ជាតិ
សង្គមជាតិ
យុវជន​ក្រុង​ស្ទឹងសែន ក៏​រីករាយ​បុណ្យ​ណូអែល ដែរ
26, Dec 2014 , 10:06 am        
រូបភាព
ដោយ:
នៅ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១០១៤ ជា​ថ្ងៃ​ពិសេស​សម្រាប់​យុវជន​យុវនារី​នានា ទាំង​តាម​បណ្តា​ខេត្តនិង​នៅ​ទីក្រុង ដែល​បាននិងកំពុង​សប្បាយរីករាយ​នឹង​បុណ្យ​ណូអែល។ នៅថ្ងៃនេះ​ដែរ នៅ​ខេត្តកំពង់ធំនៅ​ឌី​អ​ម៉ា​ត DR Mart មាន​រៀបចំ​កម្មវិធី​បុណ្យ​ណូអែល​ឡើង មាន​ទាំង​ការប្រឡង​ចម្រៀង​និង​ការលេងកាដូ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​យុវវ័យ​ខេត្តកំពង់ធំ។


សព្វដង នៅតាម Mini Mart នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មិនមាន ការជួបជុំ​នៃ​យុវជន យុវនារី ច្រើន​កុះករ​ឡើយ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី២៥ធ្នូ​ម្សិលមិញ​នេះ យុវជន និង​យុវនារី​នៃ​ខេត្តកំពង់ធំ​បានមក​ជួបជុំគ្នា​នៅ​មី​នី​ម៉ា​ត ឌី អ ដើម្បី​អបអរ​ថ្ងៃបុណ្យ​ណូអែល។ ឌី អ ម៉ា​ត មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​នឹង​រូបសំណាក​ដំរី​ជាន់ខ្លា បានរៀបចំ​កម្មវិធី​បុណ្យ​ណូអែល
ឡើង តាម​ការស្នើសុំ​ពី​យុវវ័យ​មួយចំនួនធំ ដែលជា​អតិថិជន​នៃ​ផ្សារ​ទំនើប​ខ្នាតតូច​មួយ​នេះ។ នៅក្នុង​កម្មវិធី​នោះដែរ គេ​មាន​រៀបចំ​ឱ្យ​ក្មេង​លេង​ដូរ​កាដូ​គ្នា ដែល​បង្កើតបាន​នូវ​បរិយាកាសសប្បាយរីករាយ​ចំពោះ​អ្នកចូលរួម​ប្រមាណ​ជា១០០នាក់​ជាង។ ក្រៅពីនេះ ក៏មាន​រៀបចំ​ឱ្យមានកម្មវិធី​ប្រឡង​ចម្រៀង​ផងដែរ ដែល​រឹតតែ​បន្ថែម​នូវ​ភាព​ទាក់ទាញ ឱ្យមាន​ការចូលរួម​កា​ន់​តែ​ច្រើន​ថែមទៀត។

លោក រស់ ហាក់​ឡេង ជា​កូនប្រុស​ម្ចាស់ ឌី អ ម៉ា​ត និង​ជា​អ្នករៀបចំ​កម្មវិធី បាន​ប្រាប់ថា ឌី អ ម៉ា​ត មិនដែល​រៀបចំ​កម្មវិធី​ដូចនេះ​ពីមុនមក​ទេ។ ហើយ​លោក​ថា ការរៀបចំ​នេះ​ពិធី​បានទទួល​ការចួលរួម​ច្រើន​ហួសការ​រំពឹងទុក។ លោក ហាក់​ឡេង បាន​រៀបរាប់​យ៉ាង​ដូច្នេះ៖ ខ្ញុំ​គិតថា វា​នឹង​មិនមាន​មនុស្ស​ច្រើន​អ៊ីចឹង​ទេ។ យើង​គ្រាន់តែ​រៀបចំ​ពិធី​តាម​សំណូមពរ​របស់​អតិថិជន​មួយចំនួន​ដែល​ចង់​ជួបជុំគ្នា​តែប៉ុណ្ណោះ។ ការរៀបចំ​ជួបជុំ​ពិធី​ណូអែល​ឆ្នាំនេះ បានធ្វើអោយ​ខ្ញុំ​មានគំនិត​សម្រាប់​ត្រៀម​រៀបចំ​នៅ​ឆ្នាំក្រោយ​ឲ្យ​ល្អប្រសើរ​ជាង​នេះ»។

យុវតី បូ ឆ​យី អាយុ១៦ឆ្នាំ ដែល​បាន​មកលេង​ដូរ​កាដូ​នៅ​ឌី​អ​ម៉ា​ត​ដែរនោះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា កញ្ញា​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ដែល​បាន​មកលេង​ដូរ​កាដូ​ជាមួយ​មិត្តភក្តិ​ជាច្រើន។ កញ្ញា ឆ​យី រៀបរាប់​ប្រាប់​អំពី​ការ​ការលេង​ដូរ​កាដូ​នៅក្នុង​ពិធី​ដ៏​អ៊ូអរ​នោះ​យ៉ាង​ដូច្នេះ៖«ការលេង​កាដូ​នេះ គឺ​គេ​តម្រូវឱ្យ​យើង​ទិញ​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗអស់​ត្រឹម១០០០០រៀល ហើយ​យក​កាដូ​នោះ​ឱ្យទៅ​អ្នករៀបចំ​កម្មវិធី បន្ទាប់មក​គេ​ឱ្យ​យើង​ឡើង​ចាប់ឆ្នោត​ដើម្បី​បាន​កាដូ​ថ្មី​មួយមកវិញ។ នេះ​ពិតជា​បង្កើតបាន​នូវ​ភាពសប្បាយ​រីករាយ​មែន»។

ចំណែក យុវជន ឆន ឈុន​ឡៃ​ហៀ​ង អាយុ១៥ឆ្នាំ ក៏​បានមក​ចូលរួម​បុណ្យ​ណូអែល​នេះដែរតែ​បេក្ខជន​ប្រឡង​ចម្រៀង​បានបង្ហាញ​ពី​ចំណាប់​អា​ម្មណ៍​ខ្លួនឯង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​មិន​ត្រឹមតែសប្បាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​រំភើប​ផងដែរ ដោយ​ឃើញ​មាន​យុវវ័យ​ជាច្រើន​មក​ចូលរួម​នៅទីនេះ។ការបង្កើត​ការប្រឡង​ប្រឡង​ចម្រៀង​នេះ​ឡើង គឺ​ពិតជា​ល្អ ព្រោះ​អាច​ជ្រើសរើស​បាន​អ្នកមានសមត្ថភាព ហើយ​ការដាក់​ពិន្ទុ គឺ​អាស្រ័យ​នឹង​សំឡេង​ហូរ​របស់​អ្នកចូលរួម​គាំទ្រ»។ ឡៃ​ហៀ​ង ចង់ឱ្យមាន​ការរៀបចំ​កម្មវិធី​ដដែល​នេះ​នៅ​ឆ្នាំក្រោយ​ទៀត ហើយ​ឲ្យ​អឺងកង​ជាង​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com