អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទណ្ឌកម្ម និង​ការចូល​រួមជាមួយ​ណា​តូ ធ្វើ​ឲ្យ​កិច្ចចរចា​ជម្លោះ​អ៊ុយ​ក្រែ​ន​គ្មាន​ផ្លែផ្កា
25, Dec 2014 , 4:41 pm        
រូបភាព
កិច្ចពិភាក្សា​រវាង​បណ្តា​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Mink ប្រទេស​បេឡា​រ៉ុ​សបាន​បិទ​បញ្ចប់​ទៅហើយ ដោយ​គ្មាន​ចំណុច​ច្បាស់លាស់​ណាមួយ​ត្រូវបាន​លើកឡើង​ក្នុងការ​ដោះស្រាយ​ជម្លោះ​បង្ហូរឈាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ។កិច្ចសន្ទនារ​អស់​ពេល​ជាច្រើន​ម៉ោង​មានការ​ចូលរួម​ពី​បណ្តា​អ្នកតំណាង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី និង​ក្រុម​ឧទ្ទាម រួមជាមួយ​អង្គការ​ស​ន្តិ​សុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​ផង ប៉ុន្តែ​គេ​មិនឃើញ​ភាគ​ទាំងសងខាង​កំណត់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការពិភាក្សាគ្នា​ជាថ្មី​ទៀតឡើយ ដែល​នេះ​មានន័យថា​ការជជែក​និង​ចរចា​រក​សន្តិភាព​នេះ​គ្មាន​ផ្លែផ្កា​អ្វី​ទេ។ ការចរចា​គ្នា​ជាថ្មី​នៅ​បេឡា​រុស​កើតមានឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ដែល​សភា​អ៊ុយ​ក្រែ​ន​បញ្ចប់​គោលការណ៍​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ  ដោយ​ត្រៀមខ្លួន​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​សកម្មភាព​នេះ​បានធ្វើអោយ​រុស្ស៊ី​ខឹងសម្បា​ជាខ្លាំង។

 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖



កាលពីដើម​សប្តាហ៍​នេះ បណ្តា​ប្រទេស​មួយចំនួន​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន មានបារាំង អាល្លឺម៉ង់ និង​រុស្ស៊ី​ផង​នោះបាន​ដ​ង្ហើ​យ​ហៅ​អោយ​ភាគី​ជម្លោះ​មាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​កងកម្លាំង​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ជួបពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​ដ៏​រាំ​រ៉ៃ​នេះ។ ក្រោយ​មានការ​អំពាវនាវ ការប្រជុំ​បានចាប់ផ្តើម​កាលពី​ម្សិលមិញ​នៅក្នុង​ទីក្រុង Minkប្រទេស​បេឡា​រុស ដោយមាន​អ្នកតំណាង​រដ្ឋាភិបាល​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​តំណាង​ក្រុម​ឧទ្ទាម ហើយ​ក្នុងនោះ​មាន​ប្រតិភូ​តំំណាង​អោយ​អង្គការ​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​ផង។មុន​មាន​ប្រជុំ មន្ត្រី​រដ្ឋាភិបាល​លោក Petro Poroshenkoបានប្រកាសថា ការចរចា​អាចធ្វើ​ឡើង​នៅ​ថ្ងៃទី ២៤ និង​ថ្ងៃ ២៦ ខែធ្នូ ដើម្បីអោយ​ដំណើរការ​នៃ​ការចរចា​អាចធ្វើ​ទៅបាន​ដោយ​រលូន និង​មាន​ប្រសិទ្ធិភាព ។ ប៉ុន្តែ​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​ម្សិលមិញ គេ​មិនឃើញ​មាន​ផ្លែផ្កា​អ្វី​ឡើយ ហើយ​ភាគី​ទាំងអស់​ក៏​មិនបាន​កំណត់ពេល​វេលា​ស​ម្រា​ប់​ពិភាក្សា​ជំហាន​បន្ទាប់​ទៀតឡើយ។ យ៉ាងណាក៏ដោយ ការចរចា​ថ្ងៃទី​ពីរ ថ្ងៃ​សុក្រ​ស្អែក​នេះ គេ​រំពឹងថា​ភាគី​នឹង​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​នោះ ប៉ុន្តែ​ភាគី​ជម្លោះ​អធិប្បាយ​ថា​វា​នៅ​ជា​រឿង​ស្រពេចស្រពិល​ដ​ដែរ។

 តាមពិតទៅ កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​ជាច្រើន ក្នុងនោះ​មានការ​ពិភាក្សា​ពី​ការដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ប្រយុទ្ធ ផ្លាស់ប្តូរ​អ្នកទោស ការបញ្ចប់​ការហ៊ុំព័ទ្ធ និង​កាត់​ផ្តាច់ជំនួយ​ហិរញ្ញវត្ថុ​ទៅកាន់​តំបន់​ដែល​កំពុងមាន​សង្គ្រាម និង​ការផ្តល់​ជំំ​នួ​យ​មនុស្សធម៌​ទៅ​ប្រជាជន​រងគ្រោះ​ថា្នក់​ថែម​ទៀតផង។ ប៉ុន្តែ​តាំងពីដើម​មក​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​ផ្តល់​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឡើងវិញ​ទៅ​តំបន់​ភាគ​ខាងកើត ហើយ​ការ​កាត់ផ្តាច់​នេះ​ចាប់ផ្តើម​កើតឡើង​តាំងពី​ពេលដែល​បណ្តា​មេដឹកនាំ​ក្រុម​ឧទ្ទាម​បានរៀបចំ​ការបោះឆ្នោត​នៅ​តំបន់​ដោយ​ខ្លួនឯង​កាលពីដើម​ខែវិច្ឆិកា​កន្ល​ង​មក។ បើតាម​ការអះអាង​រប​ស់មេ​ដឹកនាំ​ក្រុម​ឧទ្ទាម​គាំទ្រ​ក្រុង​ម៉ូស្គូ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ កិច្ចប្រជុំ​ម្សិលមិញ​ប្រឈម​បញ្ហាលំបាក​ច្រើន ភាគី​មិនអាច​រក​ចំណុច​ឯកភាពគ្នា និង​មិនបាន​សម្រេច​លទ្ធផល​ជា​ដុំកំភួន​ឡើយ។ យ៉ាងណាមិញ​បញ្ហា​នៅ​ពីក្រោយ​ការមិនអាច​រក​ចំនុច​ឯកភាពគ្នា​ឃើញ​ក្នុងការ​ចរចា​លើក​នេះ អាចមក​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​នៅ​បដិសេធ​ផ្តល់​ការផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ឡើងវិញ​ទៅអោយ​តំបន់​ភាគ​ខាងកើត​​ហើយ​សម្មភាព​មួយចំនួនទៀត​របស់​ក្រុង​គៀវ និង​សហភាព​អឺរ៉ុប​ដែល​ធ្វើអោយ​រុស្ស៊ី​មិន​សប្បាយចិត្ត។ គេ​មើលឃើញថា ជម្លោះ​នេះ​ពិតជា​ពិបាក​បញ្ចប់ ព្រោះ​ពេលនេះ​រុស្ស៊ី​ហាក់ដូចជា​ខឹងសម្បារ​នឹង​លោកខាងលិច​ខ្លាំង​ដែល​បាន​បន្ត​ដាក់ទណ្ឌកម្ម​បន្តបន្ទាប់​គ្នា​ប្រឆាំង​ខ្លួន ហើយ​អ៊ុយ​ក្រែ​ន​ក៏​ចចេស​រឹងរូស​ចង់​រត់​តោង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នោះ​ថែមទៀត។

ទាក់ទិន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី កាលពី​ម្សិលមិញ​នេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrovបាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​ក្រុង​គៀវ និង​បណ្តា​ប្រទេស​លោកខាងលិច ដែល​មិន​ជួយ​ដោះស្រាយ​ជម្លោះ​បែរជា​ព្យាយាម​ធ្វើអោយ​វិបត្តិ​កាន់​ធ្ងន់ធ្ងរ​និង​អាក្រក់​ជាមុន។ រដ្ឋមន្ត្រី​ខាងលើ​បានលើកឡើង​ពី​ទណ្ឌកម្ម​ជាច្រើន​ជំហាន​របស់លោក​ខាងលិច​ដែល​ដាក់​ប្រឆាំង​រុស្ស៊ី ហើយ​និង​ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ប៉ុន្មាន​ថ្ងៃមុន។  ម្យ៉ាងវិញទៀត​លោក​ក៏បាន​អធិប្បាយ​ពី​បញ្ហា​របស់​សហភាព​អឺរ៉ុប​ដែល​ទោរទន់​តាម​សម្ពាធ​របស់​សហរដ្ឋអាមេរិក ជាពិសេស​អនុញ្ញាតអោយ​សហរដ្ឋអាមេរិក​បង្វិល​តាមចិត្ត​ក្នុងការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី បើទោះជា​ដឹងថា​រុស្ស៊ី​បាន​ចូលរួម​ច្រើន​ក្នុង​ការកសាង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ក៏ដោយ។ ប៉ុន្តែ​ក្រៅពី​រិះគន់​លោកខាងលិច សហភាព​អឺរ៉ុប និង​អាមេរិក លោក Lavrovបានបង្ហាញ​ក្តី​រំពឹងថា​កិច្ចព្រមព្រៀង​ថ្មី​លើក​នេះ តិច​ឬ​ច្រើន​វា​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការកសាង​សន្តិភាព ដោះស្រាយ​បញ្ហា​វិបត្តិ​មនុស្សជាតិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោយមាន​ការបញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ទីនោះ។  

ម្យ៉ាងវិញទៀត​គេ​សម្លឹង​ឃើញថា ភាគី​ជម្លោះ​មិនអាច​រក​ចំណុច​ឯកភាពគ្នា​ឃើញ​ក្នុង​ការបន្ត​ពិភាក្សាគ្នា​បន្ថែម​លើ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព ដោយសារ​រុស្ស៊ី​កំពុង​គុំ​គួ​ន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដែល​ចចេស​បន្ត​រត់​តោង​អង្គការ​ណា​តូ។ មិនមែនជា​រឿង​ដែល​គួរអោយ​ឆ្ងល់​ឡើយ រុស្ស៊ី​មិន​ដែរ​សូម្បីតែ​គិតថា​ចង់អោយ​អ៊ុយ​ក្រែ​ន​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប ឬក៏​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នោះ ដ្បិដ​រុស្ស៊ី​យល់ថា បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ខ្លួន​នាពេល​អនាគត។ សូម​រំលឹក​បន្តិច​ថា កាលពី​ថ្ងៃ​អង្គារ​សមាជិកសភា​អ៊ុយ​ក្រែ​ន​ជាច្រើន​នាក់​បាន​បោះឆ្នោត​បញ្ចប់​គោលការណ៍​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ ដើម្បី​ត្រួត​ត្រាយផ្លូវ​ដល់​រដ្ឋាភិបាល​លោក Poroshenkoក្នុងការ​ភ្ជាប់​ខ្លួន​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ និង​អ​ព្យា​ក្រឹត្យ​របស់​អ៊ុយ​ក្រែ​ន តាមពិតទៅ​ទើបតែ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១០ ដោយសារ​មាន​សម្ពាធ​ពី​ក្រុង​ម៉ូស្គូ ហើយ​ច្បាប់​នេះ​រារាំង​មិនអោយ​អ៊ុយ​ក្រែ​ន​ចូលរួម​ជាមួយ​បណ្តា​បក្សសម្ព័ន្ធ​យោធា​ណាមួយ​បានឡើយ។ កាលពី​ឆ្នាំ ២០១០ អ៊ុយ​ក្រែ​ន​ស្ថិតក្រោម​ការក្តោបក្តាប់រ​បស់​រដ្ឋាភិបាល​លោក Viktor Yanukovychដែលជា​មនុស្ស​ស្និទ​និង​រណប​ក្រុង​ម៉ូស្គូ ប៉ុន្តែ​ក្រោយ​ខែកុម្ភៈ​ឆ្នាំ២០១៤ មេដឹកនាំ​នេះ​ត្រូវបាន​ប្រជាជន​បា​តុម្ម​ទាមទារ​អោយ​លោក​ចុះ​ចេញពី​តំណែង ហើយ​សភា​ក៏បាន​បោះឆ្នោត​ទម្លាក់​លោក​តែម្តងទៅ។ ក្រោយ​ទម្លាក់ចោល​ពាក្យ​ថា អ​ព្យា​ក្រឹត្យ អ៊ុយ​ក្រែ​ន​ព្យាយាម​ស្នើសុំ​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ព្រមាន​ថា បើសិនជា​ចង់​សុខ​ស្រួល​អ៊ុយ​ក្រែ​ន​មិនគួរ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋ​អា​មេ​រិ​កឡើ​យ។


© រក្សាសិទ្ធិដោយ thmeythmey.com