ជាតិ
ពីនេះ ពីនោះ
តើពាក្យ «លេង» និង «លែង» មានន័យខុសគ្នាយ៉ាងដូចម្តេច?
15, Apr 2022 , 7:29 am        
រូបភាព
សារព័ត៌មានថ្មីៗ សូមលើកយកកិរិយាសព្ទ «លេង» និង «លែង» មក ពន្យល់ ដែលជាដកស្រង់ទាំងស្រុងពីវចនានុក្រមខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។




«លេង» មានន័យថាប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង។ លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ ។

សម្រេចកិច្ចឬប្រព្រឹត្តបែបបទដោយកម្សាន្ដសប្បាយ មិនយកជាការមែន។ និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង ។

លេងកល ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ ។ លេងកាព្យ ញៀនជាប់ចិត្តក្នុងការតែងកាព្យ ។ លេងកំណាព្យ ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ ។ លេងខ្លួន ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក។ លេងភ្លេង វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា ។ លេងសម្ដី ប្រើសម្ដីម៉េតប្រាយឬលែបខាយ ។ លេងសំនួន ប្រើសំនួន ។

លេង ឫក ប្រើឫកពាខ្ពស់ហួសបែបភាព ។ លេងឲ្យពេញដៃ ទរឲ្យពេញដៃ, ឲ្យអស់យ៉ាង ។ ល ។

រីឯ «លែង» មានន័យថា ឈប់, លើកឈប់ធ្វើ, មិនរវល់; លះស្រឡះ មិនត្រូវការ។ លែងឲ្យ, លែងយក, លែងបរិភោគ; លែងប្រពន្ធ ។ បណ្ដោយឲ្យទៅតាមការ, បើកអំណាចឲ្យចេញ។ លែងគោ, លែងមនុស្សទោស, លែងចោរ ។ បណ្ដោយឲ្យរបូត, ឲ្យឃ្លាតចេញពីកណ្ដាប់ដៃ។ លែងខ្សែពីដៃ ។

ចំហខ្លួន។ លែងខ្លួន ។ ល ។ លែងលះ ឬ លះលែង លែងគ្នាស្រឡះ ឬលែងដាច់ស្រឡះមិនត្រូវការតទៅទៀត។ លែងលះប្ដីប្រពន្ធ៕


© រក្សាសិទ្ធិដោយ thmeythmey.com