ជាតិ
សង្គមជាតិ
មេរៀនស្តីពីការប្រឆាំងអំពើពុករលួយ ចូលដល់ថ្នាក់វិទ្យាល័យ
× កំពង់ធំ៖ វិទ្យាល័យ ហ៊ុន សែន ត្បែងបានរៀបចំការបញ្ជ្រាបអំពីការប្រឆាំងអំពើពុករលួយដល់សិស្សថ្នាក់វិទ្យាល័យចាប់ថ្នាក់ទី១០ដល់ទី១២ ។ ការបញ្ជ្រាបអំពីអំពើពុករលួយ ដែលបង្រៀនដោយគ្រូមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា ត្រូវបានរៀបចំឡើងបន្តពីសិក្ខាសាលារបស់មន្ទីរអប់រំខេត្តកំពង់ធំ ក្នុងក្របខណ្ឌនៃការផ្សព្វផ្សាយពីការប្រឆាំងអំពើ ពុករលួយ។
វិទ្យាល័យត្បែង ជាវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យនានានៃខេត្តកំពង់ធំដែលបានចាប់ផ្តើមបញ្ចូលមេរៀនស្តីពីអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា។ ជាដំណាក់កាលដំបូង ក្នុងពេលពេញមួយឆ្នាំ មេរៀនស្តីពីអំពើពុករលួយមានចំនួន៤ ដែលត្រូវបានបែងចែកក្នុងការបង្រៀន២មេរៀន សម្រាប់ឆមាសទីមួយ និង២មេរៀនក្នុងឆមាសទី២ ។
អ្នកគ្រូ ហង់ សុមិច ដែលបង្រៀនមុខវិជ្ជាសីលធម៌នៃវិទ្យាល័យត្បែង បានប្រាប់ថា ការផ្សព្វផ្សាយមេរៀនស្តីពីអំពើពុករលួយនៅតាមសាលារៀន មានគោលដៅ ធ្វើឱ្យសិស្សានុសិស្សទទួលបានការយល់ដឹងទូលំទូលាយពីរូបភាពផ្សេងៗនៃអំពើពុករលួយ។ ហើយថា ពួកគេ (សិស្សានុសិស្ស) អាច ឆ្លើយតបបានភ្លាមៗពេលឃើញភាពមិនប្រក្រតីកើតឡើងតាមរយៈការផ្តល់ព័ត៌មានតាមទូរសព្ទ។ អ្នកគ្រូសុមិចក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនផងដែរថា៖«បន្ទាប់ពីបានរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ វាបានធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានរាយការណ៍ពីអំពើពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយជួយលាក់អត្តសញ្ញាណយើង និងការពារយើងផងដែរ»។
ចំណែកយុវតី អូត និមល និង ថាន់ វណ្ណារី ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យត្បែង ហាក់ដូចជាមិនសូវយល់ច្បាស់ពីអំពើពុករលួយទេ ក្នុងពេលកន្លងមក។ ប៉ុន្តែបច្ចុប្បន្ននេះ យុវសិស្សទាំង២នាក់ ដែលដឹងថា អំពើពុករលួយជាអំពើដែលខុសច្បាប់ អាចយល់បានថា ការដែលសិស្សឱ្យលុយគ្រូ ឬគ្រូយកលុយពីសិស្ស វាគឺជាអំពើពុករលួយ។
ទាក់ទងទៅនឹងបញ្ហាអំពើពុករលួយនេះដែរ លោក ថនស៊ី ពុទ្ធា នាយកវិទ្យាល័យត្បែងបានប្រាប់ឱ្យដឹងថា៖ « ការបញ្ជ្រាបអំពើពុករលួយនេះ គឺដើម្បីឱ្យក្មេងដឹងថា អំពើពុករលួយកើតចេញពីណា? ហើយអ្វីខ្លះជារូបភាពនៃអំពើពុករលួយ? ឧទាហរណ៍ដូចជា ពេលសិស្សប្រឡងបានពិន្ទុតិច ហើយពួកគេយកលុយឱ្យគ្រូដើម្បីបានពិន្ទុបន្ថែម នេះហើយជារូបភាពសាមញ្ញនៃអំពើពុករលួយ»។
លោកនាយកវិទ្យាល័យត្បែងបានបញ្ជាក់បន្ថែមថា ក្រសួងអប់រំបានបញ្ជូនសៀភៅស្តីពីអំពើពុករលួយជាង២០០ក្បាលមកដល់សាលារៀនរបស់លោក ដើម្បីបញ្ជ្រាបដល់មជ្ឈដ្ឋានសិស្សានុសិស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com