ជាតិ
សង្គមជាតិ
អប្សរាថាលោក សុន ឆ័យ ខឹងរឿងចាញ់ដីទើបបំផ្លើសព័ត៌មានរឿងចំណូលអង្គរ
× សៀមរាប៖ អាជ្ញាធរជាតិអប្សរា ក្នុងសេចក្តីបំភ្លឺរបស់ខ្លួន បាននិយាយថា លោក សុន ឆ័យ មានបំណងបំផ្លើសព័ត៌មាន ជុំវិញជំនួបរវាងគណៈកម្មការទី២ និងអាជ្ញាធរជាតិអប្សរា ដោយសារលោក បានចាញ់ក្តីរឿងការគ្រប់គ្រងដីមួយកន្លែង ដែលស្ថិតក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ កាលពីកន្លងមក។
ការថ្លែងបែបនេះ របស់អាជ្ញាធរអប្សរា ធ្វើឡើងក្រោយពេលលោក សុន ឆ័យ ដែលជាអនុប្រធាននៃគណៈកម្មការទី២នៃរដ្ឋសភា បានប្រាប់សារព័ត៌មានថា អាជ្ញាធរអប្សរា បានលាក់លៀមឯកសារមួយចំនួន ជុំវិញចំណូលពីភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត និងការជួលដីឲ្យក្រុមហ៊ុនឯកជនជាដើម។
យោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរអប្សរានៅថ្ងៃទី២៤ ខែធ្នូ បានទទួលស្គាល់ការមិនបញ្ចេញឯកសារមួយចំនួន តាមការស្នើរសុំរបស់លោក សុន ឆ័យ ពិតប្រាកដមែន។ ការណ៍នេះ ក៏ដោយសារតែអាជ្ញាធរអប្សរា បានសុំលោក សុន ឆ័យ រៀបចំធ្វើនីតិវិធី ដើម្បីស្នើរសុំពីក្រសួងគ្រប់គ្រងជាមុនសិន មុននឹងខ្លួនប្រគល់ឯកសារពាក់ព័ន្ធនានា តាមការចង់បានរបស់លោក។
បើតាមការអះអាងរបស់អាជ្ញាធរអប្សរា ការជីករកឯកសារ និងការបំផ្លើសព័ត៌មានជុំវិញចំណូលពីអង្គរវត្ត គឺដោយសារលោក សុន ឆ័យ បានចាញ់ក្តីរឿងដីចំនួនជាង៧ហិកតារបស់លោក។ សេចក្តីបំភ្លឺបានសរសេរថា៖« ...ការថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ គឺជាការភូតកុហក ក្នុងចេតនាម្យ៉ាង ដើម្បីកេងចំនេញខាងនយោបាយ បម្រើគណបក្សរបស់ខ្លួន ហើយម្យ៉ាងទៀត ឯកឧត្តម សុន ឆ័យ ហាក់បីដូចជាមានគុំនុំចង់សងសឹក ជាមួយអាជ្ញាធរអប្សរា ដោយសារ គាត់ធ្លាប់ចាញ់ក្តី...)។
គួររំលឹកថា ក្រោយពីជំនួបរវាងគណៈកម្មការទី២នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ជាម យៀប ជាប្រធាន កាលពីថ្ងៃទី២២ ខែធ្នូ នៅអាជ្ញាធរជាតិអប្សរា លោក សុន ឆ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មានការលាក់បាំងឯកសារមួយចំនួនពីចំណូលអង្គរវត្ត និងការជួលដីឲ្យក្រុមហ៊ុនឯកជននៅតំបន់អប្សរា។ លោក សុន ឆ័យ ថា ក្នុងឆ្នាំ២០១៤ មានភ្ញៀវទេសចរជាង៤លាននាក់ ដែលមកទស្សនាអង្គរវត្ត ដែលអាចរកចំណូលបាន ១៥០លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលអប្សរាថា មានតែជាង១លានប៉ុណ្ណោះ ហើយចំណូលមានត្រឹមតែជាង ៤៧លានដុល្លារប៉ុណ្ណោះ (១០ខែ ឆ្នាំ២០១៤)។ ដោយឡែកដីជួលទំហំ២៣ហិកតា អាជ្ញាធរអប្សរាថា មានតម្លៃជួលសរុប ជាង៩លានដុល្លារ លោក សុន ឆ័យថា បើយកតម្លៃគុណនឹងចំនួនឆ្នាំតាមកិច្ចសន្យា មានថវិកាចំនួនប្រមាណ៤០០ លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបាត់បង់៕
© រក្សាសិទ្ធិដោយ thmeythmey.com