អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ក្នុង​បុណ្យ​ណូអែល​ក្រោយ​ការវាយប្រហារ​ជាប់​គ្នា
24, Dec 2014 , 3:07 pm        
រូបភាព
ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រវាង​បណ្តា​សមាជិក​គណរដ្ឋមន្ត្រី​បារាំង​ស្ត​ពី​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស គេ​ឃើញ​មាន​វិធានការ​រឹតបន្តឹង​សន្តិសុខ​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល។ ការ​រឹតបន្តឹង​ស​និ្ត​សុខ​នេះ​កើតឡើង​ក្រោយពេល​ដែលមាន​ករណី​វាយប្រហារជាប់ៗគ្នា​បី​ដង​នៅ​បារាំង​ប្រឆាំង​ជន​ស៊ីវិល និង​កងកម្លាំង​សន្តិសុខ​សុខ។


លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ!



រដ្ឋាភិបាល​បារាំង​បានប្រកាស​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង ដើម្បី​ស្វាគមន៍​បុណ្យ​ណូអែល​នៅ​ស្អែក​នេះ ដោយ​គេ​សង្កេតឃើញ​មានការ​ពង្រាយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​នៅតាម​ផ្លូវ​និង​ទីតាំងសំខាន់ៗក្នុង​ទីក្រុង។ ការ​រឹតបន្តឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​កើតមានឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​បញ្ជា​អោយ​នាយករដ្ឋមន្ត្រី​របស់លោក​ប្រជុំ​សមាជិក​គណរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា​ពី​វិធានការសំខាន់ៗការពារ​សន្តិសុខ​និង​ដោះស្រាយ​បញ្ហា​ផ្នែក​សន្តិសុខ​ផ្សេងទៀត។

នៅ​ប្រទេស​បារាំង​ប៉ុន្មាន​ថ្ងៃនេះ គេ​ឃើញ​មាន​ករណី​វាយប្រហារ​ប្រហែល​បី​ករណី​កើតឡើង​ដែល​បានធ្វើអោយ​មនុស្ស​ជាច្រើន​នាក់​រងរបួស រួមទាំង​កងកម្លាំង​សន្តិសុខ​ផងដែរ។ បច្ចុប្បន្ន​គេ​ទទួលបាន​ដំណឹង​ថា ជនរងគ្រោះ​ក្នុងករណី​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ស្លាប់បាត់​បង់ជីវិត​រួចទៅហើយ។ ម្យ៉ាងវិញទៀត​គេ​ភ័យខ្លាច​ថា ការវាយប្រហារជាប់ៗគ្នា​នៅក្នុង​ប្រទេស​បារាំង​នេះ​អាចជា​បណ្តា​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អាជ្ញាធរ​បារាំង​បានប្រកាសថា ករណី​វាយប្រហារ​នៅ​បារាំង​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ករណី​ភេរវកម្ម​ឡើយ ប៉ុន្តែ​វា​ជាការ​វាយប្រហារ​របស់​បុគ្គល​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​ការ​វិធានការ​រឹតបន្តឹង​សន្តិសុខ នាយករដ្ឋមន្ត្រី​បារាំង​លោក​Manuel Vallsបាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានសម្រេច​ពង្រាយ​កងក​ម្លាំ​ង​ទាហាន​ជាង៣០០នាក់​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ប្រជាជន​បារាំង។ ចំនួន​កងកម្លាំង​ទាហាន​ដែល​ត្រូវ​ពង្រាយ​នោះ​នឹងត្រូវ​បង្កើន​ចំនួន ប្រសិនបើ​ចាំបាច់ ហើយ​ក្រុម​នេះ​ចាត់ចែង​ការងារ​ការពារ​សន្តិសុខ និង​ទប់ស្កាត់​ករណី​វាយប្រហារ​ណាមួយ​ដែលជា​ចេតនា​ឬ​ការប៉ុនប៉ង​របស់​ក្រុម​ភេរវជន។ នាយករដ្ឋមន្ត្រី​បារាំង​បានប្រកាស​ដ​ង្ហើ​យ​អោយ​ប្រជាជន​បារាំង​ទាំងអស់ ឲ្យ​រក្សា​ការអត់ធ្មត់ និង​កុំ​ភ័យខ្លាច​ចំពោះ​ការវាយប្រហារ​នានា​ដែល​អាច​កើតឡើង ព្រោះ​ប្រជាជន​បារាំង​បច្ចុប្បន្ន​ហាក់បីដូចជា​ភ័យខ្លាច​ខ្លាំង។

យ៉ាងណាក៏ដោយ​មន្ត្រី​ប៉ូលីស​កំពុងតែបន្ត​ការស៊ើបអង្កេត​ករណី​ដែល​បានកើត​ឡើងជាប់ៗគ្នា​នេះ ហើយ​គេ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា​វា​ជា​ករណី​ភេរវកម្ម​មែនឬ​យ៉ាងណា​នោះ
កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​Dijon ប្រទេស​បារាំង​មាន​ករណី​បើករថយន្ត​បុក​រះ​ជន​ស៊ីវិល​នៅតាម​ផ្លូវ​ដែល​បាន​បណ្តាលអោយ​មនុស្ស​ប្រហែល១០នាក់​រងរបួស ប៉ុន្តែ​អ្នកបើកបរ​នោះ​ត្រូវបាន​គេ​អះអាងថា មាន​បញ្ហា​ខួរក្បាល​មិនមែនជា​ភេរវជន​រដ្ឋ​ឥស្លាម​នោះឡើយ។ ចំណែក​កាលពី​ថ្ងៃ​សៅរ៍ ក៏​កើតមាន​ករណី​វាយប្រហារ​មួយ​កើតឡើង​ដែរ ដោយ​ជន​ម្នាក់​បាន​ប្រើប្រាស់​កាំបិត​ចាក់​ក្រុម​សន្តិសុខ បណ្តាលអោយ​ពួកគេ​បីនាក់​រងរបួស​ថែម​ទៀតផង។ ករណី​វាយប្រហារ​ចុងក្រោយ​កើតមានឡើង​នៅ​យប់​ថ្ងៃ​ចន្ទ ដោយមាន​ការបើក​រថយន្ត​បំបោល​ចូលក្នុង​ទីកន្លែង​លក់​របស់របរ​សម្រាប់​បុណ្យ​ណូអែល ហើយ​ករណីនេះ​បាន​បណ្តាលអោយ​មនុស្ស​យ៉ាងហោចណាស់ ១០នាក់​រងរបួស៕



© រក្សាសិទ្ធិដោយ thmeythmey.com