​កម្ពុជា​
24, Dec 2014 , 7:00 am        
រូបភាព
លោកស្រី Federica Mogherini ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប
លោកស្រី Federica Mogherini ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប
ដោយ:
សហភាព​អឺរ៉ុប (EU) បានប្រកាសថា​ខ្លួន​បាន​បែងចែក​ទឹកប្រាក់​ចំនួន៤១០លាន​អឺរ៉ូ (ប្រហែល៥១០លាន​ដុល្លារ) នៅក្រោម​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​សម្រាប់​រយៈពេល​ចាប់ពី​ឆ្នាំ២០១៤ ដល់ ២០២០ ដើម្បី​បន្ត​កិច្ច​គាំទ្រ​របស់ខ្លួន​ចំពោះ​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា។ ជំនួយឥតសំណង​នេះ នឹង​ជួយ​ពង្រឹង​ដល់​ផ្នែក​កសិកម្ម​និង​ការគ្រប់គ្រង​ធនធាន ធម្មជាតិ ផ្តល់​ការអប់រំ​កាន់តែ​ប្រសើរ និង​អនុវត្ត​កំណែទម្រង់​អភិបាលកិច្ច និង​រដ្ឋបាល។


លោកស្រី Federica Mogherini ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​របស់សហភាព​អឺរ៉ុប​សម្រាប់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ បាន​មាន ប្រសាសន៍ថា ការបង្កើន​ជំនួយ​ទ្វេភាគី​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ គឺជា​សញ្ញា​នៃ​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​នយោបាយ​របស់​ប្រទេស​កម្ពុជា។ លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​បាន​បន្តថា៖«នៅក្នុងពេលថ្មីៗនេះ ប្រទេស​កម្ពុជា​បានសម្រេច​បាន​នូវ​វឌ្ឍនភាព​នៅក្នុង​វិស័យ​ទាំងអស់នេះ ហើយ​ខ្ញុំ​សង្ឃឹមថា ការគាំទ្រ​ដ៏​រឹងមាំ​របស់​យើង​នឹងចូលរួម​ចំណែក​បន្ថែម​ទៀត​នៅក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​រួមបញ្ចូល និង​ប្រកបដោយ​ចីរភាព ព្រមទាំង​ជួយ​ពង្រឹង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ»។

លោក Neven Mimica ដែលជា​ស្នងការ​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​អន្តរជាតិ​ក៏បាន​គូសបញ្ជាក់​បន្ថែមថា កម្មវិធី​ចង្អុលបង្ហាញ​ពហុ​ប្រចាំ​ឆ្នាំនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​ជំនួយ​របស់​សហភាព​អឺរ៉ុប​បាន​កើនឡើង​ចំនួន​បី​ដង បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​មុន​គឺ​ចាប់ពី​ឆ្នាំ២០០៧ ដល់ ២០១៣ ។ លោក Mimica បន្តថា​កម្មវិធី​ថ្មី​នេះ នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា រួមទាំង​ការ​ក្លាយជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ឈានមុខ​គេ​មួយ​នៅក្នុង​ការ សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ទៀតផង។
«ទោះជា​យ៉ាងណាក៏ដោយ​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​មិនទាន់​ដោះស្រាយ ហើយ​សហភាព​អឺរ៉ុប​ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​កំណែទម្រង់​ដែលជា​មហិច្ឆតា​ដ៏​ធំធេង​របស់ខ្លួន ជាពិសេស​នៅក្នុង​វិស័យ​អប់រំ និង​ជំនាញ​វិជ្ជាជីវៈ កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ព្រមទាំង​អភិបាលកិច្ច​ល្អ និង​រដ្ឋបាល​ផងដែរ»។ នេះ​ជាការ​សន្យា​របស់​ស្នងការ​របស់​EU។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហ​ភា​ព៊​អឺរ៉ុប ប្រទេស​កម្ពុជា​បានសម្រេច​នូវ​វឌ្ឍនភាព​សង្គម​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​រយៈពេល​ជាង១០ឆ្នាំ​ចុង​ក្រោយនេះ។ សេចក្តី​ថ្លែង​ការណ៍​ដដែល​សរសេរ​បន្តថា ថ្វីដ្បិតតែ​ប្រជាជន​ភាគច្រើន​បាន​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ ប៉ុន្តែ​ពួកគេ​នៅតែ​ប្រឈម​ខ្ពស់​នឹង​ភាព​ងាយ​រងគ្រោះ​នៅឡើយ ហេតុ​ដូច្នេះហើយ​បានជា​សហភាព​អឺរ៉ុប​បានសម្រេច​បង្កើន​កិច្ច​គាំទ្រ​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​សម្រេច​ម​ហិ​ច្ឆិ​តា​ដ៏​ធំធេង​របស់ខ្លួន​ក្នុង​ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​លើកកម្ពស់​អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដូចដែល​បាន​រៀបរាប់​នៅក្នុង​របៀបវារៈ​កំណែទម្រង់​របស់​ប្រទេស​កម្ពុជា​ខ្លួនឯង ដែលមាន​ឈ្មោះថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី III៕



© រក្សាសិទ្ធិដោយ thmeythmey.com