អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ៖ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់​មិនអាច​ធ្វើទៅ​បានឡើយ
24, Dec 2014 , 5:22 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ថៃ​បាន​ច្រានចោល​នូវ​សំណើរ​សុំ​កែប្រែ​ប្រព​ន្ធ័​បោះឆ្នោត​នាយករដ្ឋមន្ត្រី​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ពី​ការបោះឆ្នោត​ផ្តល់​ការទុកចិត្ត​ដោយ​សភា​មកជា​ការបោះឆ្នោត​ដោយ​ប្រជាជន​ដោយផ្ទាល់​តែម្តង។ការច្រានចោល​នេះ​ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ថៃ​បាន​រកឃើញ​ប្រព​ន្ធ័​នេះ​អាចធ្វើអោយ​ប្រព័ន្ធ​នៃ​ការបោះឆ្នោត​កាន់តែ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​និង​មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​ប្រព័ន្ធ​នយោបាយ​ថៃ។



កាលពី​ម្សិលមិញ​នេះ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ​បានប្រកាស​បដិសេធ​ទទួលយក​នូវ​សំណើរ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​ពី​ការបោះឆ្នោត​ដោយ​សភា​មកជា​ការបោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាជន​តែម្តង។

សំណើរ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ថៃ​ក្នុង​គោលបំណង​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយ​ការបោះឆ្នោត​ដោយផ្ទាល់​ត្រូវបាន​បដិសេធចោល​ពោលគឺ​សភា​នៅតែ​បន្ត​តួនាទី​ជ្រើសរើស​និង​បង្កើត​រដ្ឋាភិបាល។ការច្រានចោល​នេះ​កើតឡើង​ក្រោយពី​គណៈកម្មាធិការ​បាន​ពិភាក្សា​ហើយ​រកឃើញថា​ការបោះឆ្នោត​តាម​ប្រព​ន្ធ័​នេះ​មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​ការ​គេង​បន្លំ​ដែល​អាច​នឹងធ្វើ​រដ្ឋាភិបាល​ដែល​កើតឡើង​ពី​បោះឆ្នោត​នេះ​មិនមែនជា​រដ្ឋាភិបាល​ពិតប្រាកដ។

លើសពីនេះទៅទៀត​លោក​Suchit Bunbongkarn អនុប្រធាន​គណៈកម្មាធិកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ​បាន​បន្ថែមទៀតថា ការបោះឆ្នោត​ដោយផ្ទាល់​អាច​នឹង​មិនមាន​ភាពស្មើគ្នា​ព្រោះ​ដោយសារ​វា​ពិបាក​ក្នុងការ​ការពារ​គណបក្ស​ដែល​កើតឡើង​ដោយមាន​ការគាំទ្រ​ពី​អ្នកជំនួញ​ធំ​ដែល​នឹង​ប្រើ​នយោបាយ​ដើម្បី​ជា​ឈ្នាន់​ក្នុងការ​ស្វែងរក​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាពិសេស​នោះ​គឺ​ក្រុម​នេះ​នឹងមាន​ភាព​លទ្ធភាព​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​របស់ខ្លួន។

យ៉ាងណាមិញ​ក្រៅពី​ការបដិសេធ​កែប្រែ​នេះ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​បានទទួល​យក​នូវ​សំណើរ​ពីរ​ចំណុច​ផងដែរ​រួមមាន​ទី១ប្រធានរដ្ឋសភា​មិន​អនុញ្ញាតអោយ​ចូលរួម​នៅក្នុង​សកម្មភាព​របស់​គណបក្ស​និង​អនុ​ប្រធានសភា​ត្រូវ​ចេញពី​គណបក្ស​ដែលមាន​សម្លេង​ក្នុង​សភា​តែ​មិនមែនជា​គណបក្ស​ដែលមាន​សម្លេង​ភាគច្រើន​ទេ។ចំណុច​ទី២គណៈកម្មាធិការ​បានទទួល​សំណើរ​ដោយ​សមាជិកសភា​អាចមាន​សិទ្ធិ​ជំទាស់​ទៅលើ​សេចក្តី​សេចក្តី​ណាមួយ​របស់​គណ​បក្ស​របស់ខ្លួន និង​អាច​បន្ត​តំណែង​ជា​សមាជិកសភា​ទោះបីជា​ត្រូវបាន​គេ​ដក​ចេញពី​គណបក្ស​របស់ខ្លួន​ក៏ដោយ។

គួរបញ្ជាក់​ផងដែរ​ការកែប្រែ​ប្រព័ន្ធ​បោះឆ្នោត​រាជរដ្ឋាភិបាល​ដោយផ្ទាល់​ហាក់ដូចជា​ចង់​បំបាត់​នូវ​អំណាច​របស់​សភា​ជាពិសេស​នោះ​សម្រាប់​ប្រទេស​ថៃ​ដែល​ប្រកាន់​នូវ​របប​សភានិយម​នោះ​គឺ​មិនមាន​ភាពងាយស្រួល​និង​មិនអាច​ទៅរួច​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com