ជាតិ
សង្គមជាតិ
សៀមរាប​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ៥ម៉ឺន​នាក់​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល
26, Dec 2014 , 3:38 pm        
រូបភាព
សៀមរាប៖ បុណ្យចូលឆ្នាំ​សកល​ឆ្នាំ២០១៥ នឹង​ឈានចូល​មកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ​ប្រជាពលរដ្ឋ​ខ្មែរ មួយចំនួនធំ​ក៏មាន​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត រួចរាល់​ហើយ​ដែរ។ ខេត្ត​ដែលជា​គោលដៅសំខាន់ៗសម្រាប់​ពួកគេ រួមមាន​ខេត្ត​ព្រះសីហនុ កំពត កែប មណ្ឌលគិរី រតនគិរី និង​ខេត្តសៀមរាប​ជាដើម។ អាជ្ញាធរ​ខេត្តសៀមរាប​រំពឹងថា នៅ​ឆ្នាំនេះ ខ្លួន​នឹង​ទទួលបាន​ភ្ញៀវ​ទេស​មិន​ក្រោម៥ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ ឆ្លង​ឆ្នាំ ឫ​បុណ្យចូលឆ្នាំ​សកល។



លោក ប៊ុន ថា​រិ​ទ្ធ បាន​និយាយថា ទីតាំង​មួយចំនួន ត្រូវបាន​រៀបចំ ដើម្បី​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល ដែល​នឹង​ឈានចូល​មកដល់​ក្នុងពេល​ខាងមុខនេះ។ បើតាម​លោក​អភិបាលរង​ខេត្ត មានការ​ប្រគុំ​តន្ត្រី សម្តែង​សិល្បៈ​ចម្រុះ និង​ការបាញ់​កាំ​ជ្រូច​ចំនួន២កន្លែង ដើម្បី​អបអរ​ពិធីបុណ្យ ចូលឆ្នាំ​សកល ឆ្នាំ២០១៥ ។

ថ្លែងប្រាប់​គេហទំព័រ​ព័ត៌មានថ្មីៗនៅ​រសៀល​នេះ លោក ប៊ុន ថា​រិ​ទ្ធ បាន​រំលឹកថា កាលពី​ឆ្នាំ២០១៣កន្លងទៅ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​មិន​ក្រោម៤ម៉ឺន​នាក់ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល។ នៅ​ឆ្នាំ២០១៤ ទន្ទឹមនឹង​ការរៀបចំ​កម្មវិធី​សម្បូរបែប និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ លោក​អភិបាលរង​ខេត្ត រំពឹងថា ភ្ញៀវទេសចរ​នឹងមាន​ការកើនឡើង​ជាង​ឆ្នាំទៅ គឺមាន​ចំនួន​ប្រមាណ៥ម៉ឺន​នាក់។

ការ​ប្រ​មើរ​មើល​របស់​អភិបាលរង​ខេត្ត ក៏​មិនមែន​ចេះតែគិតៗនោះដែរ។ តាម​អ្វីដែល​លោក បាន​ប្រាប់ គឺមាន​ការសាកសួរ​ព័ត៌មាន​ជាច្រើន ពី​ម្ចាស់​សណ្ឋាគារ ដែល​ពួកគេ​និយាយថា មានការ​កក់​បន្ទប់ ដ៏​ច្រើន​លើសលុប​ពី​ភ្ញៀវ។ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​សណ្ឋាគារ វិច​តូ​រី​យ៉ា (Victoria Angkor Resort ) លោក សំអុល សុខុម ក៏បាន​ប្រាប់​សារព័ត៌មានថ្មីៗថា គិត​ត្រឹម​ថ្ងៃ២៦ ធ្នូ​នេះ សណ្ឋាគារ​របស់លោក នៅសល់​បន្ទប់​ចំនួន៥ប៉ុណ្ណោះ ដែល​ការ​កក់​ទាំងនោះ សុទ្ធសឹង​ជា​ភ្ញៀវ​បរទេស មាន​មកពី​សហរដ្ឋអាមេរិក អឺរ៉ុប ចិន និង​ជប៉ុន៕


© រក្សាសិទ្ធិដោយ thmeythmey.com