ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្វី​ទៅជា OGP ដែល​អង្គការ​សង្គម​ស៊ីវិល​ចង់បាន?
24, Dec 2014 , 11:33 am        
រូបភាព
ភ្នំពេញ៖ កាលពី​ថ្ងៃទី២៣ ខែធ្នូ​ម្សិលមិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលមាន​គណៈកម្មាធិកា​រ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា (CCC) ជា​អ្នករៀបចំ បានធ្វើ​សន្និសីទ​យុវជន​មួយ​ស្តីពី «គោលនយោបាយ​អភិវឌ្ឍ​ន៍​និង​ភាពជា​ដៃគូរ​របស់​រដ្ឋាភិបាល​បើកទូលាយ ( Policy development and Open Government Partnership (OGP) )។ សន្និសីទ​យុវជន​លើក​ទី២ ធ្វើឡើង​នៅ ដាយ​កូ​នៀ សិន​ធី មាន​យុវជន​មកពី​ខេត្ត ក្រុង និង​រាជធានី ប្រមាណ២០០នាក់​ចូលរួម។ សង្គម​ស៊ីវិល​យល់ថា ប្រសិនបើ​ប្រទេស​កម្ពុជា​ក្លាយជា​សមាជិក​ប្រទេស OGP នោះ​កម្ពុជា​នឹង​ទាញ​ផលប្រយោជន៍​ជាច្រើន ជាពិសេស​អ្នកវិនិយោគទុន។



ខាងក្រោម​នេះ ជា​បទសម្ភាសន៍​ខ្លី​រវាង​អ្នកសារព័ត៌មានថ្មីៗ និង​លោក សឿង សារឿន នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) ជុំវិញ​បញ្ហា OGP ដូចតទៅ។

អ៊ី​សា រ៉​ហា​នី៖ យុវជន​ប្រមាណ២០០នាក់ មកពី​បណ្តា​ខេត្ត ក្រុង និង​រាជធានី ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​យុវជន ស្តីពី គោលនយោបាយ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូរ​របស់​រដ្ឋាភិបាល​បើកទូលាយ ដែល​ហៅ​កាត់​ថា OGP? តើ​អ្វី​ទៅ ជា OGP ដែល​សង្គម​ស៊ីវិល​អះអាងថា វា​មានគុណ​សម្បត្តិ​ច្រើន​ដល់​រដ្ឋាភិបាល​កម្ពុជា?

សឿង សារឿន៖ OGP គឺជា​សម​ទ្ធិ​រួមមួយ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ធ្វើការ​រួមគ្នា​នាពេល​កន្លងមក។ ហើយ​យើង​បាន​យល់ថា OGP ឫ​ភាពជា​ដៃគូរ​រដ្ឋាភិបាល​បើកទូលាយ​នេះ គឺជា​ឯកសារ ឫ​ជា​ឧបករណ៍​មួយ​យ៉ាងសំខាន់ សម្រាប់​លើកទឹកចិត្ត​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ជាពិសេស ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ភាព​បើកចំហ គណនីភាព ប្រសិទ្ធិភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង។

អ៊ី​សា រ៉​ហា​នី៖ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​បើកចំហ តើ​វា​មាន​សារសំខាន់​អ្វីខ្លះ?

សឿង សារឿន៖ ទីមួយ គឺ​យើង​បង្កើន​ការទុកចិត្ត​គ្នា រវាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល និង​រវាង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត។ ទី​ពីរ គឺ​បើក​ឳ​កាស​ឲ្យ​ទូលាយ ដល់​វិស័យ​ឯកជន សម្រាប់​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ ទី​បី ដែល​សំខាន់ គឺ​បញ្ហា​សង្គម​ដែល​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​ប្រសើរ ដូចជា​ទំនាស់​ដីធ្លី​ជាដើម។ ទី​បួន កាលណា​យើង​មាន​រដ្ឋាភិបាល​បើកទូលាយ យើង​នឹងមាន​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងមូល។

អ៊ី​សា រ៉​ហា​នី៖ តើ OGP ជា​ស្ថាប័ន​អង្គការ ឫ​គ្រាន់តែ​ជា​ឧបករណ៍​មួយ?

សឿង សារឿន៖ OGPជា​វេទិការ​ពិភពលោក ជា​វេទិការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ធ្វើការ​រួមគ្នា។ វា​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០១១ នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ដែលមាន​ប្រទេស​ជា​ស្ថាបនិក​ចំនួន៨ ក្នុងនោះ​មាន​ប្រទេស​អាស៊ី​ចំនួន៤ មាន​កូរ៉េខាងត្បូង ភី​លី​ពី​ន ឥណ្ឌូនេស៊ី និង​បង់​ហ្គូ​លី។

អ៊ី​សា រ៉​ហា​នី៖  ក្នុងនាម​ជា​សង្គម​ស៊ីវិល តើ​លោក​មើលឃើញថា រដ្ឋាភិបាល​កម្ពុជា មាន​ភាព​បើកចំហ ហើយ​ឫ​នៅ?

សឿង សារឿន៖
ចំណុច​សំខាន់ ដែល​ក្រុម​សង្គម​ស៊ីវិល​មើលឃើញថា រដ្ឋាភិបាល​មិនទាន់​បើកចំហ​នៅឡើយ ក្នុងនោះ​ដូចជា ដំណើរការ​នៃ​គោលនយោបាយ​តាក់តែង​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​សង្គម​ស៊ីវិល និង​ផលប្រយោជន៍​របស់​ប្រជាជន។ រដ្ឋាភិបាល គួរ​បើកចំហ តាំងពី​សេចក្តីព្រាង​តាំងពី​ដំបូង។ មួយទៀត ដែល​យើង​គិតថា​សំខាន់ គឺ​ព័ត៌មាន​ទាក់ទង​នឹង​ថវិកា និង​ការសម្រេចចិត្តផ្សេងៗ គឺ​មិនទាន់​បើកចំហ​នៅឡើយ​ទេ ចំណែក​ច្បាប់​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក៏​រាជរដ្ឋាភិបាល​កម្ពុជា​មិនទាន់​ធ្វើ​ដែរ គ្រាន់តែ​គ្រោង។

អ៊ីសា រ៉ហានី៖
តើ​មាន​លក្ខខណ្ឌ​អ្វីខ្លះ ដើម្បី​អាច​ក្លាយជា​សមាជិក​របស់ OGP?
សឿង សារឿន៖ ជាមួយ​គេ​មាន​លក្ខខណ្ឌ​ចំនួន៤ ទីមួយ ភាព​បើកចំហ​ផ្នែក​ហិរញ្ញវត្ថុ ទី​ពីរ​ការទទួលបាន​ព័ត៌មាន ទី​បី​ការប្រកាស​ទ្រព្យសម្បត្តិ និង​ចំណូល​ជា​សាធារណ ទី​បួន ការចូលរួម​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម។ នៅក្នុង​កម្រិតមួយៗ គឺ​គេ​មាន​ពិន្ទុ៤ សរុប​ទាំងអស់​គឺ១៦ពិន្ទុ។

អ៊ី​សា រ៉​ហា​នី៖
ឃើញថា ប្រទេស​អាស៊ាន២ប៉ុណ្ណោះ ដែល​បាន​ចូល​ជា​សមាជិក OGP ក្នុងនោះ មាន​ភី​លី​ពី​ន និង​ឥណ្ឌូនេស៊ី តើ​ប្រទេស​កម្ពុជា នៅ​ខ្វះ​លក្ខខណ្ឌ​អ្វី​ទៀត ដើម្បី​អាច​ចូល​ជា​សមាជិក​នឹង​គេ​បាន?

សឿង សារឿន៖ កម្ពុជា​យើង​ទើប​ទទួលបាន៩ពិន្ទុ​ទេ ចំណុច​ដែល​នៅ​ខ្វះខាត​មានដូចជា សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ច្បាប់​ប្រឆាំង​អំពើពុករលួយ។ បើទោះជា​មន្ត្រីរាជការ តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ក៏ពិតមែន ប៉ុន្តែ​ការប្រកាស​កន្លងមក នៅក្នុង​រង្វង់​ជា​កញ្ចប់​នៅឡើយ។ នៅក្នុង​តម្រូវការ​របស់ OGP គឺ​ការប្រកាស​ទ្រព្យសម្បត្តិ ត្រូវ​ប្រកាស​ជា​សាធារណ៕







© រក្សាសិទ្ធិដោយ thmeythmey.com