អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រី​ពុករលួយ​ជិត៣០នាក់​ត្រូវ​ចាប់ខ្លួន​នៅ​អ៊ីស្រាអែល
26, Dec 2014 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​អ៊ីស្រាអែល​បានចាប់ផ្តើម​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ ដោយ​ចាប់ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​កាលពី​ថ្មី​នេះ។បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​មន្ត្រី​ប៉ូលីស មន្ត្រី​ពុករលួយ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​ប្រហែល២០នាក់​ហើយ​ពួកគេ​ជាម​ន្ត្រី​កំពុង​បំពេញការងារ​និង​ចូលនិវត្តន៍។



លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ


រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​បាន​បើក​យុទ្ធនាការ​ស៊ើបអង្កេត ប្រឆាំង​អំពើពុករលួយ ដោយ ការចាប់ខ្លួន​មន្ត្រី​សាធារណ​ជាច្រើន​នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ។ ក្រោយ​មាន​ករណី​ចាប់ខ្លួន​នេះ អ្នកនាំពាក្យ​ប៉ូលីស​បាន​បញ្ជា​ក់ថាមក​ទល់​ពេល​បច្ចុប្បន្ននេះ​មន្ត្រី​ប្រហែល ២០នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​ក្នុងនោះ​មាន​មន្ត្រី​ដែល​កំពុង​បំពេញភារកិច្ច​និង​ខ្លះទៀត​ជា​អតីតមន្ត្រី​សាធារណ​ផងដែរ។ តាម​ទិន្នន័យ​របស់​ប៉ូលីស​អ្នក​ត្រូវ​ចាប់ខ្លួន​មាន ២៤ នាក់ ក្នុងនោះ​មាន៤ នាក់​កំពុង​ស្ថិតក្រោម​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ​នៅឡើយ។

បើតាម​ការ​អោយដឹងពី​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល មន្ត្រី​ជាច្រើន​នាក់​ដែល​រង​ការចាប់ខ្លួន​ជា​សមាជិក​គណបក្ស Yisrael Beitenu របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​លោក Avigdor Lieberman ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ច្បាស់​ទេ​ថា​ការស៊ើបអង្កេត​ករណី​ចាប់ខ្លួន​រឿង​ពុករលួយ​នេះ​ចាប់​ផ្តើមឡើង​កាល​ពេលណា​នោះឡើយ។ យុទ្ធនាការ​បោសសម្អាត​មេរោគ​សង្គម​មន្ត្រី​ពុករលួយ​នេះ​ត្រូវបាន​រៀបចំឡើង​ស្រប​ពេលដែល​ការបោះឆ្នោត​ជា​សាកល​នឹងត្រូវ​រៀបចំឡើង​ក្នុង​រយៈពេល​បី​ខែ​ខាងមុខ​ក្នុងប្រទេស​នេះ។

បើតាម​ជាក់ស្តែង​ការចាប់ខ្លួន​និង​បោសសម្អាត​មន្ត្រី​កខ្វក់​ក្នុង​ស្ថាប័ន​សាធារណ​អ៊ីស្រាអែល​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​វិធានការ​មួយ​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ ហើយ​គេ​រំពឹងថា​ការ​កម្ចាត់​មន្ត្រី​ពុករលួយ​នៅពេលនេះ​នឹង​ជួយ​អោយ​ការ​សង្គម​រីកចម្រើន​លូតលាស់​ទៅមុខ​បាន​ឆាប់រហ័ស។ យ៉ាងណាក៏ដោយ​រឿងអាស្រូវ​ទាក់ទង​នឹង​បញ្ហា​ពុករលួយ​នេះ​បានធ្វើអោយ​គណបក្ស Yisrael Beitenu ប្រឈមមុខ​នឹង​បញ្ហា​ហើយ​បញ្ហាសំខាន់​នោះ​គណបក្ស​នេះ​នឹង​បាត់បង់​សន្លឹកឆ្នោត​ច្រើន​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​នេះ។

តាមពិតទៅ​លោក​រដ្ឋមន្ត្រីការបរទេស Avigdor Lieberman ធ្លាប់មាន​រឿងអាស្រូវ​ទាក់ទិន​បញ្ហា​ប​ពុករលួយ​ម្តង​ដែរ ហើយ​លោក​បានសម្រេច​ចុះ​ចេញពី​តំណែង​កាលពី​ឆ្នាំ២០១២ ហើយ​ក្រោយមក​ឆ្នាំ២០១៣លោក​ក៏បាន​ឡើងកាន់តំណែង​ជាថ្មី​ម្តងទៀត។ ជុំវិញ​បញ្ហា​ចាប់ខ្លួន​មន្ត្រី​ពុករលួយ​គេ​មិនអាច​សុំ​ការបំភ្លឺ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​ខាងលើ​បាន​នោះឡើយ។
គួរ​បញ្ជាក់ថា​អ៊ីស្រាអែល​នឹង​រៀបចំ​ការបោះឆ្នោត​ជា​សាកល​នៅ​ខែ​មិនា​ខាងមុខនេះ ដែល​ការបោះឆ្នោត​នេះ​រៀបចំឡើង​ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកាស​រំលាយ​សភា​បន្ទាប់ពី​រដ្ឋា​ភិ​បាល​ចម្រុះ​បែកបាក់​គ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com