អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​រុ​ស្ស៊ី​​​ខឹ​ង​​ខ្លាំ​ង​​ក្រោ​យ​​អ៊ុ​យ​​ក្រែ​​​ន​​ប​ញ្ច​ប់​​​គោ​ល​កា​រ​ណ៍​​អ​​ព្យា​​ក្រឹ​ត្យ​​​និ​ង​​​តោ​ង​​​ប​ក្ស​ស​ម្ព័​ន្ធ​​​ណា​​​តូ​
24, Dec 2014 , 4:22 pm        
រូបភាព

អ៊ុយ​ក្រែ​ន​បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ដោយ​បន្ត​ខិត​ទៅជិត​ណា​តូ​កាន់តែខ្លាំង​ហើយ​ប្រទេស​នេះ​សង្ឃឹមថា​ខ្លួន​នឹង​អាច​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​សមាជិក២៨ប្រទេសមួយ​នេះ។ការបង្ហាញ​ចេតនា​ចូលរួម​ជាមួយ​ណា​តូ​ដោយ​ការបោះឆ្នោត​ក្នុង​សភា​អ៊ុយ​ក្រែ​ន​កាលពី​ម្សិលមិញ​នេះ​បានធ្វើអោយ​ដ្ឋា​ភិ​បាល​ក្រុង​ម៉ូស្គូ​ខឹងសម្បារ​ខ្លាំង​ឡើង។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




សភា​អ៊ុយ​ក្រែ​ន​កាលពី​ម្សិលមិញ​នេះ​បាន​លើកដៃ​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដោយ​ទម្លាក់ចោល​គោល​ការមិន​ចូលបក្ស​សម្ព័ន្ធ​ដែល​ប្រទេស​នេះ​ធ្លាប់​ប្រកាន់ខ្ជាប់​អស់​ពេល​ជាច្រើន​ឆ្នាំ​មួយ​ហើយ​នោះ​ហើយ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​នេះ​អាច​បើកផ្លូវ​អោយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​អាច​ខិត​កាន់តែ​ជិត​បក្សសម្ព័ន្ធ​យោធា​ណា​តូ។

រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​មាន​ចេតនា​ចង់​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដើម្បី​ទទួលបាន​ការការពារ​ផ្នែក​យោធា​ពី​បណ្តា​ប្រទេស​សមាជិក​ទាំង២៨ផ្សេងទៀត​នៅក្នុង​បក្សសម្ព័ន្ធ​នេះ។មុននឹង​មានការ​បោះឆ្នោត​សម្រេច​ក្នុង​សភា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានប្រកាស​គាំទ្រ​អោយមាន​ការបញ្ចូល​អ៊ុយ​ក្រែ​ន​ទៅ​ក្រោម​ការការពារ​របស់​ស​ម្ព័​ន្ធ​យោធា​រណា​តូ​ហើយ​វា​ជា​គោលនយោបាយ​របស់លោក​ដែល​បាន​រៀបចំឡើង​មុនពេល​បោះឆ្នោត​និង​ក្រោយ​ការទម្លាក់​របប​គាំទ្រ​រុស្ស៊ី​Viktor Yanukovychkកាលពី​ខែកុម្ភៈ​កន្លងទៅ។អ៊ុយ​ក្រែ​ន​នេះ​បាន​ប្រើប្រាស់​ស្លាក​ប្រទេស​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​ប៉ុន្តែ​ស្ថិតក្រោម​គំនៀប​និង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​តាំងពី​បញ្ចប់​សង្គ្រាមត្រជាក់។ជានិច្ច​ជា​កាល​ប្រទេស​នេះ​ក៏​ធ្លាប់​ស្នើសុំ​ចូលរួម​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​ផងដែរ​ប៉ុន្តែ​បេក្ខភាព​អ៊ុយ​ក្រែ​ន​មិនដែល​ត្រូវបាន​គេ​ត្រួតពិនិត្យ​ឡើយ​ព្រោះ​វិស័យ​យោធា​ប្រទេស​នេះ​រួមរឹត​ដោយ​អំពើពុករលួយ​និង​ការិយាធិបតេយ្យ។

ទោះជា​យ៉ាង​ក្តី​ក្រោយ​ផ្តួល​រំ​របប​ដឹកនាំ​គាំទ្រ​ដោយ​រុស្ស៊ី​និង​មានការ​ក្រសោប​យក​ទឹកដី​Crimea កាលពី​ខែ​មិនា​លោកខាងលិច​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ទំនងជា​ចង់​ទទួលយក​អ៊ុយ​ក្រែ​ន​ជា​សមាជិក​និង​បន្ត​កសាង​កម្លាំងយោធារ​បស់​ខ្លួន​ដើម្បី​ហ៊ុំព័ទ្ធ​រុស្ស៊ី​នៅ​អឺរ៉ុប​ខាងកើត។

ចំពោះ​រុស្ស៊ី​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​គ្រោះថ្នាក់​មួយ​ហើយ​ប្រសិនបើ​ប្រទេស​ជាប់​របប​របស់ខ្លួន​សុទ្ធតែ​ក្លាយជា​សមាជិក​ណា​តូ​នោះ​វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​អំណាច​និង​ឥទ្ធិពល​យោធា​ឬ​នយោបាយ​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​នៅក្នុង​តំបន់។ការប៉ុនប៉ង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងការ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​បានធ្វើអោយ​រដ្ឋាភិបាល​លោកពូ​ទីន​ខឹងសម្បារ​យ៉ាងខ្លាំង​ដោយ​រុស្ស៊ី​មិន​ចង់អោយ​អតីត​រដ្ឋ​សហភាពសូវៀត​មួយ​នេះ​ក្លាយជា​សមាជិក​អង្គការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​គ្រប់គ្រង​ដោយ​លោកខាងលិច​នោះឡើយ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ព្រមាន​អ៊ុយ​ក្រែ​ន​អោយ​បញ្ឈប់​សកម្មភាព​បង្ករឿង​ដែល​ធ្វើអោយមាន​ការប្រឈមមុខ​ដាក់គ្នា​ខ្លាំង​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ហើយ​លោក​សង្កត់ធ្ងន់ថា​ការ​ខិត​ទៅជិត​ណា​តូ​គ្មាន​បាន​ផល​ល្អប្រសើរ​ឡើយ។ដោយឡែក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក​Dmitry Medvedev បាន​អធិប្បាយ​ថា​ការសម្រេច​ជ្រើស​រើសយក​ការចូលរួម​ជាមួយ​ណា​តូ​នឹង​ធ្វើអោយ​រុស្ស៊ី​ក្លាយជា​គូបដិបក្ខ​ផ្នែក​យោធា​របស់​អ៊ុយ​ក្រែ​ន។នាយករដ្ឋមន្ត្រី​រុស្ស៊ី​ខាងលើ​បាន​ព្រមាន​ផងដែរ​ថា​ការទម្លាក់​ចោល​គោលការណ៍​អ​ព្យា​ក្រឹត្យ​របស់​អ៊ុយ​ក្រែ​ន​ដោយរ​ត់ទៅ​តោង​ណា​តូ​និង​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​រុស្ស៊ី​នឹង​បង្កើត​លទ្ធផល​អវិជ្ជមាន​ហើយ​រុស្ស៊ី​ចាំបាច់​ត្រូវ​ឆ្លើយតប​នឹង​សកម្មភាព​របស់​ប្រទេស​ទាំងពីរ​នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com